
ប្លង់សេសំណង់នៃអគារភូមិគ្រឹះ ១ កន្លែងបាក់សង្កត់កម្មករស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួស នាថ្ងៃទី ១០ សីហា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថត FB
ភ្នំពេញៈ សមត្ថកិច្ចមូលដ្ឋាននិយាយថា កម្មករសំណង់ ១ នាក់បានស្លាប់ និង ១ នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ប្លង់សេសំណង់ភូមិគ្រឹះ ១ កន្លែង សង្កត់លើ នាព្រឹកថ្ងៃទី ១០ ខែសីហា ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជនរងគ្រោះដែលបានស្លាប់ ក្នុងហេតុការណ៍នោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅខេត្តស្វាយរៀង បន្ទាប់ពីក្រុមសមត្ថកិច្ចនិងភាគីម្ចាស់សំណង់ បានប្រើគ្រឿងចក្រកាយចេញពីគំនរដែក និងស៊ីម៉ងត៍ និងលាងសម្អាតសាកសពរួច។ ចំណែកកម្មករម្នាក់ទៀត ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត។
ទោះយ៉ាងណា លោក ម៉េងវ៉ាង មិនបានប្រាប់ឱ្យដឹងអំពីអត្តសញ្ញាណ នៃជនរងគ្រោះនោះទេ ដោយលោកអះអាងថា៖ «នៅពេលនេះ ក្រុមការងារយើងខ្ញុំ កំពុងជាប់រវល់ នៅក្នុងការសួរនាំកម្មករ អ្នកម៉ៅការ និងម្ចាស់សំណង់ អំពីមូលហេតុ ដែលនាំឱ្យមានឧប្បទ្ទវហេតុនេះកើតឡើង»។
ចំណែកលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈការបំភ្លឺរបស់កម្មករ ដែលស្ថិតក្នុងហេតុការណ៍នោះ មុនកើតហេតុ សំណង់អគារខាងលើនេះ មានការចាក់ប្លង់សេផ្នែកខាងមុខ ដោយប្រើចន្ទល់ដែក។ បេតុងប្លង់សេនោះ បានចាក់រួចរាល់នៅវេលាម៉ោងជិត ៩ ព្រឹក ហើយនៅខណៈនោះ កម្មករម្នាក់ បានចុះមកក្រោម ដើម្បីពិនិត្យជើងចន្ទល់ រីឯកម្មករម្នាក់ទៀតបន្តវីបេតុង ដើម្បីពង្រាបឱ្យស្មើ។ កំពុងតែវីស៊ីម៉ងត៍ នៅលើប្លង់សេដែលទើបនឹងចាក់រួចនោះ ស្រាប់តែប្លង់សេនោះបានបាក់ធ្លាក់ដួលរលំចន្ទល់ដែកសង្កត់លើពួកគេ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់។
លោកបញ្ជាក់ថា៖ «នៅពេលនេះ ក្រុមការងារយើង នៅមិនទាន់មានការសន្និដ្ឋានថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ព្រោះយើងកំពុងបន្តនីតិវិធីក្នុងការស៊ើបអង្កេត»។
លោក ស បំណង អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជាទូទៅ ការបាក់ស្រុតប្លង់សេ នៃសំណង់អគារមួយ ដែលកំពុងដំណើរការសាងសង់ ភាគច្រើនគឺបណ្ដាលមកពីអ្នកម៉ៅការសាងសង់ប្រើជាងដែលគ្មានបច្ចេកទេស ឬកេងសម្ភារ ដែលធ្វើឱ្យគ្រឹះ នៃចន្ទល់ទម្រប្លង់សេទន់ជ្រាយ មិនអាចទ្រនូវទម្ងន់កំបោរបេតុងបាន។
លោកថ្លែងថា៖ «ដែកចន្ទល់ចាស់ពេក រៀបក្នុងចន្លោះធំពេក ហើយបាតខាងក្រោមមានសភាពទន់ជ្រាយ ក៏មិនអាចធន់ទ្រាំនឹងទម្ងន់ នៃកំបោរស៊ីម៉ងត៍បេតុង ដែលត្រូវចាក់នៅខាងលើនោះបានដែរ»។
បើតាមលោកបំណង កម្មករសំណង់ ឬអ្នកម៉ៅការសំណង់ រួមទាំងម្ចាស់សំណង់ ចាំបាច់ត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ដោយត្រូវមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់មុនពេលចាក់បេតុងប្លង់សេនៃអគារ៕