
កងកម្លាំងស៊ីម៉ាក់ កំពុងស្រង់គ្រាប់ចេញពីបាតទន្លេមេគង្គកាលពីខែមិថុនា ឆ្នាំ ២០២២។ រូបថត ស៊ីម៉ាក់
ភ្នំពេញៈ លោក ស ខេង រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ បានបន្តជំរុញ និងលើកទឹកចិត្ត ឱ្យក្រុមការងារអន្ដរក្រសួង ចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ចេញឱ្យអស់ ដើម្បីឱ្យប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក អាចធ្វើដំណើរប្រកបដោយសុវត្ថិភាព។
លោក ស ខេង បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេនៅទីស្ដីការក្រសួងមហាផ្ទៃនាថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២២។
ការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិច ក្នុងបាតទន្លេនេះ មានសារៈសំខាន់ណាស់ ព្រោះជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ដើម្បីឱ្យប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក អាចធ្វើដំណើរប្រកបដោយសុវត្ថិភាព។
បើតាម លោក ស ខេង ក្រុមការងារអន្ដរក្រសួង ដែលចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវមានការតាំងចិត្តខ្ពស់លើការងារទាំងនេះ ដោយមិនត្រូវទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ក្នុងបាតទន្លេទៀតឡើយ។ ចំពោះបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹង កិច្ចប្រតិបត្តិការនោះ លោក ស ខេង រួមទាំងថ្នាក់ដឹកនាំនឹងខិតខំជំរុញការដោះស្រាយដើម្បីធានាគាំទ្រដំណើរការប្រតិបត្តិការ របស់ក្រុមការងារឱ្យប្រព្រឹត្តទៅដោយរលូនផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា៖ «រាជរដ្ឋាភិបាល បានដាក់គោលដៅបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក ដែលបន្សល់ពីសម័យសង្គ្រាមឱ្យអស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសម្រួលដល់ដំណើរនាវាចរ រួមទាំងការងារផ្សេងៗទៀតពាក់ព័ន្ធនឹងទន្លេ»។
លោក នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ថ្លែងថា ក្រុមការងារអន្ដរក្រសួង បានបើកប្រតិបត្តិការរួមជាមួយ អង្គភាពរបស់ CMAC និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សហការជាមួយអាជ្ញាធរ បានដំណើរការស្រាវជ្រាវ និងកំណត់ទីតាំងនៅតំបន់នោះ ហើយបើកប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជារៀងរាល់ថ្ងៃ។
បើតាម លោក នាង ផាត គិតមកដល់ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២២ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកបានជាង១ពាន់គ្រាប់ហើយ ស្មើនឹងជាង ១៧ តោន។ ទន្ទឹមគ្នានេះ មន្រ្តីក្រុមការងារទាំងអស់បានខិតខំពុះពាររាល់ការលំបាក និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបំពេញបេសកកម្មតាមបទបញ្ជារាជរដ្ឋាភិបាល ទោះបីជាមិនទាន់មានកញ្ចប់ថវិកាដើម្បីគាំទ្រកិច្ចប្រតិបត្តិការនេះក៏ដោយ។
ពាក់ព័ន្ធនឹងការងារបច្ចេកទេសនៃកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកនេះដែរ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក CMAC ឱ្យដឹងថា ផែនការប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង មានទំហំ ២៦៨ ហិកតា ដោយក្នុងនោះ តំបន់ហានិភ័យខ្ពស់មានចំនួន ១៩៧ ហិកតា និងតំបន់ដែលមានហានិភ័យមធ្យម ៧១ ហិកតា។
លោកបញ្ជាក់ថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាភារកិច្ចយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបជាកាតព្វកិច្ចជាតិ និងអន្ដរជាតិ។ លោកបញ្ជាក់ថា៖« ការបោសសម្អាតគ្រាប់ទាំងនេះ មានប្រយោជន៍យ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចការសន្ដិសុខជាតិ និងផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងដំណើរការស្ដារការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលថ្លែងថា ក្រោយបញ្ចប់កិច្ចប្រជុំដឹកនាំ ដោយលោក ស ខេង កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ និងទទួលបានការឯកភាព ពីរាជរដ្ឋាភិបាលមក ក្រសួងរ៉ែ និងថាមពល បានខិតខំប្រឹងប្រែងអនុវត្តបានយ៉ាងយកចិត្តទុកដាក់បំផុត និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការនេះ ក្នុងនោះរួមទាំងទិដ្ឋភាពបច្ចេកទេស និងច្បាប់ក្នុងការងារបូមខ្សាច់នៅតំបន់ប្រតិបត្តិការ។ ក្រសួងរ៉ែ និងថាមពល បានសម្របសម្រួលដំណើរការបូមខ្សាច់ចេញ ក្នុងការដ្ឋានទី៥ បានប្រមាណជាង ៥ រយពាន់ ៨ ម៉ែត្រត្រីគុណ»៕