ភ្នំពេញៈ​ សាលា​ឧទ្ធរណ៍​តំបន់​ដែល​ដំណើរ​ការ​ជិត ​២ ​ឆ្នាំ​កន្លង​មក​នេះ​ ត្រូវ​បាន​មន្ត្រី​ក្រសួង​យុត្តិធម៌​និង​មន្ត្រី​ពន្ធនា​គារអះ​អាងថា​ បាន​ជួយ​ដល់​នីតិ​វិធី​តុលា​ការ​ឱ្យមាន​ភាព​លឿន​ឆាប់​រហ័ស ​និង​កាន់តែ​ខិត​ជិត​ដល់​ប្រជា​ពលរដ្ឋ ព្រមទាំង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​ ជា​ពិសេស​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធ​នា​គារ​។

ទោះ​ជា​យ៉ាង​ណា ​ស្ត្រី​ម្នាក់​ដែល​កំពុង​មាន​បណ្តឹង​នៅ​សា​លា​ឧទ្ធរណ៍​ភ្នំពេញ​មុន​ពេល​មាន​សា​លា​ឧទ្ធរណ៍​ថ្នាក់​តំបន់​កើត​ឡើង​បាន​ថ្លែង​ថា ប្រសិន​បើ​មាន​សាលា​ឧទ្ធរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ​មុន​ពេល​អ្នកស្រី​មាន​រឿងក្ដី​ក្ដាំ​នៅខេត្ត​កំពត ​ប្រហែល​ជា​គាត់​មិន​ចំណាយ​ប្រាក់​និង​ពេល​វេលា​ច្រើន​ ដើម្បី​ត​តាំង​ក្តី​ជា​មួយ​ចុង​ចោទ​នៅ​សា​លា​ឧទ្ធរណ៍​ភ្នំពេញ​ឡើយ​។

ដើម្បី​ឱ្យ​ទាន់​ពេល​វេលា​ដែល​ចៅក្រម​បើក​សវនា​ការ​ជំនុំ​ជម្រះ​នៅ​ម៉ោង​ ៨ ​ព្រឹក​ នៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ដែល​ត្រូវ​តតាំង​ជា​មួយ​នឹង​ចុង​ចោទ​នោះ ​អ្នក​ស្រី​ចាន់​ សុ​ខុន ​អាយុ​ ៤៥ ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ទទឹង ​ឃុំ ​អង្គ​សុ​ភី​ ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត​បាន​ក្រោក​តាំង​ពី​ម៉ោង ​៣ ​ទៀប​ភ្លឺ​ ជួល​រថយន្ត​ឈ្នួល​ជិះ​មក​រាជ​ធានី​ភ្នំពេញ​ដោយ​ត្រូវ​ចំណាយ​លុយ​អស់ ​១៥ ​ម៉ឺន​រៀល​ ដើម្បី​តតាំង​ក្ដីក្នុង​សំណុំ​រឿង​ក្មួយ​ប្រុស​អ្នកស្រី​ម្នាក់ ​ដែល​បាន​ស្លាប់​ដោយ​ឧបទ្ទវ​ហេតុ​បាក់​រលំ​អគារ​បាក់​សង្កត់​លើកា​លពី​ឆ្នាំ​ ២០១៩​ នៅ​ខេត្ត​ព្រះ​សីហនុ​។

អ្នក​ស្រី​ចាន់ ​សុខុន បាន​និយាយ​ថា ​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ​បេន សុ​ភ័ណ្ឌ ​អាយុ​ ១៨ ​ឆ្នាំ​ បាន​ទៅធ្វើជា​កម្មក​រសំណង់​នៅ​ខេត្ត​ព្រះ​សីហនុ​ហើយ​ត្រូវ​អគារ​កម្ពស់​ ៧ ​ជាន់រ​លំបាក់​សង្កត់​ស្លាប់​ ប៉ុន្តែ​ម្ចាស់​អគារ​ជា​ជន​ជាតិ​ចិន​CHENG KUN ភេទ​ប្រុស អាយុ ​៤២ ឆ្នាំ ​មិន​បាន​សង​សំណង​ដល់​ក្មួយ​រប​ស់គាត់​ក៏ដូចជា​ជនរង​គ្រោះ​ដទៃ​ទៀត​ទេ។

បន្ទាប់​ពី​ប្ដឹ​ងទៅ​សា​លាដំ​បូ​ង​ខេត្ត​ព្រះ​សីហនុ​ មិន​ទទួល​បាន​លទ្ធ​ផល​សម​ដូច​បំណង​អ្នកស្រី​ក៏បាន​ប្តឹង​បន្ត​មកសាលា​ឧទ្ធរណ៍​នៅរាជ​ធានី​ភ្នំពេញ ​ហើយ​នៅ​ពេល​នោះ​ប្រសិន​បើមាន​សា​លាឧ​ទ្ធរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ ​ប្រហែល​ជា​អ្នក​ស្រី​មិន​ចំណាយ​លុយ និង​ពេល​វេលា​មក​រាជ​ធានី​ភ្នំពេញ​នោះទេ​។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​ឡើង​ទៅ​តតាំង​ក្តី​នៅ​រាជធានី​ភ្នំពេញ​ ៦ ​លើក​ហើយ​ទម្រាំ​ចប់ ​ហើយ​ពេល​ខ្ញុំ​ឡើង​ទៅម្តងៗខ្ញុំ​​ចងការ​លុយ​គេ ២០​ ម៉ឺន​រៀល។ ខ្ញុំ​ត្រូវ​ជួល​រថយន្ត​ឈ្នួល​ ១៥ ​ម៉ឺន​រៀល​ ជិះ​មក​ភ្នំ​ពេញ​ដោយ​គិត​ទាំង​ហូប​ចុក​ផង​ដើម្បី​តតាំង​ក្តី​ជាមួយ​ចុង​ចោទ​ តែបើ​នៅ​ខេត្ត​ព្រះសី​ហនុ​បង្កើត​សាលា​ឧទ្ធរណ៍​គឺ​ខ្ញុំ​គ្រាន់​តែ​ជិះ​ម៉ូតូ​ពី​ខេត្ត​កំពត​ មក​ក៏​ដល់​ដែរ»។

ស្ត្រី​រូបនេះ​បន្ត​ទៀត​ថា កាលពី​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​គឺ​ចៅក្រម​បាន​តម្រូ​វឱ្យ​ជន​ជាប់​ចោទ​សង​សំណង​រដ្ឋប្ប​វេណី​ទៅ​ភាគី​ជន​រង​គ្រោះ​ទាំង​ស្លាប់​និង​របួស​ចំនួន ​៤៦ ​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៥​ ពាន់​ ទៅ ​១​ ម៉ឺន​ដុល្លារ​អា​មេរិក​។

តែ​ដោយ​ភាគី​អ្នក​ស្រី​មិន​ព្រម​ទទួល​យក​ ទើប​ប្តឹង​មក​សា​លា​ឧទ្ធរណ៍​ភ្នំពេញ​បន្ត​ទៀត​។

ក្រសួង​យុត្តិ​ធម៌​បើក​ឱ្យមាន​សាលាឧ​ទ្ធរណ៍​តំបន់​ចំនួន​៣​នៅ​ខេត្ត​ព្រះ​សីហនុ ខេត្តបាត់​ដំបង និង​ខេត្ត​ត្បូងឃ្មុំ​ កាល​ពី​ខែមេសា ​ឆ្នាំ​ ២០២០​។

ចំពោះ​សាលា​ឧទ្ធរណ៍​តំបន់​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហនុ​ គឺ​សំណុំ​រឿង​ដែល​កើត​នៅ​ខេត្តកំពត ​ខេត្ត​កោះ​កុង និង​ខេត្ត​កែប ដែល​ភាគី​ទំនាស់​មិន​សុខ​ចិត្ត ត្រូវ​ប្តឹង​ឧទ្ធរ​ណ៍​នៅ​ខេត្ត​ព្រះ​សី​ហនុ។ រីឯ​នៅ​ខេត្ដ​ពោធិ៍​សាត់ ខេត្ដ​ប៉ៃលិន ខេត្ដ​បន្ទាយ​មាន​ជ័យ ខេត្ដ​ឧត្ដរ​មានជ័​យ និង​ខេត្ដ​សៀម​រាប​ ត្រូវ​ប្តឹង​ឧទ្ធរណ៍​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់​ដំបង​ ខណៈ​ខេត្ត​កំពង់​ចាម កំពង់​ធំ​ ព្រះ​វិហារ ​ក្រចេះ ​ស្ទឹង​ត្រែង ​រតន​គិរី និង​ខេត្ដ​មណ្ឌល​គិរី ត្រូវ​ប្តឹង​ឧទ្ធរណ៍​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

លោក​ ជិន ម៉ា​លិ​ន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការ​បង្កើត​ឱ្យមាន​សាលាឧ​ទ្ធរណ៍​តំបន់​នេះ​ គឺ​ដើម្បី​ធ្វើឱ្យ​សេវា​យុត្តិធម៌​កាន់​តែ​ប្រសើរ​និង​ខិត​កាន់​តែ​ជិត​ដល់​ប្រជា​ពលរដ្ឋ។​ កាល​ពីមុន​មាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ​តែ​មួយ​ដែល​ប្រជា​ពលរដ្ឋ​គ្រប់​ទិស​ទី​ត្រូវធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​ ដែល​ធ្វើឱ្យ​ពួក​គាត់​ខាត​បង់​ទាំង​ពេល​វេលា​ទាំង​ថវិកា​ ដើម្បី​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ។ ​ម្យ៉ាង​ទៀត​ដោយ​សារ​តែ​គាត់​គិត​ថា​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ​គាត់​សម្រេច​ចិត្ត​មិន​តតាំង​ក្តី​ដែល​វា​ធ្វើឱ្យប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិ​ធម៌ និង​សិទ្ធិ​ការពារ​ខ្លួន​ទៅ​តាម​ផ្លូវ​ច្បាប់​របស់​ពួក​គាត់​ទៀត​ផង​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​អាហ្នឹង​វា​ជួយ​សម្រួល​សេវា​គឺថា​ឱ្យមាន​ភាព​លឿន​ឆាប់​រហ័ស ​និង​ទៅជិត​ប្រជា​ពលរដ្ឋ​ ហើយ​វា​ចូលរួម​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង។ បើ​កាល​ណា​មាន​សាលា​ឧទ្ធរណ៍​តែមួយ​ហើយ​គ្រប់​សំណុំរឿង​នៅ​សា​លាដំ​បូង​ទាំង​អស់​បុក​មក​សា​លា​ឧទ្ធរណ៍​ភ្នំពេញ​តែមួយ ​វា​អាច​មាន​ការកក​ស្ទះ​សំណុំ​រឿង។ អ៊ីចឹង​ការបង្កើត​សាលា​ឧទ្ធរណ៍​តំបន់​នេះ​វា​ជួយ​កាត់​បន្ថយ​នូវ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ វា​ជួយ​សម្រួល​ក្នុង​ពន្ធនា​គារ។បើកាល​ណា​សំណុំរឿ​ង​បាន​លឿន​បញ្ចប់​បាន​ឆាប់​រហ័ស​គឺ​វា​ជួយ​សម្រាល​ប​ន្ទុក​ក្នុង​ពន្ធ​នាគារ​»។

បើតាម​លោក ម៉ា​លិ​ន ករណី​នេះ​ខាង​ពន្ធនា​គារ​ក៏មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ដែរ​ក្នុង​ការ​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​មក​កាន់​សវនា​ការ​នៅ​សាលា​ឧទ្ធរណ៍​តំបន់​ដែល​ពីមុន​សាលា​ឧទ្ធរណ៍​មាន​តែ​មួយ​នៅ​រាជធា​នី​ភ្នំពេញ។ ជួន​កាល​ការដឹ​ក​ជ​ញ្ជូន​មាន​ការ​លំបាក​ព្រោះ​ផ្លូវ​ឆ្ងាយ។​ ដូច្នេះ​ការ​បង្កើត​សាលា​ឧទ្ធរណ៍​តំបន់​នេះ​ឡើង​បាន​ជួយ​សម្រួល​បាន​ច្រើន​ទាំង​ការ​ងារ​ពន្ធនា​គារ​ទាំង​ការកក​ស្ទះ​សំណុំ​រឿង​ និង​ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនា​គារ​ ទាំង​ការ​បង្កើន​ប្រសិទ្ធ​ភាព​គុណ​ភាព​នៃ​សេវា​យុត្តិ​ធម៌​មាន​ភាព​ប្រសើរ​ឡើង​និង​ជិត​ប្រជា​ពលរដ្ឋ​។

ស្រដៀង​គ្នានេះ​ដែរ ​​លោក នុត សវ​នា អ្នក​នាំ​ពាក្យ​ពន្ធនា​គារ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​ថា សាលា​ឧទ្ធរណ៍​តំបន់​នេះ​បាន​ជួយ​ច្រើន​ក្នុង​ការ​សម្រួល​បន្ទុក​ដ​ល់​អង្គ​ភាព​ពន្ធនា​គារ​រាជ​ធានី-ខេត្ត​ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ដែល​មាន​ជន​ជាប់​ឃុំ​​ជាប់​បណ្តឹងឧ​ទ្ធរណ៍​ហើយ ​ត្រូវ​បញ្ជូន​ឡើង​សវនាកា​រ។ លោក​ថា​ មុន​នឹងមាន​សាលា​ឧទ្ធរណ៍​តាម​តំបន់​នេះ ​គឺ​ជន​ជាប់​ឃុំ​ភាគ​ច្រើន​ត្រូវ​បញ្ជូន​ពី​ខេត្ត​មក​ផ្ញើ​នៅ​ពន្ធនា​គារ​រាជ​ធានី​ភ្នំពេញ និ​ង​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស​ ដើម្បី​ឱ្យ​ទាន់​ពេល​ឡើង​សវនា​ការ​កុំឱ្យ​ខកខា​ន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ។

លោក​បន្តថា តាម​រយៈ​ការផ្ញើ​អ្នក​ជាប់​ឃុំ​នេះ​ហើយ​បាន​ធ្វើឱ្យ​ពន្ធនា​គារ​នៅ​រាជធានី​ភ្នំពេញ ​មាន​ភាព​ចង្អៀត​ណែន​ដែល​ពិ​បាក​ដល់​មន្ត្រី​ពន្ធនា​គារ​នៅ​រាជធានី​ភ្នំពេញ​។ បញ្ហា​មួយ​ទៀត​បើ​នៅ​ខេត្ត​ឆ្ងាយៗ​គឺ​ខាង​មន្ត្រី​ពន្ធនា​គារ​ត្រូវ​ដឹក​ជន​ជាប់ឃុំ​មក​រាជ​ធានី​ភ្នំពេញ។ ករណីនេះ ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន​ រាប់​តាំងពី​ការ​ធ្វើដំណើរ​មក​ពេល​យប់​ត្រូវ​ចំណាយ​លើ​ការ​ដឹកជញ្ជូន ​និង​ត្រូវ​ចំណាយ​កម្លាំង​ការពារ​ជន​ជាប់ឃុំ​ក៏ដូច​ជា​ការ​ប្រឈម​ទៅ​នឹង​បញ្ហាផ្សេ​ងៗនៅ​តាម​ផ្លូវ។

លោក​ថ្លែង​ថា៖ «ពេល​ឥឡូវ​នេះ​យើង​មាន​សាលា​ឧទ្ធរណ៍​នៅតា​ម​តំបន់​អ៊ីចឹង​ជួយ​សម្រាល​បន្ទុក​ច្រើន​ដល់​ពន្ធនា​គារ​ខេត្ត​ដែល​នៅ​ឆ្ងាយ។ ឥឡូវ​នេះ​ជន​ជាប់​ឃុំ​គាត់​លែង​លំបាក​ធ្វើដំ​ណើរ​ឆ្ងាយៗដូច​មុន និង​លែង​ផ្ញើ​អ្នក​ទោស​អី​នៅតាម​ពន្ធនា​គារ​នៅ​រាជ​ធានី​ភ្នំពេញ​ទៀត។ ម្យ៉ាង​សំណុំ​រឿង​ក៏បាន​ជួយ​ចែករំ​លែក​ទៅតាម​តំបន់​អ៊ីចឹង​ទៅ​វា​ក៏​ធ្វើឱ្យ​កិច្ចការ​តុលា​ការ​មាន​ភាព​រលូន​ជាង​មុន​ដែល​ដោះ​ស្រាយ​រឿងក្តី​បាន​ឆាប់​ហើយ​ដំណើរការ​នីតិវិធី​តុលា​ការ​បាន​ឆាប់​ធ្វើឱ្យ​ការ​ព​ន្លឿ​ន​សំណុំ​រឿង​វា​មាន​ប្រសិទ្ធ​ភាព»​។

លោក​បាន​បញ្ជាក់​ថា៖ «អ៊ីចឹង​ដល់​ពេល​កាត់ក្តី​កាន់តែ​លឿន​ទៅ​វា​លែង​កក​ស្ទះ​តែ​កក​ស្ទះ​សំណុំ​រឿង​វា​បង្កឱ្យ​មាន​ភាពបាត់​ម្ចាស់​កា​រ​និង​ភាព​រញ៉េ​រញ៉ៃ​ក្នុង​ការ​ធ្វើឯក​សារ ​និង​ការរៀប​ចំ​កម្ម​វិធី​កោះ​ហៅ​ជន​ជាប់​ចោទ។ អាហ្នឹង​ការ​ដំណើរ​ការ​នីតិវិធី​របស់​តុលា​ការ​ក៏​មិន​ស្រួល​ដែរ​ ប្រសិន​បើ​មានការ​កកស្ទះ​សំណុំ​រឿង​ខ្លះ​រហូត​ដល់​មាន​ការ​ឃុំខ្លួន​ជន​ជាប់​ចោទ​ហួស​ថិរវេលា​ក៏មាន​ដែរ។ ខុស​នីតិ​វិធី​លើស​នីតិ​វិធី​ដែល​មាន​ចែង​ក្នុង​ក្រម​នីតិ​វិធី​ ប្រ​សិន​បើ​សំណុំ​រឿង​វា​កក​ស្ទះ​ខ្លាំង»។

លោក​ឱ្យដឹង​ថា​ ការ​បង្កើត​សាលា​ឧទ្ធរណ៍​តំបន់​នេះបាន​ជួយ​ច្រើន​ដល់​មន្ត្រី​ពន្ធនា​គារ​ដែលជា​អ្នក​ទទួល​សំណុំ​រឿង​ដោយការ​ងារ​មិន​សូវ​ជាគរ​ច្រើន​​ធ្វើឱ្យ​គាត់​ងាយ​ស្រួល​រៀប​ចំ​ឯក​សារ​ជាង​មុន។ ភាព​ធូរ​ស្រាល​នៃ​កិច្ចការ​នេះ​លោក​គិត​ថា ជួយ​បាន​ច្រើន​ណាស់​ហើយ​បើ​ដំណើរ​យុត្តិ​ធម៌​វារ​លូន​ទៅ​ ទាំង​ការងារ​ប្រតិ​បត្តិ​ ទាំង​ការងារ​រដ្ឋបាល​ សំណុំ​រឿង​អីហ្នឹង​ គឺ​យើង​មាន​ទំនាក់​ទំនង​រលូន​ជាង​មុន​ជា​មួយ​នឹង​ស្ថា​ប័ន​តុលា​ការ។ រីឯ​ខាង​នគរ​បាល​ទៀត​ក៏មាន​ទំនាក់​ទំនង​ល្អ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ការ​ពារ​ក៏ដូច​ជា​ដំណើរ​ការ​បញ្ជូន​ជន​ជាប់​ឃុំ​ឡើង​តុលា​ការ​ គឺ​បាន​ជួយ​ច្រើន​មែន​ទែន​។

លោក​ថា បើ​ជន​ជាប់​ឃុំ​មកពី​ខេត្ត​ទូទាំង​ប្រទេស​មក​ប្រមូល​ផ្តុំគ្នា​តែ ​១​ កន្លែង​ គឺ​ជួន​កាល​ចៅក្រម​លោក​កាត់​ក្តី​មិន​ទាន់​ពន្យារ​ពេល​ហើយ​ដឹក​ទៅ​ដឹក​មក​ខក​ជើង​គឺ​វេទនា​ណាស់។​

លោក​ស្រី ​ទៀង សំបូរ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់​ដំបង​បាន​ឱ្យ ​ភ្នំពេញ​ ប៉ុស្តិ៍ ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​នៅ​សាលា​ឧទ្ធរណ៍​បាត់​ដំបង​គឺ​មិន​មាន​ការរាំង​ស្ទះ​សំណុំ​រឿង​អី​ទេ​ ព្រោះ​កម្មវិធី​ដែល​ត្រូវ​ជំនុំ​ជម្រះ​គឺ​បាន​រៀបចំ​ដាក់​ជម្រះ​ជា​បន្ត​បន្ទាប់​ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ប៉ុន្តែ​មាន​ករណី​លើកលែង​ខ្លះ​ដូចជា​ការ​បញ្ជូន​ជន​ជាប់​ឃុំ​មិន​ទាន់​មកដល់​ក៏ត្រូវ​មាន​លើក​ពេល​សវនា​ការ​ខ្លះ​ដែរ។

លោកស្រី​​ថ្លែង​ថា៖ «យើង​មិន​បានឮ​ផ្ទាល់​ថា​មាន​ប្រជា​ពលរដ្ឋ​គាត់​ត្រេកអរ​ដែល​មិនត្រូវ​ចំណាយពេ​ល​វេលា​ម​ក​សាលាឧទ្ធរ​ណ៍​ភ្នំពេញ​អី​ទេ​ តែ​តាម​រយៈ​មេធាវី​ឬក៏​កូនក្តី​មួយ​ចំនួន​ថា ពួក​គាត់​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ច្រើន​ គាត់​មិន​ពិបាក​ធ្វើ​ដំណើរ​អស់​សោ​ហុយ​ច្រើន​អ៊ីចឹង​ទៅ»។

លោក​ ស៊ឹង សែន​ករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ចំពោះ​ការ​លើក​ឡើង​ពី​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ក៏ដូច​ជា​ខាង​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គា​រជុំវិ​ញស្មារតី​នៃ​ការបង្កើត​សាលា​ឧទ្ធរណ៍​តំបន់​នេះ​គឺ​ពិត​ជា​មិន​ខុស​ទេ​ គឺ​ចង់​ឱ្យ​សាលា​ឧទ្ធរណ៍​ខិត​ជិត​ដល់​ប្រជា​ពលរដ្ឋ ​ចំណេញ​ពេលវេលា​រួម​នឹង​ការចំ​ណាយ​ថវិកា​តិចនិង​បន្ធូ​របន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​។ ក៏ប៉ុន្តែ​បើ​ឱ្យដឹង​ចំនួន​ជាក់លាក់​ថា ​តើ​ការ​កាត់​បន្ថយ​​ភាព​កកស្ទះ​សំណុំ​រឿងពិតជា​ធ្វើ​ក្នុង​កម្រិត​ណា​នោះ​ក៏​លោក​ពិបាក​​វាយ​តម្លៃ​ដែរ ព្រោះ​សំណុំ​រឿង​ដែល​ប្រជា​ពល​រដ្ឋ​ពឹង​ពាក់​មក​សមា​គម​នៅ​មាន​កម្រិត ​។

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ការដាក់​ឱ្យ​យើង​សន្និដ្ឋាន​ថា​មាន​ភាព​បន្ធូរ​បន្ថយ ​ភាព​កកស្ទះ​សំណុំ​រឿង​ប៉ុន្មាន​អី​ប៉ុន្មាន​ហ្នឹង​យើង​មិន​អាច​លើក​ឡើង​បានទេ។ ថ្វីដ្បិត​តែ​មាន​សាលា​ឧទ្ធរណ៍​ច្រើន​មែន​តែបើ​សមាគម​អា​ហុក​យើង​បាន​ដឹង​ទាក់​ទង​នឹង​សំណុំរឿង​ដែល​ខាង​មេធាវី​យើង​ការពារ​អី​ជា​ដើម​ហ្នឹង​...ហាក់​មិន​ទាន់​ផ្តល់​នូវ​ភាព​យុ​ត្តិ​ធម៌​ពេញ​លេញ​ដល់​សកម្ម​ជន​សង្គម សកម្ម​ជន​បរិ​ស្ថាន សកម្ម​ជន​ដីធ្លី​ឬក៏​សកម្ម​ជន​នយោ​បាយ​អីហ្នឹង ​យើង​ឃើញ​ថា​ មិនទាន់​មាន​ការ​សម្រេច​ណា​មួយ​ដែល​ផ្ទុយ​អំពី​សាលា​ដំបូង​ហ្នឹង​ច្រើន​ទេ។...អាហ្នឹង​គឺជា​អ្វីដែល​យើង​បាន​កត់​សម្គាល់»​។

បើតាម​លោក ​ករុណា ​ចំពោះ​រឿង​ថា​បន្ធូរ​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ​ក៏​អ៊ី​ចឹង​ដែរ ​គឺ​សមា​គម​អាដ​ហុក​មិន​មាន​ទិន្នន័យ​ណា​មួយ​ទៅ​វាស់​វែង​ឱ្យជាក់​លាក់​បាន​ទេ​។ ពីព្រោះ​មាន​សាលា​ឧទ្ធរណ៍​ច្រើន​មែន ​ប៉ុន្តែ​ការ​សម្រេច​ហាក់​ដូច​ជា​ភាគ​ច្រើន​តម្កល់​តាម​សាល​ក្រម​សាលា​ដំបូង​ដែល​មាន​ន័យ​ថា ​បើ​អ្នក​ជាប់ឃុំ​នៅតែ​ជាប់ឃុំ​គឺដូច​មិនទាន់​សម្រួល​ដល់ភាព​ចង្អៀត​ក្នុង​ពន្ធ​នាគារ​បាន​ច្រើន​​ទេ៕