
រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងកិច្ចប្រជុំពីថ្ងៃទី ៣ សីហា។ ហុង មិនា
ភ្នំពេញៈ ប្រមុខការទូតកម្ពុជាអះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីការរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានដោះស្រាយបញ្ហាដែលកំពុងមានកម្ដៅ និងបញ្ហាប្រឈមធំៗជាច្រើនពេលបច្ចុប្បន្ន អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ ទោះបីក្នុងដំណាក់កាលចលាចលនៅក្នុងតំបន់ និងសកលលោកក៏ដោយ។
រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ថ្លែងថា បម្រែបម្រួលយ៉ាងឆាប់រហ័សនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយសកលលោកបានបង្កជាបញ្ហាប្រឈមយ៉ាងធំធេងសម្រាប់អាស៊ាន។ អស់រយៈកាល ៥៥ ឆ្នាំកន្លងមកនេះបញ្ហាប្រឈមនានា នៅតែកើតមាន ហើយនេះជាការសាកល្បងនូវព្រំដែនកំណត់របស់អាស៊ាន ដែលបញ្ហាទាំងនោះរួមបញ្ចូលទាំងបញ្ហាសុខាភិបាល សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
ក្នុងសារលិខិតអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ដែលបានផ្សព្វផ្សាយនាថ្ងៃទី ៩ ខែសីហា លោកថ្លែងថា កន្លងមក អាស៊ាន ពុំដែលជួបប្រទះនឹងបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកជាច្រើនក្នុងពេលតែមួយដូចក្នុងឆ្នាំនេះទេ។ ឆ្លងកាត់ដំណាក់កាលលំបាកទាំងនេះ អាស៊ានពុំបានខកខានក្នុងការបង្ហាញនូវភាពធន់របស់ខ្លួន តាមរយៈការដោះស្រាយនូវបញ្ហាប្រឈមទាំងនេះម្តងមួយៗ តាមវិធីសាស្ត្រផ្សេងៗ ជាពិសេសគឺមាគ៌ាអាស៊ាន។
កាលពីសប្តាហ៍មុន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ។
លោក ប្រាក់ សុខុន ថ្លែងថា៖ «យើងបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យយ៉ាងធំធេង ដោយបានដោះស្រាយបញ្ហា ដែលកំពុងមានកម្ដៅ សម្ពាធនានាដែលពុំដែលធ្លាប់ជួបប្រទះកន្លងមក និងបញ្ហាប្រឈមធំៗជាច្រើននាពេលបច្ចុប្បន្ន»។
លោកបន្តថា៖ «យើងនៅបន្តផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងសហគមន៍អាស៊ាន។ យើងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅហើយយើងបានបង្ហាញយ៉ាងច្បាស់ថា អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ និងលេចខ្ពស់ត្រដែតនៅក្នុងដំណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសកលលោក»។
ប្រមុខការទូតរូបនេះលើកឡើងថា ខណៈពេលដែលអាស៊ានកំពុងលើកជ្រោងនូវស្មារតីរបស់របស់ខ្លួន «ការរួបរួមគ្នាទាំងអស់គ្នា» ដើម្បីប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅរបស់អង្គការតំបន់មួយនេះ ក្នុងការកសាងនូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ «ដ៏រឹងមាំ»។
លោកមានជំនឿជឿជាក់ថា អាស៊ាននឹងអាចបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់ ក្រោមស្មារតីស្នូលរបស់អាស៊ាន «ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។ លោក សុខុន បន្ថែមថា បច្ចុប្បន្នអាស៊ានជាតំបន់មួយដែលប្រកបដោយវិបុលភាព ដែលបានប្រែក្លាយការសង្ស័យ និងភាពអមិត្ត និងការប្រឈមមុខដាក់គ្នាទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងរយៈកាលជាច្រើនទសវត្សរ៍នៃសន្តិភាព និងស្ថិរភាពអាស៊ានទទួលបាននូវវិបុលភាពលើសពីការរំពឹងទុកជាមួយនឹងកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍខ្ពស់ ព្រមទាំងការកែលម្អជាបន្តបន្ទាប់នៃសុខុមាលភាពប្រជាជន។
លោកបញ្ជាក់ថា ទន្ទឹមនឹងនេះ ការវិវត្តនៃពេលវេលាពហុភាគីនិយមក្នុងតំបន់អាស៊ានកាន់តែមានភាពចាស់ទុំ។ តួនាទីរបស់អាស៊ាននៅក្នុងក្របខ័ណ្ឌពហុភាគីសកលកំពុងទទួលបានការគោរព និងការទទួលស្គាល់យ៉ាងទូលំទូលាយ។ អាស៊ានបានបោះជំហានឈានទៅពង្រឹង និងពង្រីកនូវទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូខាងក្រៅក្នុងស្មារតីនៃផលប្រយោជន៍រួមការគោរពគ្នាទៅវិញទៅមក និងសមភាព។ បច្ចុប្បន្នអាស៊ានមានប្រទេសចំនួន ៤៩ ជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) បន្ទាប់ពីប្រទេសចំនួន ៦ រួមមានប្រទេសដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាចូលជាសមាជិកនៃ TAC នេះនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ក្នុងអំឡុងកិច្ចប្រជុំ AMM ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោក ប្រាក់ សុខុន បន្តថា៖ «ទំនាក់ទំនងរបស់យើងជាមួយនឹងដៃគូខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ និងបានពង្រីកវិសាលភាពដល់ទ្វីបជាច្រើន ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីការកើនឡើងឥតឈប់ឈរនៃការរួមចំណែក និងសារៈសំខាន់របស់អាស៊ាននៅក្នុងតំបន់ និងកិច្ចការសកលលោក»។
គួររំឭកថា ខណៈមានភាពតានតឹងកើតមានឡើង ដោយសារលោកស្រី Nancy Pelosi ប្រធានសភាអាមេរិកបានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីដើមខែសីហា រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងអំឡុងពេលនោះបានស្នើឱ្យភាគីទាំងអស់បញ្ចៀសការបង្កហេតុ ឬក៏ការប្រព្រឹត្តសកម្មភាពណាមួយ ដែលបង្កើនភាពតានតឹងនេះហើយព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបន្ធូរបន្ថយតានតឹងនេះ។ កម្ពុជានៅពេលនោះក៏បានបង្ហាញជំហរមិនចង់ឃើញការកើនឡើងនៃភាពតានតឹងនៅកោះតៃវ៉ាន់នោះដែរ ហើយចង់ឱ្យភាគីជម្លោះ ឬភាគីពាក់ព័ន្ធទាំងអស់ ជជែកគ្នាស្វែងរកដំណោះស្រាយបន្ថយភាពតានតឹងហើយចាប់ផ្ដើមជជែកគ្នា។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា បើទោះបីជាមានភាពតានតឹងនៅក្នុងកិច្ចពិភាក្សាពីបញ្ហានៅក្នុងតំបន់ ក៏ដូចជាការប្រឈមមុខដាក់គ្នារវាងមហាអំណាចធំៗនៅក្នុងកិច្ចប្រជុំអាស៊ានលើកទី ៥៥ នេះក៏ដោយ ក៏កម្ពុជានៅតែរក្សាជំហរអព្យាក្រឹត និងកិច្ចសហប្រតិបត្តិការល្អជានិច្ចបូករួមជាមួយនឹងការប្តេជ្ញាចិត្តរបស់សមាជិកអាស៊ានដទៃក្នុងការធ្វើយ៉ាងណាជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធី និងអាស្រ័យច្បាប់អន្តរជាតិតាមរយៈស្មារតីពហុភាគីនិយម។
លោកថ្លែងថា៖ «ភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំអាស៊ានលើកនេះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់កម្ពុជាក្នុងការបំពេញតួនាទីរបស់ខ្លួនជាសមាជិកក៏ដូចជាប្រធានអាស៊ាននៅឆ្នាំនេះក្នុងការលើកកម្ពស់សន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់»៕