ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជិត​ ១០ រួមគ្នា​រៀបចំ​វេទិកា​យុវជន​ថ្នាក់ជាតិ ឆ្នាំ​ ២០២២ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​យុវជន បន្ទាប់ពី​ការស្រាវជ្រាវ​មួយ​ចំនួន​រកឃើញ​ថា ចំណេះដឹង ការចាប់​អារម្មណ៍ និង​ការចូលរួម​របស់​យុវជន​ទាក់ទង​នឹង​កិច្ចការ​សង្គម និង​នយោបាយ​នៅ​មាន​កម្រិត​។

វេទិកា​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​ ១០ សីហា ក្រោម​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អង្គការ​តម្លាភាព​អន្តរជាតិ ​(TI) ទីភ្នាក់ងារ សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអ៊ែត​ (Sida) សហភាព​អឺរ៉ុប​ (EU) និង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ (USAID) ដោយមាន​អ្នកចូលរួម​ជាង​ ១០០ ​នាក់ ដែលជា​តំណាង​អង្គការ​សង្គម​ស៊ីវិល ក្រសួង​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ និង​ក្រុមយុវជន​។

បើតាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​ទាំងនោះ វេទិកា​យុវជន​នេះ​បាន​ប្រមូលផ្តុំ​ក្រុមយុវជន ភ្ញៀវកិត្តិយស វាគ្មិន និង​តំណាង​ពី​រដ្ឋាភិបាល សង្គម​ស៊ីវិល គ្រឹះស្ថាន​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ក្នុង​គោលបំណង​បង្ហាញ និង​លើកកម្ពស់​ការចូលរួម​របស់​យុវជន​ក្នុង​កិច្ចការ​អភិបាលកិច្ច និង​ការអភិវឌ្ឍ​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​កម្មវិធី​ដែលមាន​រយៈពេល​ពេញ​ ១​ ថ្ងៃ និង​មាន​សកម្មភាព​ជាច្រើន​នេះ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការតាំង​បង្ហាញ​គម្រោង​យុវជន​ឆ្នើម​ចំនួន​ ៩ ដែល​ផ្តោតលើ​ការអប់រំ និង​ជំនាញ យេនឌ័រ សុខភាព បរិស្ថាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សហគមន៍​»​។

ថ្លែង​ក្នុង​កម្មវិធី​នេះ លោកស្រី​ អេង ចាន់ឌី នាយិកា​ប្រតិបត្តិ​អង្គការ GADC និង​ជា​តំណាង​គណៈកម្មការ រៀបចំ​វេទិកា​យុវជន និយាយ​ថា វេទិកា​យុវជន​នេះ​បានផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​ជា​យុវជន​បង្ហាញ​ពី​ការងារ​របស់​ពួកគេ​ទាក់ទង​គ្នា ផ្លាស់ប្តូរ​ចំណេះ​ដឹង បទពិសោធ និង​ទស្សនៈ​ទាក់ទង​នឹង​បញ្ហា​សង្គម និង​នយោបាយ​ក្នុង​ចំណោម​ពួកគេ​។ កម្មវិធី​នេះ​ក៏​ជា​វេទិកា​ សម្រាប់​យុវជន​តស៊ូ​មតិ ជជែក​ពិភាក្សា​លើ​គោលនយោបាយ​។

តាម​ជំរឿន​ឆ្នាំ​ ២០១៩ របស់​រដ្ឋាភិបាល ប្រជាជន​អាយុ​ក្រោម​ ៣០ ​ឆ្នាំ​មាន​ប្រមាណ​ ២/៣ នៃ​ប្រជាជន​សរុប ហើយ​យុវជន​មាន​អាយុ​ចន្លោះ​ ១៥ ទៅ​ ៣០ ​ឆ្នាំ មាន​ប្រមាណ​ ២៨​ ភាគរយ​នៃ​ប្រជាជន​សរុប​។ អត្រា​អក្ខរកម្ម​របស់​យុវជន (​ចេះ​អាន និង​សរសេរ​) មាន​ប្រមាណ​លើសពី ​៩០ ​ភាគរយ គឺ​ខ្ពស់​ជាង​ក្រុម​ប្រជាជន​ដទៃ ហើយ​ពួកគេ​ពោរពេញ​ទៅដោយ​សមត្ថភាព រហ័សរហួន ឆ្លាតវៃ និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ខណៈ​យុវជន​ប្រមាណ​ ៧០ ​ភាគរយ​មាន​ភាពសកម្ម​ផ្នែក​សេដ្ឋកិច្ច​។

ទោះយ៉ាងណា ការស្ទង់មតិ​ស្ដីពី​សុចរិតភាព​របស់​យុវជន ការសិក្សា​ស៊ីជម្រៅ​ស្ដីពី​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ដ្រី និង​យុវជន​របស់​អង្គការ​តម្លាភាព​កម្ពុជា និង​ការស្ទង់មតិ​ស្តីពី​យុវជន ដោយ​អង្គការ BBC Media Action បង្ហាញ​ថា ចំណេះដឹង ការចាប់​អារម្មណ៍ និង​ការចូលរួម​របស់​យុវជន​ទាក់ទង​នឹង​កិច្ចការ​សង្គម និង​នយោបាយ​របស់​ប្រទេស​ជាតិ​នៅ​មាន​កម្រិត​នៅឡើយ​។ នេះ​បើតាម លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​។

លោក​ថា​៖ «​ខណៈ​ដែល​ប្រជាជន វ័យក្មេង​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន មាន​ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា ពួកគេ​នៅតែ​បន្ត​ជួបនឹង​ឧបសគ្គ​សំខាន់ៗ ក្នុង​ការចូលរួម​ក្នុងសង្គម និង​នយោបាយ​»​។

លោក​បន្តថា​៖ «​បញ្ហា​ទាំងនេះ​រួមមាន​កង្វះ​ការយល់ដឹង​អំពី​សិទ្ធិ​នយោបាយ​របស់​ពួកគេ ចំណេះដឹង និង​ចំណាប់​អារម្មណ៍​ទាក់ទង​នឹង​កិច្ចការងារ​សាធារណៈ​របស់​ប្រទេស​ជាតិ​នៅមាន​កម្រិត និង​កង្វះ​ការចូលរួម​ក្នុង​កិច្ចការ​រដ្ឋាភិបាល​នៅ​គ្រប់​កម្រិត​»​។

លោក​ ប៉ិច ពិសី ថា យុវជន​មួយ​ចំនួន​បាន​ដើរតួនាទី​យ៉ាង​សកម្ម​ក្នុង​កិច្ចការងារ​ស្ម័គ្រចិត្ត ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន លើក​កម្ពស់​សិទ្ធិមនុស្ស ការពារ​ធនធាន​ធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។ យុវជន​មួយ​ចំនួន​បាន​ក្លាយជា​អ្នកដឹកនាំ​ក្នុង​វិស័យ​នានា ទាំង​វិស័យ​សាធារណៈ និង​ឯកជន ហើយ​នឹងមាន​យុវជន​ច្រើន​នឹង​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត​។

លោក​បញ្ជាក់​ថា​៖ «​ការចូលរួម​របស់​យុវជន​ក្នុង​កិច្ចការ​សង្គម និង នយោបាយ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ចូលរួម​ដឹងឮ ឈឺឆ្អាល ក៏ដូចជា​ការស្នើសុំ​នូវ​ដំណោះស្រាយ ចំពោះ​បញ្ហា​សំខាន់​របស់​សង្គមជាតិ ដែល​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​មកលើ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង ក៏ដូចជា ធ្វើការ​ទាមទារ​ឱ្យ​មាន​ការផ្តល់​ឱកាស និង​លក្ខណៈ​អំណោយទាន ដើម្បី​លើក​កម្ពស់​ការចូលរួម​របស់​យុវជន​ក្នុង​កិច្ចការ​សង្គម​ និង​នយោបាយ​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា នេះ​ជា​ការប្រសើរ​ចំពោះ​ការរៀបចំ​វេទិកា​សម្រាប់​យុវជន​ក្នុង​បរិបទ​បច្ចុប្បន្ន ស្របពេល​មាន​ការប្រកួត​ប្រជែង​ពី​បណ្តា​ប្រទេស​មហាអំណាច​នៅលើ​ពិភពលោក​។ ប៉ុន្តែ​លោក​ថា កម្ពុជា​មាន​អត្រា​នៃ​ការចូលរួម​ពី​យុវជន​ច្រើន​ជាងគេ ជាពិសេស គឺ​ការចូលរួម​ការបោះឆ្នោត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​យល់ស្រប​តែម្តង ដែល​ថា ការចូលរួម​របស់​យុវជន​នៅមាន​កម្រិត​។ ព្រោះ បើ​យើង​សួរ​ទៅកាន់​យុវជន​នៅ​សហរដ្ឋអាមេរិក ដែល​ជា​កន្លែង​ខ្ញុំ​ធ្លាប់​រស់នៅ​ ២០ ​ឆ្នាំ យុវជន​គេ​មិនដែល​ចាប់អារម្មណ៍​រឿង​នយោបាយ ទេ ហើយ​អ្នក​ចាប់អារម្មណ៍​នឹង​រឿង នយោបាយ ក្នុង​ចំណោម​អ្នក​ចូលរួម​បោះឆ្នោត គឺ​ភាគតិច​មែនទែន​។ ប៉ុន្តែ​នៅ​កម្ពុជា​មាន​អ្នកចូលរួម​បោះឆ្នោត​ជាង​ ៨០ ​ភាគរយ​»៕