
លោក ស ខេង ក្នុងកិច្ចប្រជុំកាលពីថ្ងៃ ៩ សីហា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ពិតជាមានសារៈសំខាន់ ដើម្បីការពារសិទ្ធិមនុស្ស ព្រមទាំងទាក់ទងទៅនឹងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់អាវុធមហាប្រល័យ។
ការលើកឡើងរបស់លោកបែបនេះបានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅកម្ពុជាកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ ក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានទម្លាក់ប្រទេសកម្ពុជាដល់ចំណាត់ថ្នាក់លេខ ៣។
កាលពីអំឡុងខែកក្កដា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់កម្ពុជានៅចំណាត់ថ្នាក់ទី ៣ ក្នុងបញ្ជីខ្មៅនៅឆ្នាំ ២០២២ នេះពាក់ព័ន្ធនឹងអំពើឆបោកទង់ក្រហម (Red Flags Scam Operations) ការជួញដូរជនបរទេសចូលមកកម្ពុជាដែលកំពុងមានការកើនឡើងក៏ដូចជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
លោក ស ខេង បានថ្លែងថា តាមការវាយតម្លៃរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនាពេលកន្លងទៅបានទម្លាក់ប្រទេសកម្ពុជាដល់ចំណាត់ថ្នាក់លេខ ៣ ទាក់ទងនឹងអំពើជួញដូរមនុស្ស ក៏ប៉ុន្តែលោកបានចាត់ទុកថា ទោះជាភាគីអាមេរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះជាមូលដ្ឋានមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ។
លោកបានបញ្ជាក់ថា៖ «ការងារទាំងនេះក្រុមការងារធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលជាបន្ដបន្ទាប់ ទោះបីជួបបញ្ហាមួយចំនួនក៏ដោយ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១០ ខែសីហាថា ការបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទរបស់លោក ស ខេង នាពេលនេះ គឺជារឿងសំខាន់ ដើម្បីស្វែងរកយន្តការ និងមធ្យោបាយបន្ថែមទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពីការជួញដូរមនុស្សនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់ឆ្នាំក្រោយឱ្យកម្ពុជាកើនឡើងចំណាត់ថ្នាក់មកវិញ។
លោកបានបន្តថា នៅពេលដែលកម្ពុជាធ្លាក់ចំណាត់ថ្នាក់បែបនេះធ្វើឱ្យកម្ពុជាទទួលនូវផលប៉ះពាល់ជាច្រើនលើវិស័យទេសចរណ៍ វិនិយោគ ធុរកិច្ច និងវិស័យផ្សេងទៀត។ ដូច្នេះកម្ពុជាត្រូវតែបង្កើននូវយន្តការគោលនយោបាយ និងមធ្យោបាយឱ្យបានរឹងមាំបន្ថែមទៀត ជាពិសេសពង្រឹងការអនុវត្តច្បាប់ដែលកម្ពុជាមានស្រាប់ឱ្យមានប្រសិទ្ធភាព និងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងតំបន់ ក៏ដូចអន្តរជាតិ ដើម្បីទប់ស្កាត់អំពើជួញដូរទាំងនេះ។
លោកបានថ្លែងថា៖ «ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបន្ថយចំណាត់ថ្នាក់កម្ពុជាពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សមកលេខ ៣ ហើយសហរដ្ឋអាមេរិកក៏បានសហការជាមួយនឹងកម្ពុជាក្នុងការទប់ស្កាត់ការប្រើប្រាស់ជួញដូរមនុស្សនេះដែរ។ ក្នុងការចាត់ចំណាត់ថ្នាក់លេខ ៣ នេះ មិនមែនជារឿងល្អសម្រាប់មុខមាត់របស់កម្ពុជានោះទេ។ ឥឡូវនេះយើងឃើញថា នៅតាមប្រព័ន្ធ Media ទាំងជាតិ និងអន្តរជាតិក៏មានការចុះផ្សាយទាក់ទងទៅរឿងហ្នឹង ជាពិសេសជនបរទេសជួញដូរជនបរទេសនៅក្នុងទឹកដីរបស់កម្ពុជាយើង»។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា រហូតមកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទជាពិសេសលើស្ត្រី និងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាជនបរទេសដែលកំពុងរស់នៅកម្ពុជាមិនឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយដោយអំពើទាសភាពសម័យថ្មីនេះបានឡើយ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជាសេនាធិការបានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និងវិធានការជាអាទិភាព ព្រមទាំងដឹកនាំអនុវត្តកិច្ចការនេះទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។ ក្នុងនោះបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនឱ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រមទាំងបានបើកកិច្ចប្រតិបត្តិការយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសជាច្រើនករណីដោយរំដោះជនរងគ្រោះបានច្រើនពាន់នាក់ និងបានឧបត្ថម្ភគាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យ។
បើតាមលោក គៀត ច័ន្ទថារិទ្ធ ផ្ដើមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការធ្វើពលិកម្មយ៉ាងសកម្មរបស់ក្រសួង/ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទបានញ៉ាំងឱ្យអំពើល្មើសទាំងនេះត្រូវបានកាត់បន្ថយ និងធ្វើឱ្យសង្គមកម្ពុជាមានសុខសុវត្ថិភាព សន្តិសុខ មានការវិវឌ្ឍរីកចម្រើន មានភាពស៊ីវិល័យសមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិខ្មែរ ប្រជាពលរដ្ឋមានជីវភាពសមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់ ដែលបង្កដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់។
ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកថា កម្ពុជានៅមានបញ្ហាសេសសល់ដោយអន្លើដែលបង្កឡើង ដោយមហិច្ឆតារបស់ឧក្រិដ្ឋជនរួមទាំងកត្តាសត្យានុម័ត អត្តនោម័ត កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ហើយបញ្ហាទាំងអស់នេះ បានជះឥទ្ធិពលដល់កិត្យានុភាពជាតិ ប៉ះពាល់ដល់គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិ សុខុមាលភាព និងជីវភាព ជាក់ស្ដែងរបស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។
លោកថ្លែងថា៖ «ដើម្បីជំរុញឱ្យបានខ្លាំងក្លាថែមទៀតនូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានដាក់ចេញនូវផែនការប្រតិបត្តិការមានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្ត វិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»៕