
ស្ថានភាពទឹកទន្លេ ដែលកំពុងហក់ឡើង។ រូបថត មន្ទីរព័ត៌មានខេត្តរតនគិរី
រតនគិរីៈ ប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារនៅស្រុកលំផាត់ ខេត្តរតនគិរី បាននាំគ្នាជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈកម្ពស់ទឹកទន្លេស្រែពក នៅព្រឹកថ្ងៃទី ១១ ខែសីហានេះ បានជន់ឡើងលើសពីកម្រិតប្រកាសអាសន្ន។ នេះបើតាមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។
លោក អ៊ុំ សុវណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពស់ទឹកទន្លេស្រែពក គិតត្រឹមម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី ១១ ខែសីហានេះ បានជន់ឡើងដល់ ១២,៨០ ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន ០,៣០ ម៉ែត្រ។
លោកថ្លែងថា៖ «នៅពេលនេះ អាកាសធាតុនៅតែបន្តអួអាប់នៅឡើយ ហើយទឹកទន្លេស្រែពក បានជន់ឡើងបង្កការលិចលង់លំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំចំនួន ៣ នៃស្រុកលំផាត់»។
ក្នុងខណៈនេះ អាជ្ញាធរស្រុកលំផាត់ កំពុងចល័តទូក កាណូតចុះជួយអន្តរាគមន៍ដឹកប្រជាពលរដ្ឋ ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ដែលកំពុងរងការលិចលង់ ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
លោក ក្លុល ថើង អធិការស្រុកលំផាត់ បានប្រាប់ ភ្នំពេញ ប៉ុស្ត៍ថា នៅពេលនេះ ភូមិចំនួន ១៣ នៅឃុំជ័យឧត្តម ឃុំសេដា និងឃុំកាឡែង បានរងការជន់លិចទាំងស្រុង ហើយប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។
លោកបញ្ជាក់ថា៖ «នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងរៀបចំសាងសង់ជម្រកតង់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះទឹកជំនន់នៅលើទីទួលសុវត្តិភាព ដើម្បីឱ្យពួកគាត់ស្នាក់នៅជាបណ្ដោះអាសន្ន»។
លោកបន្តថា ចំពោះស្ថានភាពទឹក នៅតែបន្តជន់ឡើងនៅឡើយ ដែលទាមទារឱ្យពលរដ្ឋរស់នៅក្នុងតំបន់ងាយរងគ្រោះ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីជម្លៀសទៅកាន់ទីទួលសុវត្តិភាព ក្នុងករណីទឹកលិចផ្ទះមិនអាចរស់នៅបន្តទៀតបាន៕