ភ្នំពេញៈ​ ​​ទោះបីជា​គេឃើញមនុស្ស​ភាគ​ច្រើន ​​ហាក់​មាន​​ការ​​ជឿជាក់​ខ្លាំងទៅ​​​លើក្បួន​​វេជ្ជ​សាស្រ្ត​​សម័យ​ ដែល​​​​មាន​​​បច្ចេក​​​ទេស​​ព្យាបាល​​ជំងឺតាម​បែប​វិទ្យា​សាស្រ្ត​​យ៉ាងណា​ក្តី ​ក៏​វិធី​ព្យា​បាល​ជំងឺ​បែប​បុរាណ​ ឬ​តាម​ក្បួន​វេជ្ជ​សាស្រ្ត​​​បុរាណនៅ​​​តែ​មាន​តម្រូវ​ការ​​ ខ្វះ​មិន​បាន​​ក្នុង​សង្គម​​ខ្មែរ​។

នា​ពេល​​បច្ចុប្ប​ន្ន​​​ អ្នក​ប្រកប​របរ​វិជ្ជា​ជីវៈ​ជា​គ្រូ​វេជ្ជសាស្រ្ត​បុរាណ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​​​សុខា​ភិបាល​ និង​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​គ្រូបុរាណ​ខ្មែរ មាន​ចំនួ​ន​​សរុប​ជាង ៤០០​ នាក់​។ នេះ​​បើ​យោង​តាម​ការ​​បញ្ជាក់​ពីលោក​​ឱស​ថ​ការី​​ ច័ន្ទ សូផាន ​ជា​អនុប្រធាន​​មជ្ឈ​មណ្ឌល​​​ជាតិ​​ស្រាវ​​ជ្រាវ​​​​វេជ្ជ​សាស្រ្ត​​​​​​បុរាណ ​បាន​ប្រាប់​​ ភ្នំពេញ ប៉ុស្តិ៍​ ឱ្យ​ដឹង​។​ ដើម្បី​​​​​​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​​គ្រូ​វេជ្ជសាស្រ្ត​បុរាណ​ មាន​ការ​ទទួល​ស្គាល់​​​ ដោយ​ក្រសួង​​​​​សុខា​​​​​​ភិបាល​​​កម្ពុជា​នោះ គ្រូ​​វេជ្ជ​សាស្រ្ត​បុរាណ​ទាំង​អស់ ​ត្រូវ​​​​មាន​​​លក្ខ​ខណ្ឌ​ចាំ​បាច់​​​មួ​យ​​ចំនួន​​ដូ​ចជា ​​ត្រូវ​មាន​ប្រវត្តិ​ប្រកប​​​របរ​​ជាគ្រូ​ឱស​ថ​បុរាណ​នេះ យ៉ាង​តិច​ចំនួន ​៥ឆ្នាំ ​​​មាន​វ័យ​​​​​​ចាប់​ពី​​ ២៥ ​ឆ្នាំ ដល់ ៦០ ឆ្នាំ និង​​ត្រូវ​ឆ្លង​​កាត់​ការ​​ប្រឡង​​​​​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បុរាណ​​ខ្មែរ​ ដែល​​មាន​​រយៈ​​​​​ពេល​ ៥ ខែ នៅ​​មជ្ឈមណ្ឌល​ជាតិ​​​ស្រាវ​ជ្រាវ​​វេជ្ជសាស្រ្ត​បុរាណ​​ក្នុង​​រាជធានី​ភ្នំពេញ​។

លោក​​ឱសថ​ការី ​សូផាន បាន​​​​ឱ្យ​​ដឹង​​​ពី​ប្រវត្តិ​​នៃ​ការ​បង្កើត​វគ្គ​បណ្តុះ​​​បណ្តាល​​គ្រូ​​បុរាណ​ខ្មែរ នៅ​មជ្ឈ​មណ្ឌល​​​​​ជាតិ​ស្រាវ​ជ្រាវ​​​វេជ្ជសាស្រ្ត​បុរាណ​​ ពេល​នេះ​បាន​បើក​​​​​ចំនួន​ ១០ វគ្គ​មក​ហើយ បើ​​គិត​មក​ត្រឹម​​​ឆ្នាំ​​​ ២០២២ និង​មាន​ចំនួន​សិក្ខាកាម​ជា​​គ្រូវេជ្ជសាស្រ្តបុរាណ​​​សរុប​ប្រហែល​ជាង​ ៤០០ នាក់។​

ជា​​ទម្លាប់​នោះ មុខ​របរ​ជា​គ្រូ​ឱសថ​បុរាណ នៅ​ក្នុង​សង្គម​ខ្មែរ​ តាំង​ពី​ដើម​មក ច្រើនតែ​ជា​ការ​ចាប់​​យក​​មក​​ប្រកបវិជ្ជាជីវៈ​​តៗគ្នា គឺ​ត​​ពី​ដូនតា ឬ​តពី​ឪពុក​​​ម្តាយ ឬ​អាច​តពី​សាច់ញាតិ​ក៏​មាន ហើយ​ការ​យល់​ដឹង​ពី​ក្បួន​ខ្នាត​វេជ្ជសាស្រ្ត​បុរាណ​នេះ ​នៅ​មាន​កម្រិត​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ក្នុង​សង្គម​។​

អនុប្រធាន​​មជ្ឈ​មណ្ឌល​​​ជាតិ​​ស្រាវ​​ជ្រាវ​​​វេជ្ជ​សាស្រ្ត​​​​​​បុរាណ ​រូប​នេះ​​​បាន​លើក​ឡើង​ថា៖ «ដោយសារ​យើង​​មិន​​ទាន់​​មាន​លទ្ធ​ភាព​ បើក​ឱ្យ​មាន​​កម្រិត​ដូច​​​ជា​ការ​​បើក​ថ្នាក់​រៀន​​​​ ក្នុង​ផ្នែក​វេជ្ជ​សាស្រ្ត​​សម័យ​នោះ​​ហើយ ទើប​​​បាន​ខាង​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជ​សាស្រ្ត​​​បុរាណ ​បាន​ខិត​ខំ​បើក​វគ្គ​បណ្តុះ​​បណ្តាល​​វគ្គ​ខ្លីៗ ​រយៈ​ពេល​​​ ៥ ​ខែ នេះ​​ឡើង​​រហូត​មាន​​​​ចំនួន ​១០ ​វគ្គ នៅ​ត្រឹម​ឆ្នាំ​ ២០២២​​ នេះ​​»។

លោក​​ ច័ន្ទ សូផាន ក៏​​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ដែរ​គឺ​ ដើម្បី​ទទួល​​បាន​​​​​ចំណេះ​ដឹង​​ថ្មីៗ ​បន្ថែម​ចំណេះដឹង​លើ​មុខ​ជំនាញ​ និង​ការស្វែង​​យល់​អំពីផ្នែកច្បាប់ ក្រម​សីល​​​ធម៌ ពី​​របៀប​​​​​ប្រើប្រាស់​រុក្ខ​ជាតិ​​​ឱស​ថ ឱ្យ​ស្រប​តាមបច្ចេកទេស ក្នុងនាមជាអ្នកផ្តល់សេវាសុខា​ភិបាល​​ ប្រកប​​​​​ដោយ​គុណវឌ្ឍិ ជូន​ដ​ល់​​​អ្នក​ជំងឺ​។​​ ជា​ការ​កត់សម្គាល់​ វគ្គបណ្តុះបណ្តាលនេះ​​ នៅ​តែ​មានសំណើ​ឱ្យ​រៀបចំ​ពី​ខាង​សមាគម​គ្រូបុរាណ​កម្ពុជា ទោះ​បី​ជា​កន្លង​មក ​ការ​រៀបចំបាន​​ទាល់​តែ​មាន​អ្នកជួយ​ឧបត្ថម្ភ​ពី​បណ្តា​អង្គការ ឬ​ស្ថាប័ន​ណាមួយ​ក្តី។​

លោក​ ច័ន្ទ​ សូផាន​ បញ្ជាក់​​ថា៖ «កាលពី​​ដំបូង​ឡើយ ​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​​បុរាណ​ខ្មែរ​នេះ ត្រូវ​បាន​ផ្តួច​​​​​​​​​ផ្តើម​​​​ដោយ​​​​អង្គការ Nippon Foundation របស់ប្រទេស​​ជប៉ុន​ ​ជួយ​ឧបត្ថម្ភ​បើក​វគ្គនេះ​បាន​​ចំនួន​ ៦ វគ្គ​​​​ គឺ​ចាប់​ផ្តើម​តាំង​​​ពី​​ឆ្នាំ​​​២០០៩ ​រហូត​ដល់​ត្រឹម​ឆ្នាំ​ ២០១៧​។ ក្រោយ​​មកទៀត​ គឺ​​​​នៅ​​ឆ្នាំ​ ២០១៨ វគ្គ​រហូត​​ដល់​ឆ្នាំ​ ២០២២ ​នេះ ការ​បើក​វគ្គ​បណ្តុះ​​​​​បណ្តាល​​​នេះ ត្រូវ​បាន​រៀប​ចំ​​​ដោយ ​​​​​សមាគម​គ្រូ​បុរាណ​កម្ពុជា​​ បាន​​​ដាក់​​ពាក្យ​ស្នើ​សុំ​មក​ខាង​​​​មជ្ឈ​មណ្ឌល​ជាតិ​​​ស្រាវ​ជ្រាវ​​វេជ្ជសាស្រ្ត​បុរាណ​ ដែល​មាន​​ចំនួន ៤ ​​វគ្គ​​មក​ហើយ។ នៅ​​​ចន្លោះ​ឆ្នាំ​​​ ២​០១៩ ដល់​ឆ្នាំ​ ២០២១ គឺ​មិន​មាន​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​​​បុរាណ​នេះ​ឡើយ​ ព្រោះតែ​​​​វិបត្តិ​កូវីដ​ ១៩​​»។​

​លោក ផុន សាមឌី មាន​វ័យ​​ជាង ​៤០ ​​ឆ្នាំប្លាយ​ ​​​​ចាប់​ផ្តើម​អាជីព​ជា​គ្រូ​វេជ្ជសាស្រ្ត​បុរាណ ​​​​​​​តាំង​​ពី​​ឆ្នាំ​ ២​០១១ មក ​ដោយ​លោកក៏​​មាន​​​ឪពុកជា​គ្រូ​វេជ្ជសាស្រ្ត​បុរាណ​ស្រាប់​ផង​​​​​​​នោះ​ ទើបជំរុញ​ឱ្យ​​​​លោក​​មាន​​​​​ចំណេះ​​ដឹង​ផ្នែក​នេះ។ ខណៈ​នៅ​ឆ្នាំ​នេះ​ដដែល​ លោក​​ សាមឌី ក៏​ចាប់​ផ្តើម​ព្យាបា​ល​ជំងឺ​ក្រពះ​ពោះ​វៀន​​ធ្ងន់ធ្ងរ​​របស់​ខ្លួន​​​ឯង​ រហូត​បានជា​សះ​​ស្បើយ និង​​ថែម​ទាំង​បាន​ព្យាបាល​​​ ​អ្នកជំងឺ​ជា​អ្នក​ជិត​ខាង​​ជាហូរ​ហែ​ រហូត​​អាច​ផ្សំ​​ថ្នាំ​ព្យា​បាល​​​អ្ន​ក​​ក្រៅ​ស្រុក​ភូមិខ្លួន​ឯង​ទៀត​។

លោក ផុន សាមឌី ប្រឡង​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បុរាណ​ខ្មែរ​​វគ្គ​ទី​៩​ នៅ​ឆ្នាំ​ ២០១៨ ក្រោយ​​​​ពី​​ទទួល​​​​​បានការ​ប្រឹក្សា និងជំរុញពី​​ខាង​​ក្រុម​គ្រូឱសថ​បុរាណ​ចាស់​ៗ​មក​នោះ​។ សព្វ​ថ្ងៃ​ លោក​គ្រូ​វេជ្ជ​សាស្រ្ត​​​បុរាណ ផុន សាមឌី រស់​​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ​ រាជ​​​ធា​នី​​ភ្នំពេញ​។

ចាប់​​​​​​តាំ​ង​ពី​​​ប្រកប​វិជ្ជាជីវៈ​ជា​គ្រូ​វេជ្ជសាស្រ្ត​បុរាណខ្មែរ​ ​រហូតដល់​បច្ចុប្បន្ន​នេះ លោក​​​​​​គ្រូ​​បាន​ព្យា​បាល​​​អ្នក​​ជំងឺ​ចំនួន​​​​ជាង ៨០០ នាក់​ហើយ។ បើ​ប្រៀប​ធៀប​ជា​មួយ​​​​​​​​គ្រូ​វេជ្ជ​សាស្រ្ត​បុរាណ​​​ជំនាន់​​​មុន​​​ខ្លះ និង​ស្រ​​បាលៗ​​គ្នា​​នោះ ចំនួនអ្នកជំងឺ​​ ដែល​លោក​​ព្យាបាលជា​​​គឺ​មាន​​ច្រើន​ជាង​គេ​។

គ្រូ​វេជ្ជ​សាស្រ្ត​​បុរាណ​ ផុន​ សាម​ឌី បាន​​​​​​​​បញ្ជាក់​​ថា៖ «​ហេតុ​​ផល​ដែល​មាន​ចំនួន​អ្នកជំងឺ​ព្យាបាល​ច្រើន​ជាង​គេ​​នោះគឺ​​មក​​​ពី​ខ្ញុំ ​ជា​​​មនុស្ស​​​​​​​​ចូល​ចិត្ត​​ចេញដើរ​​​​​​​​ក្រៅ​ច្រើន ហើយ​​បាន​ជួប​​​មនុស្សមាន​បញ្ហា​សុខភាព​ក៏​​ច្រើន គួប​​​​​ផ្សំ​​​នឹង​​​​​​​​​​​​ការ​​​​យល់​​ដឹង​​ពី​ផ្នែក​​​​វិទ្យាសាស្រ្ត ​​ក៏​​បាន​ច្រើន​ទៀត​ផងនោះ ​ទើប​ចាប់​យក​​​​​អាជីព​​​ វេជ្ជ​​​​​​សាស្រ្ត​​​បុរាណ​​​​​​រ​បស់​​ខ្ញុំ​​នេះ​​ ​​ហាក់ដូចជា​​ទទួល​បាន​ការ​យល់​​​ដឹង​លឿន​​​ និង​មាន​ការ​ពិសោធក៏​​ឆាប់​»។

ឱសថ​បុរាណដាក់លក់នៅតាមទីផ្សារ។ រូបថត សហការី

ទោះបីជា​ការ​ប្រក​ប​របរវិជ្ជាជីវៈ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត​បុរាណនេះ មាន​រយៈ​ពេល​ជាង ១០ ឆ្នាំ​ មក​ក៏​ពិត​​មែន​ក្តី លោកគ្រូ​​វេជ្ជសាស្រ្ត​បុរាណ ផុន សាមឌី នៅ​ពុំ​ទាន់​បាន​​ស្រាវជ្រាវ​រក​ឃើញ​ឈ្មោះ​ឱសថ​ព្យា​បាល​ថ្មី​​ណាមួយ​​​ឡើយ តែ​លោក​ទទួល​បាន​នូវ​ចំណេះ​ដឹង​​ច្រើន​ ក្នុង​សិក្សា​ធ្វើ​ពិសោធ​​ទៅ​លើ​រូប​មន្ត​ចាស់ៗ​មាន​ស្រាប់​។

លោក ផុន សាមឌី ឱ្យ​ដឹង​ថា៖ «ទោះជាខ្ញុំ​មិន​បាន​រក​ឃើញ​ឱសថ​អ្វី​ថ្មី​មែន តែ​ការ​ពិសោធ​លើ​រូបម​ន្ត​ថ្នាំ​ចាស់ៗ​ របស់​លោគ្រូ​ឱសថ​ជំនាន់មុន​ បាន​បង្រៀន និងជួយ​ឱ្យ​ខ្ញុំ​យល់​​​ដឹង​បាន​ច្រើន​លើ​វិស័យ​នេះ​។ ម្យ៉ាង​ទៀត ​ការ​ចូល​រៀន ក្នុង​​វគ្គបណ្តុះ​បណ្តាល ​គ្រូ​បុរាណ​​នៅ​មជ្ឈ​​​​​​​មណ្ឌល​​​​​​ជាតិ​​​ស្រាវជ្រាវវេជ្ជសាស្រ្ត​​​បុរាណ​ ក៏​ជា​ចំណែក​​មួយ​​​ជួយ ​​ឱ្យ​មាន​ការយល់​ដឹង​បន្ថែម​​​នូវ​​របៀប​​​​​​​​ប្រើប្រាស់​រុក្ខ​ជាតិ​ឱស​ថ​ ឱ្យ​​ស្របទៅតាមបច្ចេកទេស និង​ចំណេះដឹង​ផ្នែក​វិទ្យាសាស្រ្ត​សម្រាប់​វិស័យ​​វេជ្ជសាស្រ្ត​បុរាណ​នេះ»។

លោក​​ក៏​បាន​​លើក​ឡើង​ពី​វិស័យ​វេជ្ជសាស្រ្ត​បុរាណ និង​វេជ្ជសាស្រ្ត​សម័យ ដែល​បាន​ដើរ​ទន្ទឹម​គ្នា​នៅ​ក្នុង​​តួ​នា​ទី​​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យនានា ក្នុង​ប្រទេសជឿនលឿន និង​បណ្តាប្រទេស​ជិត​ខាង​កម្ពុជា​​ផង​ដែរ​​។​

គ្រូ​​វេជ្ជសាស្រ្ត​បុរាណ ផុន សាមឌី រៀបរាប់​ប្រាប់​ថា៖​ «បើ​នៅ​ប្រទេស​ចិន ឬ​បណ្តាប្រទេស​ជិត​ខាង​យើង​រួម​មាន​ថៃ ម៉ាឡេស៊ី វៀតណាម និង​សឹង្ហ​បុរី​នោះ ការ​បណ្តុះ​បណ្តាល​គ្រូបុរាណ ដើម្បី​​ឱ្យ​​ក្លាយ​ជា​វេជ្ជសាស្រ្ត​បុរាណ​នេះ គេ​មាន​សាលា​រៀន​ និង​មាន​ឆ្នាំ​សិក្សា​ ដូចជា​ឆ្នាំ​សិក្សា​​ជំនាញ​ពេទ្យ​សម័យ​ដែរ​។ ហើយ​បើ​នៅ​តាម​មន្ទីរពេទ្យ​គេ​វិញនោះ​ វេជ្ជសាស្រ្ត​បុរាណ និង​វេជ្ជ​សាស្រ្ត​​​សម័យ​គឺ​មាន​តម្លៃ​សើ្ម​គ្នា​។ ជាឧទាហរណ៍​ ប្រសិន​បើ​អ្នក​ជំងឺ​ពិនិត្យ​សុខភាព បាន​ដឹង​រោគ​សញ្ញា​ខ្លួន​ឈឺអ្វី​​រួចរាល់​​ហើយនោះ គេ​នឹង​សួរ​ទៅកាន់​អ្នក​ជំងឺ​ថា តើ​ចង់​បានការ​​ព្យាបាល​ជំងឺ​ ដោយ​វេជ្ជ​​​សាស្រ្ត​បុរាណ ឬ​វេជ្ជសាស្រ្ត​សម័យ ? នេះជា​ហេតុ​ផល​ ដែល​វិស័យ​ទាំង​ ២ មាន​គុណតម្លៃ​ដូចគ្នា​ក្នុង​​​ការ​ជួយ​​សង្គ្រោះ​អាយុជីវិត​មនុស្ស​ក្នុង​សង្គម​»។​

លោក សេង សំអាត​ មាន​វ័យ​​ ៤៣ ​ឆ្នាំ​ ជា​គ្រូ​វេជ្ជសាស្រ្ត​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​បាន​ប្រកប​​​វិជ្ជាជីវៈ​គ្រូ​វេជ្ជសាស្រ្ត​បុរាណ​ជាង​ ១០ ឆ្នាំ ដែល​បាន​ត​ពី​ឪពុក​​លោក​ ក្រោម​​ស្លាក​​យីហោ​ «គ្រូ​វេជ្ជ​​សាស្រ្ត​នៅ​ភ្នំដង​រ៉ែក»​ បើក​ព្យាបាល​អ្នកជំងឺទូទៅ​បាន​ប្រមាណ​ក្បែរ​ពាន់​នាក់​មក​​ហើយ​ដែរ។

លោក សេង សំអាត ថ្លែងដោយ យល់ឃើញ​ថា ការ​ព្យាបាល​ជំងឺ​តាម​វេជ្ជសាស្រ្ត​បុរាណ និង​វេជ្ជសាស្រ្ត​សម័យ​ទំនើប​ គឺ​សុទ្ធ​តែ​មាន​សារៈសំខាន់​ដូចគ្នា​ ហើយ​ក៏​អាច​ប្រៀបប្រដូច​ទៅ​នឹង​អាវុធ​មាន​មុខ ២ ​ដូចគ្នា​ដែរ ប្រសិន​​បើ​​​ការ​ប្រើ​ប្រាស់​ឱសថបុរាណ​ ឬ​ថ្នាំ​ពេទ្យ​នោះ​ មាន​កម្រិត​លើស​ចំណុះ​ផ្នែកណាមួយ​​នាពេល​​ព្យា​បាល​​ជំងឺ។

លោក​ សេង សំអាត លើក​ឡើង​ថា៖ «មិន​ថា​តែក្នុង​ផ្នែក​​​វេជ្ជសាស្រ្ត​បុរាណ និង​​វេជ្ជ​សាស្រ្ត​​សម័យ​ទេ គឺ​សុទ្ធ​តែ​អាច​មាន​​ផលប៉ះពាល់​ដល់​សុខភាព​អ្នកជំងឺ​ដូចគ្នា​ ប្រសិន​បើ​ការ​ប្រើ​​ឱសថ ឬ​ថ្នាំ​ពេទ្យ​​លើសចំណុះ​នោះ​។ ដូច្នេះ​ទាំង​គ្រូ​ពេទ្យ​វេជ្ជសាស្រ្តសម័យ​ និង​គ្រូ​វេជ្ជសាស្រ្ត​បុរាណ ទាម​ទារ​​​នូវ​ការ​ពិនិត្យ​ពិច័យ​​ច្បាស់​លាស់​ក្នុង​អាជីព​វិជ្ជាជីវៈ​ខ្លួន​»។

លោក សំអាត ​​​បាន​បន្ត​ថា៖ «នាពេល​បច្ចុប្បន្ន​ ពេល​ខ្លះដូចជា​ករណី​​​ព្យាបាល​ជំងឺ​មហារីក​ ​តាម​​​វេជ្ជ​សាស្រ្ត​​​សម័យ​​នៅ​​មិន​​ទាន់​មាន​ថ្នាំ​ដើម្បី​ព្យាបាល​នៅ​ឡើយ​ទេ​គឺ​មាន​តែ​វិធី​វះកាត់​ ឬ​ប្រើ​សារធាតុ​គីមី​បាញ់​សម្លាប់​​​​មេរោគ​ តែ​​បើ​តាម​​​​វេជ្ជ​សាស្រ្ត​​​បុរាណ​វិញ​នោះ គឺ​គេ​មាន​ឱសថ​បុរាណ ​សម្រាប់​ព្យាបាល​សម្លាប់​​មេ​រោគ​​មហា​រីក​​នោះ»​។​

លោក តុប ពិសី ជា​មន្រ្តី​ប៉ូលិស​ វ័យ​ ៣៩ ឆ្នាំ​ រស់​នៅ​ក្រុង​កែប ខេត្ត​​កែប ដែល​បាន​ព្យា​បាល​​ជំងឺ​ក្រពះ​ពោះ​វៀន និង​លើស​ជាតិ​ខ្លាញ់ ជាមួយ​​លោកគ្រូ ផុន សាមឌី ដោយ​បាន​ប្រើ​រយៈ​ពេល​ប្រមាណ​ ​៤-៥ ខែ​ បាន​​ជាសះស្បើយ​ ក្រោយ​ពី​លោក​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ពេទ្យ​មិនសម​ប្រកប​។​ បង្ហាញ​ពី​ភាព​ជឿ​ជាក់​លើ​សេវា​ថែរក្សា​សុភាព​ផ្នែក​វេជ្ជ​សាស្រ្ត​បុរាណ​​ជា​មួយ​លោក​គ្រូ ផុន​ សាមឌី នោះ​​ ​លោក ពិសី បាន​លើក​ឡើង​ថា៖ «នេះ​ជារឿងមួយ​ ​គួរ​ឱ្យ​មាន​ទំនុក​ចិត្ត​សម្រាប់​ខ្ញុំ​ ដោយសារ​​ខ្ញុំ​បាន​​​​ព្យា​បាល​​​លេប​​​ថ្នាំ​​ឱសថ​បុរាណ​ តែប្រមាណ​ ៤-៥ ខែ ដែល​ចំណាយ​ប្រាក់​អស់​តិចជាង​ ការ​ចំណាយ​ប្រាក់​ទិញ​ថ្នាំ​ពេទ្យ​ទៀត ស្រាប់​តែ​អាការ​របស់​ខ្ញុំ​ក៏​​មាន​ស្ថាន​ភាព​ដូច​ធម្មតា​​វិញ»​។

លោក​​​​បាន​​រំឮក​ពី​ដើម​ចម​​នៃ​ការ​​ងាក​​មក​រក​ការព្យាបាល​​លេប​ថ្នាំ​ឱសថ​បុរាណ​ ជាមួយ​នឹង​លោកគ្រូ​វេជ្ជ​​​សាស្រ្ត​​​បុរាណ ផុន សាមឌី ក្រោយ​ពី​មាន​ការ​ណែនាំ​​ដំបូង ពី​ថ្នាក់​ដឹក​នាំ​ខ្លួន​ ក្នុង​ការ​ងារ​រាជការ ដែល​​​​លោក​​ជា​ប៉ូលិស នៅ​ស្រុក​កែប ខេត្ត​​កែប​ នោះ​ថា ៖«ដោយសារ​ខ្ញុំឧស្សាហ៍​ឈឺ​ គឺព្រោះ​​​​អាការ​ជំងឺ​​​​ក្រពះ​ពោះវៀន និង​លើស​ជាតិខ្លាញ់​។ កាល​ពី​បានជួប​លោកគ្រូដំបូង គាត់​ឱ្យ​ប្រើ​ថ្នាំ​បុរាណ​ប្រមាណ​ ២-៣ កំប៉ុង ប្រើ​រយៈពេល​​ ២-៣ ​ខែ​​​។ ក្រោយ​មក​ទៀតលោកគ្រូក៏​​ព្យាបាល​ជំងឺ​ក្រពះ​ពោះ​វៀន​ដោយ​ការ​​​លេប​ថ្នាំ​ឱសថ​បុរាណ​នេះ​ដដែល​ ក្នុង​​ពេល​ប្រហែលគ្នា សរុប​ទៅ​ចំណាយ​ពេល ៤-៥ ខែ​ ក៏​បាន​ជា​សះស្បើយ​។ តែ​យើង​​ត្រូវ​តម​អាហារ​នានា ដែល​មាន​ផល​ប៉ះពាល់​ដល់​អាការជំងឺ​របស់​​យើង​ តាម​លោកគ្រូ​ឱ្យ​តម​ដែរ»។

លោក ហេង វិចិត្រ ជា​អគ្គនាយក​ក្រុម​ហ៊ុនមីតហេង (ខេមបូឌា)​ អិលធីឌី​​ ដែល​មាន​បទ​ពិសោធ​​ការ​ងារ​​​​​វិស័យ​សុខាភិបាល​​រយៈ​ពេល​ ​២០ ឆ្នាំ បាន​បកស្រាយ​ពី​ប្រសិទ្ធ​​ភាព​នៃ​ថ្នាំពេទ្យ (ឱសថ​សម័យ)​ និង​​ឱសថ​​បុរាណ​​​ដែរ​ថា ប្រភេទ​ឱសថ​ទាំង ​២ គឺ​មាន​ភាព​ចាំ​បាច់​ដូចគ្នា ​ក្នុង​ការព្យាបាលជំងឺ​​ ហើយលោកក៏​បាន​​​ពន្យល់​​ថា ​​​ឱសថអាច​នឹង​មាន​ ​៣​ប្រភេទ​ផ្សេងគ្នា​ ផ្អែក​ទៅ​តាម​​ការ​កំណត់​និយម​ន័យ​​នៅ​​​បណ្តាប្រទេស​នានា​នៅ​លើ​ពិភព​លោក​។

លោក ​វិចិត្រ ថ្លែង​ថា បើ​តាមបទ​ពិសោធ​ខ្លួន​ឆ្លង​​កាត់​​ក្នុង​វិស័យ​សុខាភិបាល ២០ ឆ្នាំ នោះ​​ នៅ​​ប្រទេស​​​​ខ្មែរ​​ ឱសថ​បុរាណ ដែល​ភាសា​បរ​ទេស​​ហៅ​​​​ថា Traditional medicine និង Herbal medicine​ ​ខ្មែរ​​​បាន​កំណត់​និយម​ន័យ​ដូចគ្នា​​ហៅ​ថា ​វេជ្ជ​សាស្រ្ត​បុរាណ ឬ​ឱសថ​បុរាណ​​។ តែ​នៅ​​ប្រទេ​ស​​ជឿន​លឿន​វិញ Traditional medicine និង ​Herbal medicine​ គឺ​មាន​ការ​កំណត់​និយម​ន័យ​ខុស​គ្នា​​។​

លោក​ វិចិត្រ​ បាន​ពន្យល់​ថា៖ «ប្រទេស​គេ Traditional medicine​ ​ជា​​ប្រភេទ​ឱសថ​បុរាណ​ ដែល​មិន​ទាន់​​​បាន​ឆ្លង​កាត់​ការពិសោធ​ ឬ​ចម្រាញ់​នូវ​ជាតិ​ពុល​ត្រឹម​ត្រូវ​ តាម​​កម្រិត​ស្តង់ដានៃមន្ទីរ​ពិសោធ​របស់​​​​​វិស័យ​​សុខា​ភិបាល​។ ចំណែកឯ​​​ Herbal medicine វិញ​ គេហៅ​ថាប្រភេទ​ឱសថ​បុរាណ​ពាក់​កណ្តាល​សម័យ​ ដោយ​សារ​ឱសថ​ប្រភេទ​នេះ​បាន​ឆ្លង​ការ​ពិសោធ និង​ចម្រាញ់​នូវ​ជាតិ​ពុល​ខ្លះ​ តាម​​កម្រិត​ស្តង់​ដា​នៃ​មន្ទីរពិសោធន៍​របស់​វិស័យ​សុខា​ភិបាល»។​​

ចំពោះ​ចំណុ​ច​ដូចគ្នា​នៃ​ការ​ប្រើ​ថ្នាំ​​​ពេទ្យ (ឱសថ​សម័យ)​​ និង​ឱសថ​បុរាណ ​ លោក​បាន​ឱ្យ​ដឹង​ថា ទី​១ វា​​មាន​​​​ប្រសិទ្ធ​ភាព​ដូចគ្នា​ក្នុង​ការ​ព្យាបាល​ជំងឺនានា ទី​២ ​វា​មាន​ផល​រំខាន (គុណវិបត្តិ)​ ប្រហាក់​​ប្រហែល​​គ្នា​។ តែ​ប្រសិន​បើ​ជា​ប្រភេទ​ឱសថ​​បុរាណ​​ពាក់​ណ្តាល​សម័យ ដែល​ឆ្លង​កាត់​ការ​ពិសោធ​ និង​​បាន​​ចម្រាញ់​យក​ចេញ​នូវ​សារជាតិ​ពុល​​ត្រឹម​ត្រូវនោះ វា​នឹង​មាន​ផល​ប៉ះពាល់​តិចជាង​ឱសថ​សម័យ​​។

លោក វិចិត្រ បក​ស្រាយ​ថា ៖«ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​ជា​ប្រ​ភេទ​ឱសថ​បុរាណ​ ​មិន​ទាន់​បាន​​ឆ្លង​​ការ​ពិសោធ​ និង​ចម្រាញ់​ចេញ​ជាតិ​ពុល​ ជា​ឧទាហរណ៍ ដូចជា​​រុក្ខជាតិ​វល្លិ៍​បណ្តូលពេជ កាល​​ណា​​​យក​មក​ត្រាំ​​ស្រា​ផឹក​ សម្រាប់ធ្វើជា​ឱសថ​ព្យាបាល​រោគ​ផ្សេងៗ​ តាម​ទំនៀម​ទម្លាប់​នោះ​គឺវា​អាច​មាន​​ផល​ប៉ះ​ពាល់​​លើ​សុខ​ភាព​​ច្រើនជាង​ថ្នាំពេទ្យ​វិញ»​។​

លោក​បន្ត​ថា៖ «ដូច្នេះ​និយាយ​ជា​រួម ប្រសិន​បើជា​ប្រភេទ​​ឱសថ​បុរាណ​ ដែល​ឆ្លង​កាត់​ការពិសោធ​ត្រឹម​ត្រូវ​ ដូចជា​ឱសថ​បុរាណ​នាំ​ចូល​មក​ពី​ប្រទេស​អាមេរិក ឥណ្ឌា ជាដើម ដែល​មានកម្រិត​ស្តង់ដា ​GMP និងមាន​ការទទួល​ស្គាល់​ដោយ​​ប្រព័ន្ធ​ ISO នោះ គឺ​វា​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាលជំងឺ ហើយ​វា​ក៏​មាន​​​ផល​ប៉ះ​ពាល់​តិចតួច ឬ​អាច​មិនមាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ទៀត​ផង​ សម្រាប់​ការ​ព្យា​បាល​​ជំងឺ​។​ ហើយ​​ការ​ប្រើ​ថ្នាំពេទ្យ (ឱសថ​សម័យ) ដើម្បី​ព្យាបាល​ជំងឺ​វិញនោះ គឺ​​​ទាម​ទារ​ឱ្យ​មាន​ការ​​​​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ជាង​​ឱស​ថ​បុរាណ ព្រោះ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង ​​ប្រសិន​បើ​​មិន​ប្រុង​ប្រយ័ត្ននោះ​»។​

អគ្គនាយក​ក្រុម​ហ៊ុនមីតហេង (ខេមបូឌា)​ អិលធីឌី​​ រូបនេះ ក៏​បាន​លើក​ឡើង​ដែរ​ថា៖ «សម្រាប់​ខ្ញុំ​យល់​​​​ថា ការ​ប្រើ​ថ្នាំ​​​ពេទ្យ (ឱសថ​សម័យ​) និង​ឱសថ​បុរាណ អាច​ដើរ​​​ទន្ទឹម​គ្នា​បាន ក្នុង​ករណី​​មាន​ការ​សហ​​​​​ការ​គ្នា​​ល្អ​​ពី​សំណាក់​អ្នក​ផលិត អ្នក​លក់ និង​អ្នក​ប្រកប​មុខ​របរ ក្នុង​វិស័យ​វេជ្ជសាស្រ្ត​បុរាណ​ដែល​​​មាន​ការ​ទទួល​​​​ខុស​ត្រូវខ្ពស់​វិជ្ជាជីវៈ​ខ្លួន​ មាន​ការត្រួតពិនិត្យ​ និង​ឆ្លង​កាត់​ការ​ពិសោធ​ពី​មន្ទីរ​ពិសោធន៍​​​ជាតិ​នៃ​​ក្រសួង​​​​សុខាភិបាល​ ​គោរព​​តាមច្បាប់គ្រងគ្រង​ឱសថ មាន​​​ស្តង់ដាត្រឹម​ត្រូវ​នៃ​ការ​ផលិត និង​ការ​វេច​​ខ្ចប់​នោះ​។ ពេល​ខ្លះ​ការ​ប្រើ​ប្រាស់​ឱសថ​បុរាណ​ មាន​ប្រិសិទ្ធ​ភាព​ល្អ​ជាង​ការ​ប្រើ​ថ្នាំ​​​​ពេទ្យ​​ទៀត​ផង ក្នុង​ករណីព្យាបាល​លើ​​ជំងឺ​មួយ​ចំនួនដែរ»​៕​