កំពង់ធំៈ ​យោង​ទិន្នន័យ​ស្រាវជ្រាវ​ចុងក្រោយ​សត្វ​ខ្សឹប ឬ​ហៅថា​ សត្វ​ក្ងោក​ទេព​ ដែលជា​សត្វ​កម្រ​នៅលើ​ពិភពលោក ត្រូវបាន​រកឃើញ​នៅ​កម្ពុជា​ចំនួន​ ៥៥០ ​ក្បាល កំពុង​រស់នៅ​តំបន់​ទំនាប​លិច​ទឹក​បឹង​ទន្លេសាប​ក្នុងប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​តម្លៃ​ជីវចម្រុះ និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរអន្តរជាតិ​មក​ទស្សនា​។ នេះ​បើតាម​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា។​

លោក​បានលើកឡើង​បែបនេះ នាឱកាស​ដឹកនាំ​ក្រុមការងារ អ្នកសារព័ត៌មាន និង​អង្គការ​ដៃគូ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​សហ​គម​ន៍​តំបន់​ការពារ​ប្រឡាយ នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ១១ ខែសីហា​។​

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ដោយ វាយតម្លៃ​ខ្ពស់​ចំពោះ​សហគមន៍​ការពារ​ធម្មជាតិ​ប្រឡាយ ក្នុង​ខេត្តកំពង់ធំ ដែល​បាន​ចូលរួម​ការពារ​សត្វ​ខ្សឹប ឬ​ហៅ ក្ងោក​ទេព ជា​សត្វ​កម្រ​នៅលើ​ពិភពលោក​មិនឱ្យ​មានការ​ធ្លាក់ចុះ ហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរអន្តរជាតិ​មក​ទស្សនា​។​

លោក​ថា​៖ «​យោងតាម​របាយការណ៍​នៅលើ​ពិភព​មាន​សត្វ​ខ្សឹប​សរុប​ប្រមាណ ៨០០​ ក្បាល នៅក្នុង​នោះ ឃើញ​មាន​ប្រហែល ៥៥០​ ក្បាល ស្មើ​ ៧០​ ភាគរយ​ នៅលើ​សកលលោក ហើយ​ក្នុងនោះ​ ២៣០ ​ក្បាល​ជា​ប្រភេទ​សត្វ​ខ្សឹប​ឈ្មោល ដែល​រស់នៅ​តំបន់​ទំនាប​លិច​ទឹក​បឹង​ទន្លេសាប​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​»​។​

លោក​បាន​គូសបញ្ជាក់ថា​ តាមរយៈ​ការចូលរួម​របស់​សហ​គម​ន៍​នៅក្នុង​ការអភិរក្ស គឺ​បានធ្វើឱ្យ​ប្រភេទ​សត្វ​ខ្សឹប​ដែលជា​សត្វ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រជាសាស្ត្រ​នៃ​សត្វ​ខ្សឹប​ច្រើនជាងគេ​នៅលើ​ពិភពលោក ដែល​នេះ​ជា​តម្លៃ​នៃ​ជីវចម្រុះ តម្លៃ​នៃ​ប្រព័ន្ធ​អា​កូ​ឡូ​ស៊ី ដែល​ត្រូវការពារ ហើយ​អ្វីដែល​បងប្អូន​ចូលរួម​នេះ​គឺជា​ការ​អនុត្ត​មួយ​ដ៏​ត្រឹមត្រូវ​។​

លោក​បន្តថា តាមរយៈ​គម្រោង​នេះ​មិន​ត្រឹមតែ​អភិរក្ស​សត្វ​ខ្សឹប​ប៉ុណ្ណោះ​ទេ ក្រសួងបរិស្ថាន ក្រោម​កិច្ចសហការ​ជាមួយ​សមាគម​អ​ភ​រ័​ក្ស​សត្វព្រៃ​កម្ពុជា WCS ថែមទាំង​ផ្តល់​ក្របី ៥០ ក្បាល និង​ធ្វើ​ស្រូវ​និរន្ត​រភាព SRP ដែលជា​ផ្នែក​មួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឈានដល់​ការឈប់​បរបាញ់​សត្វ និង​ការកាប់​ទន្ទ្រានព្រៃ​។​

ប្រធាន​សហគមន៍​ប្រឡាយ នៅ​ស្រុក​ស្ទោង​លោក មាស ថា​ន ថ្លែងថា តាមរយៈ​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​នេះ សហគមន៍​បាន​ផ្សព្វផ្សាយ​ការយល់ដឹង​ជា​សាធារណៈ​ដល់​ពលរដ្ឋ​ឱ្យចូល​រួមការ​ពារ និង​អភិរក្ស គួបផ្សំ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ជាប្រចាំ​ទើប​សត្វ​ខ្សឹប​នេះ​មិនសូវ​រង​ការគំរាមកំហែង​។

លោ​កថា ​កន្លងមក​គម្រោង​នេះ​ទទួលបាន​ចំណូល​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​ខាង​អឺ​រ៉ុ​ប ជាង​ ១ ​ម៉ឺន​ដុល្លារ សម្រាប់​យកទៅ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន ដូចជា​ជួសជុល​សាលារៀន ទិញ​កង្ហារ និង​ជួស​ជុល​ផ្លូវលំ​ជាដើម​។

លោក​ថា​៖ «​ឥឡូវនេះ​ពលរដ្ឋ​គាត់​យល់ដឹង​ច្រើន បើ​ពីមុន​ឃើញ​សត្វ​ខ្សឹប​នេះ ពលរដ្ឋ​តែង​បរបាញ់​យក​លក់​ឬ​ហូប ប៉ុន្តែ​ឥឡូវនេះ​អត់​ទេ មួយវិញទៀត​នៅពេល​ភ្ញៀវ​ទេសចរ​ចូលមក បើ​យើង​នាំ​គាត់​ឱ្យឃើញ​សត្វ​ខ្សឹប​គេ​ឱ្យ​តម្លៃ​ ១៥ ​ដុល្លារ​»​។​

កសិករ​ជា​សមាជិក​សហគមន៍​អ្នកស្រី សន សុកន បាន​ថ្លែងថា តាមរយៈ​គម្រោង​នេះ​សមាជិក​បាន​យល់ដឹង​ច្រើន​ពី​តម្លៃ​បរិស្ថាន ហើយ​អ្នកស្រី​បាន​ចូលរួម​ដាំ​ស្រូវ​និរន្ត​រភាព SRP ដោយ​ក្នុងនោះ​លក្ខខណ្ឌ មិនឱ្យ​ពលរដ្ឋ​ចូល​កាប់​ទន្ទ្រានព្រៃ និង​ការប្រើ​ថ្នាំ​គីមី​ស្រោចស្រព​ស្រូវ​ទៅតាម​ស្តង់ដា ដែល​បង្កើន​ចំណូល​ក្នុង​គ្រួសារ​ឈានដល់​ការឈប់​បរបាញ់​សត្វ​។​

អ្នកស្រីថា​​៖ «​ដំបូង​ពេលធ្វើ​ស្រែ​ម្តងៗ​យើង​បាញ់ថ្នាំ​គីមី​ច្រើន​គ្មាន​ស្តង់ដា និង​បោះចោល​ដប​ពេញ​ស្រែ បំពុលបរិស្ថាន និង​ងាប់​សត្វ​ខ្សឹប ប៉ុន្តែ​ឥឡូវនេះ​សហគមន៍​មានការ​យល់ដឹង​ច្រើន​»​។​

លោក ញឹ​ប ញឿ​ន អ្នកសម្របសម្រួល​គម្រោង​អភិរក្ស​នៅ​តំបន់ការពារធម្មជាតិ​ប្រឡាយ​ថ្លែងថា ក្រៅពី​អភិរក្ស​សត្វ​ខ្សឹប​នោះ ក្រសួងបរិស្ថាន បានផ្តល់​សត្វ​ក្របី​ចំនួន ៥០ ​ក្បាល​ ដល់​គ្រួសារ​ដែលជា​សមាជិក ដើម្បី​លើកកម្ពស់​ជីវភាព​ពួក​គាត់ ខណៈ​បច្ចុប្បន្ន​ក្របី​នោះ​បង្កើតកូន​បាន​ ១៥ ​ក្បាល​បន្ថែមទៀត​។

លោក​ថា​៖ «​ក្នុង​​ ៥០​ ក្បាល ក្រសួង​ផ្តល់ឱ្យ​ ២៥​ គ្រួសារ ដើម្បី​ច​ញ្ចឹ​ម​ប្រវាស់​គ្នា​ចិញ្ចឹម​ហើយ​លក់ ចំពោះ​លក្ខខណ្ឌ​វិញ​គ្រួសារ​ទាំងនោះ​ត្រូវមាន​ប្រវត្តិ​មិន​ធ្លាប់​ចូល​ទន្ទ្រាន​ដីព្រៃ និង​ចូលរួម​អភិរក្ស​សត្វ​ខ្សឹប​ជាដើម​»​។​ សត្វ​ខ្សឹប​ ៥៥០ ​ក្បាល​នេះ​ កំពុងមាន​វត្ត​មាននៅ​តំបន់ការពារធម្មជាតិ​ប្រឡាយ ស្រុក​ស្ទោង និង​នៅ​ស្រុក​បារាយ ខេត្តកំពង់ធំ​។ សហគមន៍​ប្រឡាយ ដែល​ក្រុម​អភិរក្ស​សត្វ​ខ្សឹប​​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៥០០​ គ្រួសារ គ្របដណ្តប់​លើ​ផ្ទៃដី ៣៣០ ​ហិកតា មាន​ ៣ ​ភូមិ ​រួមមាន​ ភូមិ​វាំង ភូមិ​ព្រៃខ្លា និង​ភូមិ​ឈូក​ជាដើម​៕