ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​បាននិង​កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ការផ្គត់ផ្គង់​ទឹកស្អាត ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ក្រោយពី​សេចក្តី​ព្រាងច្បាប់​នេះ​ បាន​ឆ្លង​ផុតពី​ក្រុមការងារ​អន្តរក្រសួង ​និង​កំពុង​បន្តនូវ​នីតិវិធី ​មុននឹង​ដាក់​ឆ្លង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​។ ការរៀបចំ​ច្បាប់​នេះ​ឡើង ​ដើម្បី​មាន​លទ្ធភាព​ក្នុង​ការគ្រប់គ្រង​វិស័យ​ទឹកស្អាត​ឱ្យមាន​គុណភាព ​និង​សេវាកម្ម​ល្អ​។​

រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​ លោក​ ហេង ​សុខគង់ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​“សមិទ្ធផល​សម្រេចបាន​រយៈពេល​ ៥ ឆ្នាំ​កន្លង​មក” ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​នា​ថ្ងៃ​ទី ១១ ​សីហា​ថា ​សេចក្តី​ព្រាងច្បាប់​នេះ​ គឺ​កម្ពុជា​នៅ​គ្រប់​សម័យកាល​នៃ​សង្គម ​មិនដែល​ធ្លាប់មាន​នោះទេ ​ទើបតែ​បច្ចុប្បន្ន ​ក្រសួង​បានរៀបចំ​ធ្វើឡើង ​ដើម្បី​គ្រប់គ្រង​ការផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព។ គោល​បំណង​សំខាន់ ​នៃ​ការរៀបចំ​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ការផ្គត់ផ្គង់​ទឹកស្អាត ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដើម្បី​មាន​លទ្ធភាព​ក្នុងការ​គ្រប់គ្រង​វិស័យ​ទឹកស្អាត​ឱ្យមាន​គុណភាព​ ប្រសិទ្ធភាព ​និង​សេវាកម្ម​ល្អ។

លោក​ថ្លែងថា​៖ «សេកក្តី​ព្រាង​ច្បាប់​នេះ ​បច្ចុប្បន្ន​ឆ្លង​ផុត​ដំណាក់កាល​នៃ​កិច្ចប្រជុំ​អន្តរក្រសួង ​ហើយក៏​ទទួលបាន​នូវ​អនុសាសន៍​យ៉ាងច្រើន ​និង​ល្អៗ ​ពី​ក្រសួង​ពាក់ព័ន្ធ ​ដែល​បាន​ចូលរួម​ជួយ ​មាន​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ ក្រសួង​ធនធានទឹក ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក្តី ​ ក៏ដូចជា​ក្រសួង​យុត្តិធម៌ ​ដែល​បាន​ជួយ​ជំរុញ​បន្ថែម​ទៅលើ​មាត្រា​ពាក់ព័ន្ធ​នឹង​ទោសពិន័យ​ផងដែរ»។​

លោក​ សុខ វិទិត្យ ​ប្រធាន​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​នៅ​ឃុំ​បន្ទាយ​នាង ​ខេត្ត​បន្ទាយ​មានជ័យប្រាប់ ​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១១​ សីហា​ថា ​ការរៀបចំ​សេចក្តីព្រាង​ច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ការផ្គត់ផ្គង់​ទឹកស្អាត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គឺជា​រឿង​ល្អ​បំផុត ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់ ​និង​មាន​ប្រសិទ្ធភាព​។ ទោះជា​យ៉ាងណា ​បច្ចុប្បន្ន​នៅតាម​ឃុំ​មួយចំនួន ​ប្រជាពលរដ្ឋ​មិនទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ​។​

លោក​បន្តថា ​ក្រោយពី​ទទួលបាន​ការអនុញ្ញាត ​ក្រុមហ៊ុន​របស់​លោក ​បាន​ជីក​កប់​ទុយោ ​ដើម្បី​ធ្វើការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ​។ ប៉ុន្តែ​នៅពេល​ដែល​មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ​បានធ្វើ​ឱ្យមាន​ការកាយ​ទុយោ​ទឹកស្អាត​ចេញ ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ចែកចាយ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ ទោះជា​យ៉ាណា ​លោក​ថា ​វា​មិនជា​បញ្ហា​ទេ ​នេះ​គឺជា​ការអភិវឌ្ឍ។

លោក​ថ្លែងថា​៖ «ការធ្វើ​ច្បាប់​នីមួយៗ​សុទ្ធតែ​ល្អ​ហើយ ​ដើម្បី​ជួយ​ឱ្យមាន​ការរីកចម្រើន​លើ​វិស័យ​ទឹកស្អាត​កម្ពុជា ​ទាំង​ការប្រើប្រាស់ ​និង​តម្លៃ»។​

យោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍បង្ហាញថា ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ (២០១៧-២០២១)​ សកម្មភាព​ផលិត​ទឹកស្អាត​សាធារណៈ​រាជធានី​-ខេត្ត ​និង​ឯកជន ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ១,៦៣២,០២៤,៥៤៨ ​ម៉ែត្រគុប ​គឺមាន​ការកើនឡើង ​៤៥.០៨% ​ធៀប​ទៅនឹង​អាណ​ត្តិ​ទី៥​ (១,១២៤,៩២៧,២០០ ​ម៉ែត្រគុប) ​នៃ​រាជរដ្ឋាភិបាល ​ដោយមាន​គម្រោង​របស់​បណ្តា​ដៃគូ​អភិវឌ្ឍន៍​នានា​ ជាពិសេស​ការពង្រីក​ប្រព័ន្ធ​ និង​បណ្ដាញ​ចែកចាយ ​និង​ការពង្រឹង ​និង​ពង្រីក​សមត្ថភាព​ផលិត​ទឹកស្អាត​ពី​អង្គភាព​រដ្ឋាករទឹក​សាធារណៈ ​និង​ឯកជន​ផងដែរ​។​

របាយការណ៍​ដដែល​បន្ត​ថា ​ជាមួយគ្នា​នេះ ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​តំបន់​ទីប្រជុំជន​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់ ​ជាពិសេស​ក្នុង​អំឡុងពេល ​៥ ឆ្នាំ ​ក្នុង​អាណត្តិ​ទី៦​ នៃ​រាជរដ្ឋាភិបាល​នេះ​។ អត្រា​គ្របដណ្តប់​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​តាម​ប្រព័ន្ធ​បណ្តាញ ​ក្នុង​តំបន់​ទីប្រជុំជន ​បាន​កើន​ឡើងដល់​ ៦៥.៧៩% ​មកដល់​ឆ្នាំ​ ២០២១ ​ដែល​គិត​ជា​ចំនួន​គ្រួសារ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ ​គឺ​កើន​ដល់​ចំនួន​ ១,៩៦១,៣៣៣​ គ្រួសារ​។​

ទន្ទឹមនឹង​នេះ ​ក្រសួង​បាន​យកចិត្តទុកដាក់​អនុវត្ត​គោល​នយោបាយ​ឧបត្ថម្ភ​ធន ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែលមាន​ប្រាក់ចំណូល​ទាប ​ដើម្បី​ទទួលបាន​ការប្រើប្រាស់​ទឹក ​ដែលមាន​តម្លៃ​ថោក ​ក្នុង​កម្រិត​អប្បបរមា ​ក្នុងនោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ​៧៧,៣៨២​ គ្រួសារ ​បានទទួល​នូវ​ការឧបត្ថម្ភ​ធន ​សម្រាប់​ការតភ្ជាប់​បណ្ដាញ​ទឹក​ស្អាត។

លើស​ពីនេះ​ទៀត​ ក្រសួង​បានកំណត់​ថ្លៃ​លក់​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ ​និង​ចុះកិច្ចសន្យា​ជាមួយ​ម្ចាស់​ផ្ទះជួល​ ៧០០​ រៀល​/ម៉ែត្រគុប ​ហើយ​ម្ចាស់​ផ្ទះជួល​លក់​ឱ្យ​កម្មករ ​កម្មការិនី ​សិស្ស ​និស្សិត ​ក្នុង​តម្លៃ ​៨០០​ រៀល​/ម៉ែត្រគុប​។ បច្ចុប្បន្ន ​សម្រេច​តភ្ជាប់​បណ្ដាញ​ទឹកស្អាត​បាន​ចំនួន ​៤,៩៩០ ​ផ្ទះ​ និង​អគារ ​ដែលមាន​បន្ទប់​ជួល​ចំនួន​ ១០៧,៨៦៩ ​បន្ទប់៕