
រដ្ឋមន្ត្រកសិកម្ម លោកវេង សាខុន កាត់ខ្សែបូ សម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង នៅស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី១០ សីហា។ រូបថត Agriculture's page
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការគាំទ្រពីធនាគារពិភពលោក កាលពីថ្ងៃទី ១០ ខែសីហា បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន នៃខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានជលផលនៅតំបន់ទន្លេមេគង្គលើឱ្យបានកាន់តែប្រសើរឡើង ១ កម្រិតទៀត។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីនោះថា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះ ស្របពេលដែលរដ្ឋបាលជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសាន មានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ក្នុងការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ ផងដែរ។
លោកបន្តថា ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ ដោយសារសង្គ្រាមរវាងរស្ស៊ី-អ៊ុយក្រែន មជ្ឈមណ្ឌលនេះ ប្រាកដជានឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសុវត្ថិភាពស្បៀង តាមរយ:ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងការធ្វើវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុង និងក្រៅតំបន់។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនឹងដើរតួនាទីផលិត និងផ្សព្វផ្សាយពូជវារីសត្វ ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម កន្លែងបង្កាត់ និងអភិរក្សពូជវារីសត្វ ឆ្លើយតបបានទាន់ពេលវេលា និងតម្រូវការជាចាំបាច់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលនៅតំបន់ទន្លេមេគង្គលើឱ្យបានកាន់តែប្រសើរឡើង។
មជ្ឈមណ្ឌលនេះនឹងបំពេញតួនាទីជាសេនាធិការផ្សព្វផ្សាយបច្ចេកទេស និងពូជវារីសត្វរបស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសាន។ លោករំពឹងថា នាពេលអនាគតដ៏ខ្លី អនុវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិច នឹងត្រូវបានលើកកម្ពស់ឱ្យកាន់តែល្អប្រសើរជាលំដាប់។ មិនតែប៉ុណ្ណោះ រក្សា ការពារ និងបង្កើតពូជត្រីកម្រ និងជិតផុតពូជឱ្យមានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះឡើងវិញ។ នេះ បើតាមលោករដ្ឋមន្ត្រី។
លោកថ្លែងថា៖ «ដើម្បីឱ្យផែនការសកម្មភាពនៃការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគឦសាន តាមរយ:មជ្ឈមណ្ឌលនេះ ខ្ញុំសូមសំណូមពរឱ្យធនាគារពិភពលោក អាជ្ញាធរខេត្ត ស្រុក កងកម្លាំងទាំង៣ ក្រសួង ស្ថាប័នពាក់ព័ន្ធ មេត្តាបន្តជួយផ្តល់កិច្ចសហការ ដើម្បីឱ្យមជ្ឈមណ្ឌលដំណើរការមុខងាររបស់ខ្លួនប្រកបដោយនិរន្តរភាព និងទទួលបានជោគជ័យដូចដែលយើងគ្រោងទុក»។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា នៅឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានសម្រេចទទួលយកប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី"ការគ្រប់គ្រងធនធានទឹកចម្រោះទន្លេមេគង្គ" ដំណាក់កាលទី៣។ ក្នុងនោះរដ្ឋបាលជលផលទទួលអនុវត្តសមាសភាពទី១ ផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វ នៅភូមិភាគឦសាន ហើយសមិទ្ធផលដែលបានដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺជាផ្នែក១នៃគម្រោង ដែលបានអនុវត្ត ក្នុងរយៈពេលកន្លងមក។
លោកបន្តថា មជ្ឈមណ្ឌលនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ និងបានបញ្ចប់នៅថ្ងែទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ នៅលើផ្ទៃដីសរុប ១០,៤ហត ចំណាយថវិកាសរុបចំនួន ១ ៧៥០ ២៥២ ដុល្លារអាមេរិក។ មជ្ឈមណ្ឌលមានស្រះសរុបចំនួន ២៤ ក្នុងនោះស្រះស្តុកទឹកធំ ១ ស្រះកូនត្រី ១២ ស្រះបំប៉នត្រីសាច់ ៤ ស្រះត្រីមេពូជ ៦ ស្រះចម្រោះទឹកកខ្វក់ និងផ្ទុកកាកសំណល់ ១ និងមានប្រព័ន្ធប្រឡាយបញ្ចេញ-បញ្ចូលទឺក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មានអគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្តុះបណ្តាល ការិយាល័យ បណ្ណាល័យ អាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជ ៦ អគារស្នាក់នៅមន្ត្រីរាជការ និស្សិត និងកម្មករ ឃ្លាំងស្តុកសម្ភារ ចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណតរថយន្ត របង រោងយាម និងអណ្តូងទឹកស្អាត។
លោកថ្លែងថា៖ «មជ្ឈមណ្ឌលមានការិយាល័យចំនួន ៣ គឺការិយាល័យរដ្ឋបាល ការិយាល័យបច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវនិងមន្ទីរពិសោធន៍»៕