សៀមរាបៈ ក្នុង​រយៈពេល​ ១០ ​ថ្ងៃ ​ក្នុង​ខែសីហា កូនឈើ​ចម្រុះ​ជិត​ ១​ ម៉ឺន​ដើម ត្រូវបាន​មន្ត្រីនៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ចែកជូន​ទៅដល់​សាធារណជន ​ដែល​ក្នុងនោះ​ក៏មាន​ព្រះសង្ឃ ​ដើម្បី​ដាំ​បន្ត​នៅតាម​គេហដ្ឋាន ​និង​វត្ត​អារាម ​ព្រមទាំង​បានផ្តល់ ​សម្រាប់​ធ្វើ​ការដាំនៅ​តំបន់​ភ្នំ​តាម៉ៅ​ផងដែរ​។​

នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​ព្រៃឈើ ​និង​ហេដ្ឋារចនាសម្ព័ន្ធ ​បានឱ្យដឹង​នៅ​ថ្ងៃទី ​១១ ​សីហា​ថា ​កូនឈើ​ចម្រុះ​ចំនួន​ ៩ ៥២០ ដើម​ទៀត ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ចែកជូន​ដល់​សាធារណជន ​ចាប់ពី​ថ្ងៃទី ​១ ​ដល់​ថ្ងៃ​ទី​ ១០​ ខែសីហា​ ឆ្នាំ​ ២០២២​។

បើ​តាម​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​ព្រៃឈើ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ​កូនឈើ​ដែល​ចែកជូន​ទាំងនោះ ​រួមមាន​កូនឈើ​គ្រញូង ​ធ្នង់​ ច្រេស ​ឈើទាល ​រំដួល ​គគីរ​ បេង ​និង​មាន​ប្រភេទ​ដើមឈើ​ជាច្រើន​ទៀត។​

កូនឈើ​ទាំងនេះ​ត្រូវបាន​ប្រគេន​ដល់​ព្រះគ្រូ​អនុគណ​ស្រុក​វ៉ារិន ចំនួន​ ៤២០ ​ដើម ដើម្បី​យកទៅ​ដាំ​ក្នុង​បរិវេណ​វត្ត​សុវណ្ណ​បុទុម ​ស្ថិតក្នុង​ភូមិ​រំដួល ​ឃុំ​វ៉ារិន ​ស្រុក​វ៉ារិន ​ខេត្ត​សៀមរាប​។ កូនឈើ​ទាំងនោះ​ រួមមាន គ្រញូង​ ២២០ ​ដើម​ ធ្នង់ ​១០០​ ដើម និង​បេង​ ១០០​ ដើម​។​

កូនឈើ​ចំនួន ៣ ០០០ ​ដើម ផ្តល់ជូន​ឃុំ​ទាំង ​៩ ក្នុងស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប ​ហើយ​កូនឈើ​ទាំងនេះ​ក៏​នឹង​មាន​ការចូលរួម​ដាំ​ព្រៃឈើ​ឡើងវិញ ​នៅ​រមណីយដ្ឋាន​ភ្នំ​តាម៉ៅ​ផងដែរ ​ដែល​កូនឈើ​ទាំងនោះ​រួមមាន ​គ្រញូង​ ១ ៣០០ ​ដើម ​ធ្នង់​ ១ ៣០០ ​ដើម ​បេង​ ២០០​ ដើម ​និង​ច្រេស​ ២០០​ ដើម​។​

ចំណែក​កូនឈើ​ចំនួន​ ៥០០​ ដើម ក៏ត្រូវ​បានផ្តល់​ជូន​លោក សេង សារី ​មេបញ្ជាការ​ទិស​យោធភូមិភាគ​ទី​៤ ​នៃ​កង​ទ័ព​ជើងគោក ​ដើម្បី​យកទៅ​ដាំ​នៅ​បរិវេណ​ទីបញ្ជាការ​នៅ​ភូមិ​ខ្នារ​ផ្ទោល ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ​ខេត្ត​សៀមរាប​ ដែល​កូនឈើ​ទាំងនោះ​ មាន​ គ្រញូង​ ១៥០​ ដើម​ ធ្នង់​ ១៥០ ​ដើម ​ឈើទាល​ ១០០ ​ដើម​ និង​រំដួល ​១០០​ ដើម​។​

ជាមួយ​គ្នា​នោះ​ដែរ ​សាលា​បឋមសិក្សា​ប្រាសាទ​គោកចក ​ក៏​ទទួលបាន​កូនឈើ​ចំនួន​ ២៧០ ​ដើម​ផងដែរ ​ដើម្បី​យកទៅ​ដាំ​លម្អ​ក្នុង​បរិវេណ​សាលារៀន ​សិ្ថត​ក្នុងភូមិ​វាល ​សង្កាត់​គោកចក ​ក្រុង​សៀមរាប ​ខណៈដែល​កូនឈើ​ចំនួន​២០០​ ដើម ​ក៏ត្រូវ​បាន​ចែកជូន​តំណាង​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា។​

លោក​ គី ឡាយ ​មេឃុំ​សសរស្តម្ភ ​បានទទួល​កូនឈើ ​ចំនួន​ ៩៥០​ ដើម ​ពី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​ព្រៃឈើ ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដើម្បី​យកទៅ​ដាំ​លម្អ​តាម​ដងផ្លូវ ​នៅ​ឃុំ​សសរស្តម្ភ ​ក្នុងស្រុក​ពួក​ផងដែរ ​ដែល​កូនឈើ​ទាំងនោះ​មាន​ប្រភេទ​ធ្នង់ ​និង​គគីរ។​

ចំណែក​កូនឈើ​ជាច្រើន​រយ​ដើម​ទៀត ​ត្រូវបាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ ​នៅតាម​បណ្តា​ស្រុក​នានា ​ដូចជា ​ស្រុក​ក្រឡាញ់ ​ខេត្ត​សៀមរាប ​ស្រុក​ស្រីសន្ធរ ​ខេត្ត​កំពង់ចាម ​និង​ស្រុកសន្ទុក ​ខេត្ត​កំពង់ធំ ​ដើម្បី​យកទៅ​ដាំ​បន្ថែម​នៅ​ដី​ទំនេរ ​ដាំ​នៅ​ដី​ផ្ទាល់​ខ្លួន​ជាដើម៕