
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត CGSU
ភ្នំពេញៈ ការធ្វើព្យាសកម្មឧបករណ៍មាត្រាសាស្ត្ររបស់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ បានធ្វើឱ្យកម្រិតលម្អៀងនៃប្រេងឥន្ធនៈ និងទម្ងន់ទំនិញផ្សេងៗនៅលើទីផ្សារកាន់តែតិចជាងមុន ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជាការលើកកម្ពស់ប្រសិទ្ធភាពអ្នកប្រើប្រាស់ និងសុចរិតភាពនៃការប្រកបអាជីវកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងឧស្សាហកម្ម។
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម នៅព្រឹកថ្ងៃទី ១១ ខែសីហាថា ចាប់តាំងពីមជ្ឈមណ្ឌលមាត្រាសាស្ត្របង្កើតឡើងមន្ត្រីជំនាញបានជំរុញការធ្វើព្យាសកម្មទៅលើរង្វាស់រង្វាល់ប្រេងឥន្ទនៈធ្វើឱ្យមានកម្រិតលម្អៀងកាន់តែតិចជាងមុន ជួយកុំឱ្យប្រជាពលរដ្ឋខាតបង់ថវិកាច្រើនដោយសារប្រេងឥន្ធនៈមិនគ្រប់លីត្រ។
លោកថ្លែងថា៖ «យើងបានខិតខំប្រឹងប្រែងណាស់នៅក្នុងការធ្វើយ៉ាងណាជំរុញការធ្វើព្យាសកម្ម គ្រប់ដៃបាញ់ប្រេងទាំងអស់ ការ៉ាស់សាំងទាំងអស់ ធុងដឹកប្រេង ឡានស៊ីទែនធំៗដឹកប្រេងទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យកម្រិតនៃការលម្អៀងកានតែតិច តិចមែនទែនដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រផង លើកកម្ពស់ការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងមានសុចរិតភាពនៃការប្រកបអាជីវកម្ម»។
លោកបានលើកឡើងថា ចំពោះការថ្លឹងជញ្ជីងប្រជាពលរដ្ឋដែលលក់ដូរដំឡូងមី ស្រូវ និងទំនិញនៅតាមផ្សារខ្លះ បានត្អូញត្អែថា មានការស៊ីភ្នែកជញ្ជីង ប៉ុន្តែបច្ចុប្បន្ននេះក្រោមការត្រួតពិនិត្យ ការធ្វើព្យាសកម្មរបស់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិបង្ហាញថា ការកេងបន្លំស៊ីភ្នែកជញ្ជីងកាន់តែតិចជាងមុន។
លោកថា មាននៅតាមផ្សារខ្លះ អាជីវករមួយចំនួនអាចបន្លំភ្នែកជញ្ជីង ប៉ុន្តែយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះពលរដ្ឋមានភាពងាយស្រួលជាងមុន ព្រោះមានការដាក់ជញ្ជីងយុត្តិធម៌ដែលពលរដ្ឋអាចថ្លឹងមើលជាក់ស្តែងបាន។
លោកបញ្ជាក់ថា៖ «យើងដាក់តម្កល់ជញ្ជីងមួយនៅកណ្តាលផ្សារ ដែលយើងហៅថាជញ្ជីងយុត្តិធម៌។ជញ្ជីងនេះបានធ្វើព្យាសកម្មត្រឹមត្រូវ ដោយមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ អ៊ីចឹងនៅពេលយើងថ្លឺងពីគាត់ [អាជីវករ] ហើយ យើងអាចធ្វើការផ្ទៀងផ្ទាត់ជាមួយ ជញ្ជីងយុត្តិធម៌ឱ្យដឹង ថាតើត្រឹមត្រូវហើយឬនៅ គ្រប់គីឡូហើយឬនៅ»។
លោក ប៊ី ពិទូរ្យ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិបានពន្យល់បន្ថែមថា មាត្រាសាស្ត្រគឺនិយាយអំពីទម្ងន់ និងរង្វាស់រង្វាល់ ដែលចំណុចនេះមានសារសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោកថា បើគ្មានមាត្រាសាស្ត្រ គឺអាចនឹងធ្វើឱ្យមានការប៉ះពាល់ច្រើនលើការរស់នៅរបស់ពលរដ្ឋជាពិសេសពាក់ព័ន្ធបញ្ហាសុខភាព និងសេដ្ឋកិច្ច។ លោកបានលើកជាឧទាហរណ៍ ដូចជា ឧបករណ៍វាស់សម្ពាធឈាម ឬ ទែរម៉ូម៉ែត្រវាស់កម្តៅមនុស្សអាចនាំឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្ស បើវាមិនត្រឹមត្រូវតាមខ្នាត។
លោកថ្លែងថា៖ «បើនិយាយពីខ្នាត ចាំបាច់ត្រូវតែត្រូវ បើមិនត្រូវមិនអាចធ្វើអីបានទេ។ អ៊ីចឹងហើយបានជារៀងរាល់ឆ្នាំនៅលើពិភពលោកគេតែងតែជួបជុំគ្នា ពិភាក្សាគ្នាអំពីខ្នាត វិវឌ្ឍពីម្ងៃ៉ទៅម្ងៃ៉ រហូតមកដល់ឥឡូវ ការវាស់ជាឡាហ្សែ៊អីគ្រប់បែបយ៉ាងគឺសុទ្ធតែជាការងារអភិវឌ្ឍន៍ផ្នែកខ្នាតទាំងអស់»។
ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិបានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានស្ថានីយប្រេងទូទាំងប្រទេសប្រមាណជាង ៣ពាន់ និងមានដៃបាញ់ប្រេងប្រមាណជាង ៣ ម៉ឺន ត្រូវបានធ្វើការត្រួតពិនិត្យ។ លោកថានៅឆ្នាំ ២០២០ ក្នុងចំណោមដៃបាញ់ប្រេងជាង ៣ ម៉ឺននោះ មិនត្រឹមត្រូវប្រមាណ ៩,៨ ភាគរយ ប៉ុន្តែក្រោយការជំរុញការយកចិត្តទុកដាក់ត្រួតពិនិត្យបន្ថែមទៀតដៃបាញ់ប្រេងទាំងអស់នោះសម្រាប់ឆ្នាំ ២០២១ ធ្លាក់មកនៅត្រឹម ៤,៦ ភាគរយ។
ដោយឡែកពាក់ព័ន្ធនឹងទម្ងន់ បច្ចុប្បន្នកម្ពុជាមានជញ្ជីងតោនប្រមានជាង ៤០០ គ្រឿងនៅទូទាំងប្រទេស ប៉ុន្តែមានការលំបាកក្នុងការត្រួតពិនិត្យព្រោះជញ្ជីងមួយចំនួននៅឆ្ងាយៗ។ ក្នុងនោះមន្ត្រីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិបានត្រួតពិនិត្យជញ្ជីងតាមផ្លូវទាំងអស់របស់ក្រសួងសាធារណការ និងបានពិនិត្យជញ្ជីងរបស់ប្រជាពលរដ្ឋមួយចំនួនដែលប្រកបរបរការងារដោយខ្លួនឯងផងដែរ។ ការត្រួតពិនិត្យនេះគឺដើម្បីឱ្យមានតុល្យភាពនៃជញ្ជីងតាមផ្លូវរបស់ក្រសួងសាធារណការ និងជញ្ជីងឯកជនរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «យើងនេះមានតួនាទីសំខាន់ណាស់ ក្នុងការធ្វើជាអាជ្ញាកណ្តាលសម្រាប់ជួយថាជញ្ជីងនេះ ១០០ តោន ហើយជញ្ជីងនោះក៏ ១០០ តោន ដោយផ្អែកលើបច្ចេកទេស និងឧបករណ៍របស់យើងសម្រាប់ធ្វើការត្រួតពិនិត្យ ដើម្បីឱ្យជញ្ជីងទាំងអស់ហ្នឹងស្មើគ្នាចៀសវាងការប្រកែកគ្នា»។
លោកបានលើកឡើងទៀតថា ដោយឡែកជញ្ជីងតាមផ្សារមានការដាក់ច្រើននៅតាមផ្សារសំខាន់ៗទូទាំងប្រទេស សម្រាប់ប្រជាពលរដ្ឋអាចសាកមើលបាន ប៉ុន្តែយ៉ាងណាក៏ដោយកន្លែងផ្សារខ្លះនៅមិនទាន់បានដាក់នៅឡើយទេ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែឧសភា បណ្តាប្រទេសលើពិភពលោកតែងប្រារព្ធទិវាមាត្រាសាស្ត្រពិភពលោក ក្នុងគោលបំណង់រំឭកពីការចុះហត្ថលេខាស្តីពីអនុសញ្ញាខ្នាត ដែលត្រូវ បានរៀបចំឡើងនាថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ១៩៧៥ ដោយក្នុងពេលនោះមានតំណាងប្រទេសចំនួន ១៧ បានចុះហត្ថលេខា។ អនុសញ្ញានេះ ផ្តល់ជាមូលដ្ឋានសម្រាប់ប្រព័ន្ធរង្វាស់រង្វាល់ឱ្យមានភាពស៊ីចង្វាក់គ្នាទូទាំងពិភពលោកដែល ជួយគាំទ្រដល់ការរកឃើញវិទ្យាសាស្ត្រ និងនវានុវត្តន៍ ផលិតផលឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការ លម្អគុណភាពជីវិត និងការការពារបរិស្ថានពិភពលោក។
មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិនៃក្រសួងឧស្សាហកម្មកម្ពុជាក៏បាន រៀបចំទិវាមាត្រាសាស្ត្រពិភពលោកនេះផងដែរ ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់ និងឥទ្ធិពលនៃមាត្រាសាស្ត្រក្នុងយុគសម័យឌីជីថល ក៏ដូចការរស់នៅតាមរយៈការ ជួយដោះស្រាយបញ្ហាពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុវត្ថិភាព និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត៕