ភ្នំពេញៈ លោក​ សន វិបុល អ្នក​ស្រាវ​ជ្រាវ​និង​ជាសាស្ត្រា​ចារ្យនៃ​ដេប៉ាតឺ​ម៉ង់​គ្រប់គ្រង និង​អភិវឌ្ឍធន​ធានធម្ម​ជាតិនៃ​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា ស្ត្រី​កម្ពុជា​ដើរតួនា​​ទីយ៉ាង​សំខាន់ ​ក្នុង​ការប្រើប្រាស់​ថាមពល​ដោយសន្សំសំចៃសម្រាប់​គ្រួសារ និង​អាជីវក​ម្ម​ខ្នាត​តូច។

ការ​ថ្លែង​របស់​លោក​សន វិបុល បែប​នេះ​ធ្វើឡើង​ក្នុង​សិក្ខា​សាលាឌីជី​ថល ​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ថាមពល នៃ​យុទ្ធនាការ «ខ្ញុំ​សន្សំ (iSave)»ដែល​បាន​សហការ​ជាមួយ ស៊ី អ៊ិន​វេសមិន (SHE Investments)​​ ​តាមរយៈប្រព័ន្ធ​ Zoom​ កាលពី​ថ្ងៃទី ១០ ខែ​សីហា ។

លោក​ សន វិបុល ថ្លែងថា ស្ត្រីមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ថាមពល​នៅ​ក្នុង​គ្រួសារ​នៅ​លើស​កល​លោក។ ការ​សិក្សា​ភាគ​ច្រើន​ទទួល​ស្គាល់​ថា ការ​ចូល​រួម​របស់​ស្ត្រីនៅ​ក្នុង​វិស័យ​ថាមពល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ប្រសិទ្ធភាព​ថាមពល​សកល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ​

លោក​បាន​លើក​ឡើង​ថា ការ​សិក្សាថ្មីៗ​នេះ​បង្ហាញ​ថា ការចូល​រួមក្នុង​ការ​សម្រេ​ចចិត្ត​អំពីថា​មពល​របស់ស្ត្រី​អាចជួយ​កាត់​បន្ថយ​វិក្កយបត្រ​អគ្គិសនី​​បាន​រហូត​ដល់ ២៣% នៅក្នុង​គ្រួសារ​ដែល​ដឹក​នាំដោយ​ស្ត្រី ដែលគាំទ្រ​ដល់​បរិស្ថាន​ប្រសិទ្ធភាព​ថាមពល​សម្រាប់​និរន្តរ​ភាព។

​លោក​ថ្លែង​ថា៖ «ស្ត្រីកម្ពុជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​នាម​ជាអ្នក​ផលិត​ថាមពល និង​ជាអ្នក​គ្រប់គ្រង​ថាមពល ​សម្រាប់គ្រួសារ និងអាជីវ​កម្មខ្នាត​តូច។ ការ​ទទួល​បាន​ថាមពល​ដែល​មានតម្លៃស​មរម្យ និងប្រសិទ្ធ​ភាព គឺ​ជាតម្រូវ​ការដ៏​សំខាន់​សម្រាប់​ការ​សម្រេច​ឱ្យ​បាន​នូវ​កំណើន សេដ្ឋ​កិច្ច​និងការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​»​។

វាគ្មិន​រូបនេះ​គូស​បញ្ជក់​ថា​ ទោះជា​ការ​ចូល​រួម​របស់​ស្ត្រីត្រូវ​បាន​ផ្តល់អាទិភាព​តិច​ទាក់​ទង​នឹង​ទស្សន​វិស័យថា​មពល ​​ប៉ុន្តែការ​ចូល​រួម​យ៉ាង​សកម្ម និង​ឥទ្ធិពល​របស់​ស្ត្រីលើ​បរិបទ​សង្គម សេដ្ឋកិច្ច​បរិស្ថាន និង​សកម្មភាព ទាក់ទង​នឹងវិស័យ​ថាមពល​ ភាគ​ច្រើន​ត្រូវ​បាន​គេមិន​អើពើ​ដោយមិន​យក​ចិត្តទុក​ដាក់​លើស​កម្មភាព​របស់​ស្រី។

ថាមពល​ក៏ជារឿង​ដ៏សំខាន់​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ស្ត្រី ដែល​ត្រូវ​ការថាមពល​សម្រាប់​ការងារ​ផ្ទះ​របស់​ពួកគេ​ដូច​ជាការ​ចម្អិន​អាហារ។ សម្រាប់​ការប្រើ​ប្រាស់​ប្រកប​ដោយ​ផលិត​ភាពដែល​អាច​ឱ្យពួក​គេរួម​ចំណែក​ដល់ប្រាក់​ចំណូល​គ្រួសារ​។

យ៉ាង​ណាក៏​ដោយ នៅក្នុង​សិក្ខាសាលា​នោះ លោក​វាគ្មិន​បាន​លើកឡើង​ពីគន្លឹះ​សន្សំសំចៃ​ថាមពល​សម្រាប់​ទូរទស្សន៍​ ដោយ​បាន​បង្ហាញ​និង​ណែនាំ​ឱ្យ​បន្ថយ​ពន្លឺ​ទូរទស្សន៍ បិទ​អេក្រង់ នៅពេល​ស្តាប់​តន្ត្រី កំណត់​ម៉ោង​គេង និង ទិញ​ទូរទស្សន៍​ដែលមាន​ស្លាក​ថាម​ពលទាប។

ជាមួយ​គ្នានោះ​លោក​ក៏បានបង្ហាញ​ភាព​ខុស​គ្នា​ដ៏សំខាន់​រវាង​ម៉ាស៊ីន​ត្រជាក់ ​២ ប្រ​ភេទ គឺ inverter AC និង Non-Inverter AC ដែល​ក្នុង​ចំណោម ​២ ​ប្រភេទ​នេះ ​អ្នក​ប្រើប្រាស់​ដែលចង់​សន្សំ​សំចៃថា​មពលគួរ​ជ្រើសរើស​ទិញម៉ាស៊ីត្រ​ជាក់​ដែល​មាន Inverter AC។

លោក​បញ្ជាក់​ថា៖ «របៀប​ក្នុង​ការ​ទិញ Ac ឱ្យបាន​ត្រឹម​ត្រូវ​គឺយើង​ត្រូវ​ទិញ​ឱ្យសម​ស្របតា​ម​ទំហំនៃ​បន្ទប់ ជំនួស​ឱ្យការ​ស្វែងរក ជម្រើស​ដែល​មាន​តម្លៃថោ​ក។ ជាធម្ម​តាម៉ាស៊ីន​ត្រជាក់​ធំជាង​មុន​នឹងធ្វើ​ឱ្យសីតុណ្ហ​ភាព​ក្នុង​បន្ទប់ឈា​នដ​ល់កម្រិត​ ត្រជាក់​​លឿន​ជាង​មុននិង​ជួយ​សន្សំសំចៃ​ការ​ចំណាយ​របស់​អ្នកបាន​មួយ​កម្រិត​ផង​ដែរ​» ។

​ចំពោះ​គន្លឹះ​សម្រាប់ម៉ា​ស៊ីនបោក​គក់​លោក​វាគ្មិន​បាន​ណែនាំថា​ ត្រូវ​ចៀស​វាងការប្រើ​ម៉ាស៊ីនបោក​គក់​​តិច​ជាង​កម្រិត​អតិ​បរិមារ​របស់​វា។ វា​នឹង​កាន់​តែ​ប្រសើរ ប្រសិន​ប្រើម៉ា​ស៊ីន​បោក​គក់​ស្រប​តាមសមត្ថ​ភាព​របស់​វា។ សម្លៀក​បំពាក់​ដែល​កខ្វក់​ត្រូវ​តែ​ត្រាំ​ជា​មុនឱ្យបាន​ច្រើន​ម៉ោង វានឹង​ជួយ​កុំឱ្យ​​ម៉ាស៊ីន​ធ្វើការ​ហួស​កម្លាំង។ សម្រាប់​សម្លៀ​កបំពាក់​ដែល​មិន​ប្រឡាក់​ខ្លាំង សូម​ដាក់​ម្សៅ​សាប៊ូ​ក្នុង​បរិមាណ​តិច​និង​កំណត់​ម៉ាស៊ីន​នៅ​កម្រិត​បោក​គក់​ស្រាល​ជាង​មុ​ន​។

បន្ថែម​លើ​នេះ លោក​ សន វិបុល បាន​បង្ហាញ​ពីការ​សន្សំ​សំចៃ​ភ្លើង​អគ្គិសនី​តាម​រយៈ​ការ​ប្រើទូទឹក​កក និងទូ​បង្កកផង​ដែរ។ ​លោក​បាន​​ណែនាំឱ្យ​លាង​សម្អាត​រន្ធ​ខ្យល់របស់​ទូនៅរៀង​រាល់ ​៦ ខែម្តង​ ដើម្បី​ឱ្យរន្ធ​ខ្យល់សាយ​ភាយ​បា​នត្រឹម​ត្រូវ​។ លាង​សម្អាត​ផ្នែក​ខាង​ក្នុង​នៃ​ទូរទឹកកក​ឱ្យបាន​២ដង​ក្នុង​១ឆ្នាំ ចៀស​វាង​ផ្ទុក​ចំណី​អាហារ និង​របស់​ច្រើន​លើស​កម្រិត​នៃទូ​ទឹកកក។

ចំណែក​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​ក្នុង​ផ្ទះបាយ​លោក​វាគ្មិន​ប្រាប់​ថា កុំដាំ​ទឹក​ក្នុង​ឆ្នាំង​ដែល​ចំហ​កម្របនាំឱ្យ​មិន​ងា​យ​ពុះ​និង​ខាត​ថាមព​ល គួរ​តែការ​បិទ​គម្រប​ជិត​នឹង​ធ្វើឱ្យទីក​ឆា​ប់ពុះ។ សម្អាត​ឧបករណ៍​ដុត​ចង្ក្រាន និង​ឧបករណ៍​ផ្សេងៗ​ទៀត​ឱ្យស្អាត​ វាអាច​ជួយ​ចម្ល​ង​កំដៅ​បានលឿន​និង​ចំណាយ​ថាមពល​អស់​តិច។

នៅពេ​លដែលអា​ហារដែលអ្នក​កំពុង​ចម្អិនចាប់​ផ្តើមឆ្អិន​សូម​កំណត់​កម្ដៅ​ចង្ក្រាន​អគ្គិស​នីទៅ​កម្រិត​ទាប។ ក្រៅពី​នេះវាគ្មិន​ក៏បាន​​ធ្វើការ​ចែក​រំលែក​ចំណេះ​ដឹងក្នុង​ការសន្សំ​ថាមពល​អគ្គិសនី​​ក្នុង​ការ​ប្រើប្រាស់​ឧបរណ៍​អេឡិច​ត្រូវ​និក​ក្នុង​ផ្ទះផ្សេងៗ​ទៀត​ ក៏ដូចជា​ការ​ប្រើអំពូល​ភ្លើង​អគ្គិស​នីផងដែ​រ។

លោក​ Marc Thayre អ​នុប្រធាន​បេសក​កម្ម​នៃ​ស្ថាន​ទូតអង់​គ្លេស​ប្រចាំនៅ​កម្ពុជាបាន​លើកឡើង​ថា ស្ត្រីដើ​រតួយ៉ាង​សំខាន់​ក្នុង​ការគ្រប់​គ្រង​ការប្រើប្រាស់​ថាមពល ហើយ​ការគាំទ្រ​ស្ត្រីនៅ​ក្នុង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​ដែល​ទា​ក់ទងនឹ​ងថា​មពលធុរ​កិច្ច​មាន​សារៈ​សំខាន់​ណាស់​។

​លោក​ថា Carbon Trust ​បាន​បង្កើត​យុទ្ធនាកា​រ «ខ្ញុំសន្សំ​»នេះដើម្បី​បង្កើន​ល្បឿន​ការយល់​ដឹងអំពី​សារៈសំ​ខាន់​នៃ​ប្រសិទ្ធភាព​ថា​មពល និង​ដើម្បី​ផ្តល់​ឱ្យ​សហ​គមន៍ អាជីវ​កម្ម និង​អ្នក​បង្កើត​គោល​នយោបាយ​ណែនាំចាំ​បាច់​ដើម្បីធ្វើ​ការផ្លាស់ប្តូរ​​​ទម្លាប់​ការ​ប្រើប្រា​ស់ថា​មពល។

លោកថ្លែង​ថា៖ «ចក្រ​ភព​អង់​គ្លេស តាម​រយៈ LCEP មានមោទន​ភាព​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​យុទ្ធនា​ការ​សាធា​រណៈ​លើក​ដំបូង​របស់​កម្ពុជា ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​អំពីសារៈ​សំខាន់​ នៃ​ប្រសិទ្ធភាព​ថាមព​ល​ នៅ​ក្នុងជី​វិតប្រ​ចាំ​ថ្ងៃរប​ស់យើង​»។

លោក​បន្តថា ការ​ពិតថ្មីៗនេះ​ គូស​បញ្ជាក់​អំពី​ជម្រើស​សំខាន់ៗ ​ដែល​ប្រឈម​មុខ​នឹង​អនា​គត​ថាមពល ​​គឺគ្រប់គ្នា​ត្រូវតែ​ឆ្លាត​ជាង​មុន​ក្នុងការ​បង្កើត​ថាមពល រក្សា​ទុក​ថាមពល និង​ប្រើប្រាស់​ថាមពល។ ការ​ប្រែប្រួល​អាកាសធាតុ​​គឺជាប​ញ្ហាប្រឈ​ម​ដ៏ធំបំ​ផុត​ក្នុង​ពេលបច្ចុប្ប​ន្ននេះ។

លោក​បញ្ជាក់​ថា៖​ «ចក្រភព​អង់​គ្លេស​កំពុង​ប្រើប្រាស់​តំណែង​ជាប្រធាន​នៃ COP26 ដើម្បីរក្សា​ការប្រែប្រួ​ល​អាកាស​ធាតុ​ក្នុង​របៀប​វារៈនយោ​បាយ ដូច្នេះ​យើង​រក្សាម​ហិច្ឆតា​ដើម្បីរ​ក្សា 1.5 C ឱ្យនៅ​បាន»៕