
លោក សុន ឆ័យ ពេលចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ កក្កដា។ ហេង ជីវ័ន
ភ្នំពេញៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានសម្រេចចោទប្រកាន់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» តាមបទប្បញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងបានបញ្ជូនសំណុំរឿងទៅចៅក្រមជំនុំជម្រះ។
យោងតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ដែលចុះហត្ថលេខាដោយ លោក ប្លង់ សុផល កាលពីថ្ងៃទី ៩ សីហា បញ្ជាក់ថា លោក ស៊ុន ឆ័យ ពិតជាបានទទួលស្គាល់ថា ខ្លួនពិតជាបានផ្តល់បទសម្ភាស និងទទួលស្គាល់ នូវខ្លឹមសារនៃបទសម្ភាសរបស់ខ្លួននៅក្នុងកម្មវិធី IDIA TALK។
លោកសរសេរបន្តថា ខ្លឹមសារនៃបទសម្ភាសរបស់ លោក សុន ឆ័យ ពិតជាបានបង្ហាញឱ្យឃើញនូវធាតុផ្សំនៃបទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលបង្ហាញតាមសម្តី របស់លោក សុន ឆ័យ បានធ្វើការអះអាងដោយបំផ្លើស និងជាការទម្លាក់កំហុសទៅលើគណបក្សប្រជាជនកម្ពុជាថា បានគ្រប់គ្រងលើការបោះឆ្នោត មានការបំភិតបំភ័យប្រជាពលរដ្ឋ មុនថ្ងៃបោះឆ្នោត មានការលួចទិញសន្លឹកឆ្នោត និងការបំបាត់នូវឆន្ទៈរបស់ប្រជាពលរដ្ឋជាដើម ដែលសម្តីទាំងនេះ ពុំមានភ័ស្តុតាងណាមួយ ដែលយកមកបញ្ជាក់ឱ្យឃើញច្បាស់ថា ការអះអាងរបស់ខ្លួនជាការពិតនោះឡើយ។
លោក ប្លង់ សុផល បញ្ជាក់ទៀតថា ភ័ស្តុតាងដែលជនសង្ស័យ ក៏ដូចជា មេធាវីការពារសិទ្ធិឱ្យជនសង្ស័យ បានដាក់ជូនមកដើម្បីពិនិត្យនោះ តំណាងអយ្យការ បានពិនិត្យឃើញថា ជាភ័ស្តុតាងដែលត្រូវបានលើកឡើងដោយឯកតោភាគី ជាការអះអាងរបស់ក្រុមមួយ ឬអង្គការសង្គមស៊ីវិលមួយចំនួន ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដែលមិនអាចឱ្យតំណាងអយ្យការធ្វើការថ្លឹងថ្លែង និងពិចារណាទទួលថា ជាភ័ស្តុតាងដែលអាចយកមកបញ្ជាក់ពីសម្តីរបស់ជនសង្ស័យ ឈ្មោះ សុន ឆ័យ ថា ជាការអះអាងត្រឹមត្រូវឡើយ។
លោកអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០២២ ត្រូវបានធ្វើឡើង ត្រឹមត្រូវតាមច្បាប់ និងស្ថិតនៅក្រោមការតាមដានពីអ្នកសង្កេតការណ៍ជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន ៧២ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចំនួន ១៩ ប្រតិភូស្ថាទូត ឬស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា ចំនួន ៥ ស្ថាប័ន។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដើម្បីសុំធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះបានទេនៅថ្ងៃទី ១១ ខែសីហា។
ចំណែក មេធាវីរបស់លោក គឺលោក ជូង ជូងី បានស្នើសុំមិនធ្វើអត្ថាធិប្បាយនោះទេ ព្រោះលោក មិនទាន់ទទួលបានលិខិតពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញនៅឡើយ។ តែយ៉ាងណាក្តីលោកធ្លាប់ថ្លែងថា ការប្តឹងកូនក្តីរបស់លោក គឺមិនត្រឹមត្រូវនោះទេ ព្រោះកូនក្តីរបស់លោក គឺជាអ្នកនយោបាយ និងមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍៍ យ៉ាងខ្លីនៅថ្ងៃទី ១១ ខែសីហាថា ការសម្រេចចោទប្រកាន់ លើលោកសុន ឆ័យ គឺជារឿងរបស់តុលាការ លោកសុំមិនធ្វើអត្ថាធិប្បាយនោះទេ ។
គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធការចោទប្រកាន់និងការរិះគន់របស់លោក សុន ឆ័យ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយស្នើសុំឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤ ពាន់លានរៀល ឬស្មើនឹង ១ លានដុល្លារអាមេរិក៕
វីដេអូ៖