
សមត្ថកិច្ចកំពុងពិនិត្យសាកសពកម្មកររងគ្រោះ។ រូបថត BTV
កោះកុងៈ កម្មករក្រុមហ៊ុនរោងចក្រអគ្គិសនីតាតៃលើ ៤ នាក់បានស្លាប់ និងរបួសក្នុងករណីគ្រោះថ្នាក់បាក់ដីផ្លូវរូងក្រោមដី នៅការដ្ឋានទំនប់វ៉ារីអគ្គិសនីនេះ កាលពីព្រលប់ថ្ងៃទី ១០ ខែសីហា នៅចំណុចភូមិសាស្ត្រឃុំឫស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះកុង។
លោក យ៉ែម វិចិត្រ នាយនគរបាលប៉ុស្តិ៍ឫស្សីជ្រំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១១ ខែសីហាថា កម្មកររងគ្រោះទាំង ៤ នាក់ គឺជាបុរស រួមមានឈ្មោះ នី វណ្ណៈ អាយុ ៣៤ ឆ្នាំ មានលំនៅភូមិមេចាន់ស ឃុំថ្មី ស្រុកកំពត ខេត្តកំពត។
អ៊ុត ចាន់ អាយុ ៣១ ឆ្នាំ មានលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ អ្នកទាំង ២ បានស្លាប់នៅកន្លែងកើតហេតុ ខណៈឈ្មោះ ចេន ណាក់ អាយុ ៣៣ ឆ្នាំ មានលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរបួសធ្ងន់ និង ឈ្មោះ បៀន អាយ អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរបួសស្រាល។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
លោកបានបញ្ជាក់ថា៖ «ករណីបាក់ដីក្នុងរូងក្រោមដីនៃការដ្ឋានទំនប់វារីអគ្គិសនីតាតៃលើនេះ ត្រូវបានគេសង្ស័យថា បណ្ដាលមកពីកម្មករទាំងនោះ ខ្វះបច្ចេកទេសក្នុងការជីករូងធ្វើផ្លូវក្រោមដី»។
លោកបានបន្តថា តាមការបំភ្លឺរបស់កម្មករដែលធ្វើការងារនៅក្នុងការដ្ឋានសាងសង់ផ្លូវរូងក្រោមដី នៃក្រុមហ៊ុនទំនប់វារីអគ្គិសនីនេះ នៅមុនពេលកើតហេតុ កម្មកររងគ្រោះត្រូវបានគេបញ្ជូនទៅធ្វើការនៅក្នុងផ្លូវរូងក្រោមដីទី៣។
មួយសន្ទុះធំក្រោយមក ក៏ស្រាប់តែបាក់ស្រុតដីនិងថ្មនៅផ្នែកខាងលើរូងក្រោមដីនោះ សង្កត់ពួកគេបណ្ដាលឱ្យស្លាប់២នាក់និងរងរបួសធ្ងន់និងស្រាល ២ នាក់។
លោកបានប្រាប់ឱ្យដឹងទៀតថា បន្ទាប់មកក្រុមកម្មករមួយចំនួន ដែលធ្វើការនៅទីនោះ បាននាំគ្នាជួយកាយយកសពជនរងគ្រោះ នាំយកទៅតម្កល់ទុកនៅវត្តថ្មបាំង ដើម្បីរង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី។
នៅរសៀលថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២ មានសាច់ញាតិជនរងគ្រោះម្នាក់នៅខេត្តកំពត បានមកទទួលយកសព ទៅធ្វើបុណ្យ ហើយភាគីក្រុមហ៊ុនអគ្គិសនីតាតៃលើ ក៏បានដោះស្រាយសំណងមួយចំនួន ដល់គ្រួសារសពជនរងគ្រោះផងដែរ។
លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រោយពីមានករណីគ្រោះថ្នាក់នេះកើតឡើង លោកបានណែនាំដល់ម្ចាស់ក្រុមហ៊ុនឱ្យដកកម្លាំងកម្មករចេញពីទីតាំងនោះ ទៅធ្វើនៅទីតាំងដែលមានសុវត្ថិភាព ឬអនុញ្ញាតឱ្យកម្មករបានឈប់សម្រាកជាបណ្ដោះអាសន្ន ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាថ្មីម្ដងទៀត ព្រោះក្នុងខណៈនេះអាកាសធាតុមិនអំណោយផល គឺបានធ្លាក់ភ្លៀង ៤-៥ ថ្ងៃមកហើយ។
លោកថ្លែងថា៖ «យើងបានប្រាប់ទៅម្ចាស់ក្រុមហ៊ុនរួចហើយថា ដើម្បីសុវត្ថិភាពកម្មករ ក្រុមហ៊ុនគួរតែអនុញ្ញាតឱ្យកម្មករឈប់សម្រាកមួយរយៈសិន រង់ចាំអាកាសធាតុអំណោយផលនៅពេលណា ឱ្យពួកគេ ចុះធ្វើការតាមផែនការវិញចុះ ហើយខាងក្រុមហ៊ុនគេក៏យល់ព្រមដែរ»៕