
រដ្ឋមន្ត្រី និងមន្ត្រីកសិកម្មក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូតអូស្ត្រាលីពីថ្ងៃទី ១១ សីហា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឯកអគ្គរដ្ឋទូតអូស្ត្រាលីបង្កើតកម្មវិធីសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀត រួមទាំងការកែច្នៃផលិតផលកសិកម្ម សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ ២០២២ នេះ។
ការស្នើរបស់លោក វេង សាខុន ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំង ២ ជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅថ្ងៃទី ១១ សីហា នៅទីស្តីការក្រសួងកសិកម្ម។ លោកថ្លែងថា៖ «ចំពោះគម្រោងកិច្ចសហប្រតិបត្តិការថ្មី ខ្ញុំសង្ឃឹមថា គម្រោងថ្មីស្តីពីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំងថែមទៀត»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានស្នើ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ជួយពិនិត្យ និងគាំទ្រជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករនៅទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានផលិតពូជគ្រឹះរួចហើយ។ លោកថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា និងប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះអង្ករហូបទៅជាប្រទេសដែលមានអតិរេកអង្ករ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់អង្ករល្អលេខ ១ លើពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាផងដែរ។
លោក Pablo Kang ថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កន្លងមក ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មតាមរយ:ភ្នាក់ងារ AusAid លើការផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជំរុញ និងលើកកម្ពស់ផលិតភាពផលិតកម្មតាមរយ: ៖ ១- ការអភិរក្សពូជដំណាំសំខាន់ៗ។ ២- ការអភិវឌ្ឍ និងបញ្ចេញពូជដំណាំល្អៗឱ្យកសិករប្រើប្រាស់។ ៣- ការអភិវឌ្ឍ និងផ្ទេរបច្ចេកទេសកសិកម្ម ជាពិសេសបច្ចេកទេសគ្រប់គ្រងធនធានដីកសិកម្ម និងការប្រើប្រាស់សារធាតុចិញ្ចឹមឱ្យមាននវានុវត្តន៍ និរន្តរភាព និងផលចំណេញសេដ្ឋកិច្ច។ ៤- ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទេពកោសល្យផ្នែកកសិកម្ម និង ៥- ការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយដៃគូអន្តរជាតិដ៏ច្រើនរួមទាំងកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី / Cambodia-Australia Agricultural Value Chain Program (CAVAC) ផងដែរ។
លោកថ្លែងថា៖ «លទ្ធផលដែលគម្រោង CAVAC សម្រេចបានពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការចូលរួមកសាង និងអភិវឌ្ឍខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា បើទោះបី គម្រោង CAVAC នឹងបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ ក៏ដោយ»។ តាមរយ: លោកឯកអគ្គរដ្ឋទូត លោក វេង សាខុន បានស្នើសុំទៅរដ្ឋាភិបាលអូស្ត្រាលីឱ្យបន្តជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាតាមរយ:គម្រោង ឬកម្មវិធីថ្មីៗផ្សេងទៀត។
យោងតាមរបាយការណ៍របស់ស្ថានទូតអូស្ត្រាលីបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៣០ លានដុល្លារអូស្ត្រាលីតាមរយៈកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្ត្រសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជាក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង។
របាយការណ៍នេះបន្តថា កម្មវិធី CAVAC នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី ១៥ ខែសីហា ប៉ុន្តែនេះមិនមែនជាការបញ្ចប់នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឆ្ពោះទៅមុខនោះទេ។ បើតាមរបាយការណ៍ដដែលនេះ កម្មវិធីថ្មី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចធន់ (CAP-RED) ក្នុងទំហំទឹកប្រាក់ ១០៧ លានដុល្លារអូស្ត្រាលីនឹងបន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនភាពធន់របស់កម្ពុជាទាក់ទងនឹងវិស័យកសិកម្ម/ការកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គមប្រកបដោយបរិយាបន្ន៕