ភ្នំពេញៈ គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ (UN ESCAP) នៅ​ថ្ងៃទី​ ១០ ខែ​សីហា បានប្រកាស​ពី​ដំណើរការ​គំនិត​ផ្តួចផ្តើម​ថ្មី​ស្តីពី​ការប្រើប្រាស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ ​(STI) សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។

គំនិត​ផ្តួចផ្តើម​នេះ​នឹង​បង្កើត​ភាពជា​ដៃគូ​ដែល​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម និង​ឱកាស​ពង្រឹង​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ សមត្ថភាព​បច្ចេកវិទ្យា​ និង​របកគំហើញ​នវានុវត្តន៍​ក្នុង​ចំណោម​ប្រទេស​ទាំង ​៤ ​នេះ​។ UN ESCAP បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១០ សីហា ថា ដើម្បី​បំពេញ​តាម​ការសន្យា​របស់ STI ក្នុង​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ប្រទេស​នានា​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​ ដើម្បី​កសាង​សក្តានុពល​នៃ​ចំណេះដឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ឌីជីថល និង​នវានុវត្តន៍​អាជីវកម្ម​។ កម្មវិធី​នេះ​នឹង​កំណត់​ពី​វិស័យ​ជាក់លាក់ ធនធាន និង​ការប្តេជ្ញា​ចិត្ត​របស់​ស្ថាប័ន ដើម្បី​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ ដែល​សហការ​លើ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​។

សេចក្តី​ថ្លែងការណ៍​បន្តថា «​ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ប្រទេស​នានា​ចាំបាច់​ត្រូវ​ប្រើប្រាស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ តាមរយៈ​ការសម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ខាងត្បូង-​ខាងត្បូង និង​ត្រីកោណ​ក្នុង​តំបន់​នេះ យើង​សង្ឃឹម​ថា នឹង​ជំរុញ​សមត្ថភាព​ច្នៃប្រឌិត​ជាតិដោះស្រាយ​បញ្ហា​ប្រឈម​សង្គម​ដែល​មាន​អាទិភាព​ខ្ពស់ និង​ការចិញ្ចឹម​បីបាច់​ថែរក្សា​វិបុលភាព​រួមគ្នា​»​។

លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ និង​ជា​ប្រធាន UN ESCAP ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​គំនិត​ផ្តួចផ្តើម​នេះ​តាម​ប្រព័ន្ធ​វីដេអូ​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​នា​ថ្ងៃទី​ ១០ ខែ​សីហា ថា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ប្រទេស​នានា​ចាំបាច់​ត្រូវ​ប្រើប្រាស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

លោកស្រី​បាន​ថ្លែងថា​៖ «​តាមរយៈ​ការសម្រប​សម្រួល​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យនេះ យើង​សង្ឃឹម​ថា នឹង​ពង្រឹង​សមត្ថភាព​នវានុវត្តន៍​ថ្នាក់ជាតិ ដោះស្រាយ​បញ្ហា​ប្រឈម​សង្គម​ដែល​មាន​អាទិភាព​ខ្ពស់ និង​ផ្តល់​នូវ​វិបុលភាព​រួមគ្នា​»​។

លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ថ្លែងថា កិច្ចសហប្រតិបត្តិការ STI រវាង​ប្រទេស​ជិតខាង​មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​ចង់​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​បរិបទ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

លោក Kittipong Promwong ប្រធាន​ការិយាល័យ​ឧត្តមសិក្សា​ជាតិ​ និង​ក្រុមប្រឹក្សា​គោលនយោបាយ វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍ (NXPO) នៃ​ប្រទេស​ថៃ​ថ្លែងថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​គាំទ្រ​ដល់​ប្រជាជន និង​ភពផែនដី​តាមរយៈ​ការពង្រីក​ការប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា និង​ចំណេះដឹង​វិទ្យាសាស្ត្រ​សម្រាប់​វិស័យ​សេដ្ឋកិច្ច​កាន់តែ​មាន​និរន្តរភាព​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា គំនិត​ផ្តួចផ្តើម​នេះ​បន្ថែម​លើ​បណ្តាញ​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​អាស៊ីប៉ាស៊ីហ្វិក​ស្តីពី​គោលនយោបាយ​គំនិត​ផ្តួចផ្តើម STI ហើយ​នឹង​ត្រូវអនុវត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ​គោលនយោបាយ ដើម្បី​រៀបចំ​គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​មើល​ទៅ​ខាងមុខ និង​ផ្អែកលើ​ភ័ស្តុតាង​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​។

រដ្ឋមន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៩ ​កាលពី​ខែមិថុនា​ បាន​សម្ដែង​នូវ​ការប្ដេជ្ញាចិត្ត​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បន្ទាប់ពី​មាន​ការបើក​ឡើងវិញ​នូវ​ច្រកព្រំដែន​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​។

រដ្ឋមន្ត្រី​ទាំងអស់​ក៏បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​ការសម្រេច​ឱ្យបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ជាពិសេស​ក្នុង​ការដោះស្រាយ​ជារួម​នូវ​បញ្ហា​បរិស្ថាន បញ្ហា​ប្រឈម​ក្នុងសង្គម និង​ការបង្កើត​ឱកាស​សេដ្ឋកិច្ច​៕