
អាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់ទៅទីទួលសុវត្ថិភាពនៅស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃម្សិលមិញ។ រូបថត រដ្ឋបាលខេត្តរតនគិរី
រតនគិរីៈ អាជ្ញាធរខេត្តរតនគិរីបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែសីហាថា កម្ពស់ទឹកទន្លេស្រែពកបានជន់ឡើងលើសពីកម្រិតប្រកាសអាសន្ន និងបានបង្កការជន់លិចផ្ទះប្រជាពលរដ្ឋចំនួន ១៣ ភូមិ ក្នុងឃុំចំនួន ៣ នៃស្រុកលំផាត់ ហើយប្រជាពលរដ្ឋជាង ៣០០ គ្រួសារ ត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោក អ៊ុំ សុវណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរីបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កម្ពស់ទឹកទន្លេស្រែពក គិតត្រឹមម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី ១១ ខែសីហានេះបានជន់ឡើងដល់ ១២,៩០ ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន ០,៤០ ម៉ែត្រ។
លោកថ្លែងថា៖ «នៅពេលនេះ អាកាសធាតុនៅតែបន្តអួអាប់នៅឡើយ ហើយទឹកទន្លេស្រែពកបានជន់ឡើងបង្កការលិចលង់លំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងឃុំចំនួន ៣ នៃស្រុកលំផាត់»។
នៅក្នុងខណៈនេះ អាជ្ញាធរស្រុកលំផាត់កំពុងចល័តទូក កាណូត ចុះជួយអន្តរាគមន៍ដឹកប្រជាពលរដ្ឋ ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ដែលកំពុងរងការលិចលង់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
លោក ក្លុល ថើង អធិការស្រុកលំផាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទឹកបានជន់លិចលំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិតាំងពីយប់ថ្ងៃពុធ។ គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ ភូមិចំនួន ១៣ ស្ថិតនៅក្នុងឃុំជ័យឧត្តម ឃុំសេដា និងឃុំកាឡែង បានរងការជន់លិចទាំងស្រុង ហើយពលរដ្ឋជាង ៣០០ គ្រួសារ ត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងរៀបចំសាងសង់ជម្រកតង់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះទឹកជំនន់នៅលើទីទួលសុវត្ថិភាព ដើម្បីឱ្យពួកគាត់ស្នាក់នៅជាបណ្ដោះអាសន្ន»។
លោកបានបន្តថា ចំពោះស្ថានភាពទឹកនៅតែបន្តជន់ឡើងនៅឡើយ ដែលទាមទារឱ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួន ដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីទឹកលិចផ្ទះមិនអាចរស់នៅបន្តទៀតបាន។ ជាមួយគ្នានេះ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តរតនគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះទឹកជំនន់កំពុងបង្កផលប៉ះពាល់ដំណាំស្រូវ និង ដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកលំផាត់សរុប ចំនួន ៧៣៥ ហិកតា។
លោកបានសម្ដែងក្ដីព្រួយកង្វល់ថា៖ «ដំណាំស្រូវ និងដំណាំរួមផ្សំទាំងនោះ និងរងការខូចខាត ប្រសិនបើទឹកជំនន់នេះ អូសបន្លាយក្នុងរយៈពេលលើសពី ១ សប្ដាហ៍»។
ដោយឡែកនៅឯស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនន់ទឹកភ្លៀង និងទឹកទន្លេស្រែពកបានបង្កការខូចខាត និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទ ស្ពាន ជាច្រើនកន្លែង និងជន់លិចប៉ះពាល់លំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ។ នេះបើតាមសម្ដី លោក ជាក់ ម៉េងហៀង អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី។

អាជ្ញាធរតាមដានពិនិត្យកម្ពស់ទឹកតាមទន្លេនៅខេត្តរតនគិរី។ រូបថត មន្ទីរព័ត៌មានខេត្តរតនគិរី
លោក ម៉េងហៀង បានបន្តថា៖ «នៅពេលនេះស្ថានភាពទឹកជំនន់នៅមិនទាន់បង្កជាហានិភ័យធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចយើងបានត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេច ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីតំបន់ប្រឈមការជន់លិចធ្ងន់ធ្ងរទៅកាន់ទីទួលមានសុវត្ថិភាព»។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកោះញែក ដែលភ្នំពេញប៉ុស្តិ៍ទទួលបានជំនន់ទឹកភ្លៀង និងទឹកទន្លេស្រែពកបានបង្កការខូចខាតកំណាត់ផ្លូវលំចំនួន ៤ ខ្សែ មានប្រវែងសរុប ២៥០ ម៉ែត្រ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងឃុំចំនួន ៤ រួមមាន ឃុំណងឃីលឹក ឃុំរយ៉ ឃុំសុខសាន្ត និងឃុំស្រែហ៊ុយ។
របាយការណ៍បានបន្តថា ក្រៅពីខូចខាតផ្លូវលំ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ ជំនន់ទឹកភ្លៀងដែលហូរស្រុងធ្លាក់មកតាមតំបន់នានាបានបង្កជាចរន្តទឹកហូរកួចខ្មួលខ្មាញ់ ហូរបុកបាក់ស្រុតក្បាលស្ពានអូរជីមៀតប្រវែង ២០ ម៉ែត្រ ដែលមានទីតាំងនៅក្នុងឃុំណងឃីលឹក។
បច្ចុប្បន្នរដ្ឋបាលស្រុកបានដាក់ទូក ២ គ្រឿង សម្រាប់ចម្លងប្រជាពលរដ្ឋ។ ចំណែកអាជ្ញាធរខេត្តព្រះសីហនុបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ក្នុងរយៈពេល ១ សប្ដាហ៍កន្លងមកនេះ ភ្លៀងបានធ្លាក់ជារៀងរាល់ថ្ងៃក្នុងកម្រិតមធ្យម ប៉ុន្តែកាលពីយប់ថ្ងៃពុធភ្លៀងបានធ្លាក់ក្នុងកម្រិតបង្គួរ ដែលជាហេតុបង្កឱ្យមានការជន់លិចលំនៅឋានប្រជាពលរដ្ឋមួយចំនួននៅក្នុងសង្កាត់លេខ ៤ សង្កាត់លេខ ១ និងសង្កាត់លេខ ២ នៃក្រុងព្រះសីហនុ។ ប៉ុន្តែគ្មានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះទេ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតត្រឹម ម៉ោង ១១:៣០ នាទីព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងសង្កាត់ទាំង ៣ នេះបានស្រកចុះទៅវិញស្ទើរអស់ទាំងស្រុងហើយ។
លោកបានបញ្ជាក់ថា៖ «នៅខណៈនេះ អាជ្ញាធរកំពុងប្រើគ្រឿងចក្រកាយស្ដារអូរ ប្រឡាយ បើកពង្រីកមុខទឹកឱ្យបានធំទូលាយ ដើម្បីឱ្យទឹកហូរចុះទៅសមុទ្របានកាន់តែលឿនជាងមុន»។
ទោះយ៉ាងណាក៏ដោយ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ដាប់ព័ត៌មាន និងសេចក្តីជូនដំណឹងអំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមឱ្យបានជាប្រចាំព្រោះនៅចន្លោះថ្ងៃទី ១០-១៦ ខែសីហានេះ តំបន់មាត់សមុទ្រនៃប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះ MULAN ដែលធ្វើឱ្យមានភ្លៀង និងខ្យល់បក់បោកខ្លាំង៕
វីដេអូ៖