ព្រះសីហនុៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​កំពុង​បន្ត​ធ្វើការ​ស៊ើបអង្កេត​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ករណី​ជនជាតិ​ចិន​បាញ់សម្លាប់​ថៅកែ​ជនជាតិ​ចិន​ម្នាក់​ស្លាប់ ហើយ​បាន​បើក​រថយន្ត​រត់គេច​ខ្លួន​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យស្លាប់​ទាំងអស់​ ៣ កាល​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ៩​ សីហា ខណៈ​ជនរងគ្រោះ​ជនជាតិ​ចិន​ម្នាក់​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ សីហា ថា ករណី​នេះ កម្លាំង​ជំនាញ​របស់​លោក កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត ជុំវិញ​បទល្មើស​នេះហើយ​លោក​ក៏​មិនទាន់​កំណត់​បាន​ពី មូលហេតុ​នៃ​បទល្មើស​នេះ​នៅឡើយ​ដែរ​។ ប៉ុន្តែ​អំពើ​ចាក់ និង​បាញ់​សម្លាប់​មនុស្ស​បែប​នេះ​ជា​ករណី​មនុស្សឃាត​។

លោក​បាន​ថ្លែងថា​៖ «​យើង​អត់​ទាន់​ដឹងថា ជា​ករណី​ចាប់​ជំរិត ឬមួយ​យ៉ាងណាទេ ក៏ប៉ុន្តែ​ជំហាន​ដំបូង​នេះ ករណី​ចាប់​ជនរងគ្រោះ​ចាក់​ហើយ​បាញ់សម្លាប់​។ នេះ​ជា​ករណី​មនុស្ស​ឃាត​ហើយ ហើយ​ទី​ ២ ​យើង​កំពុងតែ​បន្ត​ធ្វើការ​ស៊ើបអង្កេត​ថា​តើ​ជា​ករណី​មនុស្ស​ឃាត​បណ្តាល​មកពី​មូលហេតុ​អ្វី​»​។

បើតាម​លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ៩ ​សីហា​មាន​រថយន្ត​ ១​ គ្រឿង​ដែលមាន​បុរស​ខ្មែរ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ថៅកែ​ជនជាតិ​ចិន​ម្នាក់ និង​មាន​បុរស​ជនជាតិ​ចិន​ចំនួន​ ៥​ នាក់​ទៀត ជិះ​នៅក្នុង​រថយន្ត​នោះដែរ ដែល​សរុប​មាន​ជនជាតិ​ចិន​ទាំងអស់​ចំនួន​ ៥​ នាក់​ (​ជនរងគ្រោះ ​២ ​នាក់​)​។

លុះ​រថយន្ត​បើក​មកដល់​ចំណុច​កើតហេតុ​ក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ស្រាប់តែ​ជនល្មើស​ម្នាក់​ក្នុង​ចំណោម​ ៣​ នាក់​បាន​ចាក់​ថៅកែ​ជនជាតិ​ចិន​ហើយ​បាញ់សម្លាប់​នៅនឹង​កន្លែង ភ្លាមៗ​នោះ​ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​អ្នកបើកបរ​រថយន្ត​ដែលជា​ជនជាតិខ្មែរ​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​បាន​រត់​សំដៅ​ទៅរក​កន្លែង​ដែលមាន​មនុស្ស​ ដើម្បី​ឱ្យគេ​ជួយ​ហើយ​ក្រុម​ជនសង្ស័យ ​៣​ នាក់​បាន​បើករថយន្ត​រត់គេចខ្លួន​ដោយ​នាំយក​បុរសរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់​ទៅជា​មួយ​ផង​។

លោក​បន្ថែមទៀត​ថា នៅពេល​នោះ កម្លាំង​នគរបាល​របស់​លោក​បាន​ដេញតាម​ ដើម្បី​បង្ក្រាប​ក្រុម​ជនសង្ស័យ និង​ដើម្បី​រំដោះ​ជនរងគ្រោះ​ផង ប៉ុន្តែ​ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ស្លាប់​ ២ ​នាក់​នៅ​កន្លែង​កើតហេតុ​ រីឯ​ជនសង្ស័យ​ម្នាក់ និង​ជនរងគ្រោះ​ម្នាក់ទៀត រងរបួស​ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹកយក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ តែ​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​របួស​ធ្ងន់​បាន​ស្លាប់​ នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

មន្ត្រីនគរបាល​ក្រុងព្រះសីហនុ​ម្នាក់​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ​សីហា ថា រថយន្ត​ដែល​ក្រុម​ជនល្មើស​ជនជាតិ​ចិន​ជិះ​ធ្វើ​សកម្មភាព ម៉ាក​ឡង់គ្រីស័រ ពណ៌​ស ពាក់​ស្លាក​លេខ 2BA-6111 បាន​បើក​ដល់​ចំណុច​មុខ​សណ្ឋាគារ ៥២០ ស្ថិត​នៅក្នុង​សង្កាត់​លេខ ​៤​ ដោយ​ក្រុម​ជនសង្ស័យ​បាន​ចាក់ និង​បាញ់​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់ ហើយ​ទម្លាក់​សព​ពី​លើ​រថយន្ត​។

ភ្លាមៗ​នោះ​ត្រូវបាន​កម្លាំង​អន្តរាគមន៍ ក្រុង​ព្រះសីហនុ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខេត្ត​ដេញ​តាម​បង្ក្រាប​រហូតដល់​ចំណុច​ភូមិ​- ឃុំ​អណ្តូងថ្ម ស្រុក​ព្រៃនប់​ ដែល​រថយន្ត​របស់​ក្រុម​ជនសង្ស័យ​បាន​បុក​នឹង​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ២​ នាក់ និង​របួស​ ២ ​នាក់​។ នៅក្នុង​រថយន្ត​ ១​ គ្រឿង​នោះ សមត្ថកិច្ច​រកឃើញ​កាំភ្លើងខ្លី​ ១ ​ដើម ខ្នោះដៃ​ ១ និង​កាំបិត​ចុង​ស្រួច ​១​។

ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​នៅ​ក្រុង​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន ត្រូវ​បាន​លោកស្រី ជៀប សុធាវី អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ សីហា ថា ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ​ស្ងប់ស្ងាត់ និង​មាន​ការបើក​ឱ្យ​ធ្វើ​ដំណើរ​ចេញ​-​ចូល​តាម​ជើងយន្តហោះ និង​ការបើក​ឱ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ ឃើញ​ថា បញ្ហា​អំពើហិង្សា​ និង​ការផ្ទុះអាវុធ​ផ្សេងៗ​បាន​កើតឡើង​ជា​បន្តបន្ទាប់ ហើយ​បញ្ហា​ទាំងអស់​នេះ​មិនមែន​មានតែ​សមាគម​របស់​លោកស្រី​នោះ​ទេ​ដែល​ចាប់អារម្មណ៍​ សូម្បីតែ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​លោក​យកចិត្ត​ទុកដាក់ ហើយ​បាន​ចេញ​នូវ​វិធានការ​ឱ្យ​សមត្ថកិច្ច​គ្រប់​ខេត្ត​ធ្វើការ​​ចុះ​ពិនិត្យ​ទីកន្លែង​ស្នាក់នៅ​របស់​ជនបរទេស​ផងដែរ​។

លោកស្រី​បន្តថា​៖ «​អ្វីដែល​យើង​ឆ្ងល់​គឺ​ហេតុអ្វី​បាន​ជា​ជនបរទេស​ទាំងអស់​នោះ មាន​កាំភ្លើង​ប្រើ​។ ទោះបីជា​ជនរងគ្រោះ​ជា​គ្នា​គាត់​ក៏ដោយ ប៉ុន្តែ​ទីកន្លែង​កើតហេតុ​នៅលើ​ទឹកដី​កម្ពុជា​។ រឿង​ឈ្លោះ​ទាស់ទែង​គ្នា​ជំរិត​ទារប្រាក់​អី កើតមាន​ច្រើន​ដែរ​នៅ​ខេត្ត​ព្រះសីហនុ តែ​ខ្ញុំ​មិន​ដឹងថា ហេតុអ្វី​បាន​ជា​ពួកគាត់​មិន​ខ្លាច​ញញើត​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​នោះទេ​»៕