សៀមរាបៈ រដ្ឋសភា​កម្ពុជា​សហកា​រ​ជាមួយ​លេខា​ធិកាដ្ឋាន​នៃ​សហភាព​អន្តរសភា​អាស៊ាន (​អាយ​ប៉ា) និង​មជ្ឈមណ្ឌល​សភា​អាស៊ី (PCAsia) បាន​រៀបចំ​សិក្ខាសាលា​សភា​ថ្នាក់​តំបន់​រយៈពេល ២ ថ្ងៃ​ដើម្បី​ផ្លាស់ប្ដូរ​យោបល់ ​និង​បទពិសោធ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​​លើ​កកម្ពស់​ការ​ឆ្លើយតប​ចំពោះ​គ្រោះអាសន្ន​សុខាភិបាល។

​សិក្ខាសាលា​សភា​ថ្នាក់​តំបន់​នេះ​រៀបចំឡើង​ក្រោម​ប្រធានបទ «​តួនាទី​របស់​សភា​ក្នុង​ការ​លើក​កម្ពស់​ការឆ្លើយតប​ប្រកបដោយ​បរិយាប័ន្ន និង​ចីរភាព ចំពោះ​គ្រោះអាសន្ន​សុខាភិបាល​៖ ករណី​សិក្សា​អំពី​ប្រសិទ្ធភាព និង​បញ្ហា​ប្រឈម​ក្នុងការ​ឆ្លើយតប​របស់​ថ្នាក់ជាតិ​ទៅ​នឹង​ជំងឺ​កូវីដ ១៩»។

​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​ទី ៨ នៃ​រដ្ឋសភា និង​មានការ​ចូលរួម​ពី​លោក លោកស្រី​នៃ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្ត​សៀមរាប តំណាង​ឣង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​សភា​ឣាស៊ី PCAsia និង​សិក្ខាកាម​មកពី​ឣាស៊ាន និង​តំបន់​ផ្សេងៗ​ប្រមាណ​ជាង ៥០ នាក់​ពីថ្ងៃ ១០-១១ សីហា​នៅ​សៀមរាប។​

លោកស្រី ឡោក ខេង ថ្លែងថា​តាមរយៈ​សិក្ខាសាលា​នេះ គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​កាលា​នុវត្តភាព​នៃ​ការផ្លាស់ប្ដូរ​យោបល់ និង​បទពិសោធ ជាពិសេស​គឺ​តួនាទី​សភា​ក្នុង​ការ​លើក​កម្ពស់​ការ​ឆ្លើយតប​ប្រកបដោយ​បរិយាប័ន្ន និង​ចីរភាព​ចំពោះ​គ្រោះអាសន្ន​សុខាភិបាល។​

​លោកស្រី​ថ្លែងថា​៖ «​ការរៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​ក៏​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ចំណុច​វិជ្ជមាន អវិជ្ជមាន​ពី​វិធីសាស្ត្រ​នានា​ដែល​បាន​អនុវត្ត​ក្នុង​ដំណាក់កាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ កន្លងមក​ដើម្បី​ពង្រឹង​យន្តការ​ទាំងអស់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​ចំពោះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​នាពេល​អនាគត»។​

​លោកស្រី​បាន​បន្តថា កម្ពុជា​ដែលមាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​មាន​ការ​ដឹកនាំ​រឹងមាំ​ទាន់​សភាពការណ៍​តាមរយៈ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឣង្គការ​សុខភាព​ពិភពលោក រួមទាំង​ប្រើប្រាស់​មធ្យោបាយ និង​កម្លាំង​សរុប​ទូទាំង​ប្រទេស ក្នុង​នោះ រដ្ឋសភា​បាន​ឣនុម័ត​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ជាដើម។

​លោកស្រី​បញ្ជាក់ថា ក្នុងពេល​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ប្រឆាំង​កូវីដ ១៩ ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រី្ត​ដើម្បី​គ្រប់គ្រង​ការឆ្លង និង​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ប្រចាំខែ​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ផលប៉ះពាល់​ពី​កូវីដ ១៩ ។

​លោកស្រី​បន្តថា​៖ «​មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជរដ្ឋាភិបាល បាន​ប្រើ​គោលនយោបាយ​ស្រោច​វ៉ាក់សាំង​ដើម្បី​បង្កើត​ភាពស៊ាំ​សហគមន៍​បាន​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ និង​អាច​បើក​ប្រទេស​ឡើងវិញ​ដោយ​ភាព​ជឿជាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់»។​

​លោកស្រី ឡោក ខេង បាន​បន្ថែមថា វត្តមាន​នៃ​គ្រប់ភាគី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​ថ្ងៃនេះ គឺ​ពិតជា​បង្ហាញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​រឹងមាំ​ក្នុង​តំបន់ ដើម្បី​រិះរក​នូវ​គោល​នយោបាយ យុទ្ធសាស្ត្រ​នានា ក្នុងការ​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​ចំពោះ​គ្រោះអាសន្ន​ទៅ​ថ្ងៃ​អនាគត។​

​លោក គីម​យា​ត ដា​រា​ឫទ្ធិ នា​​យក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សភា​ឣាស៊ី ថ្លែងថា សិក្ខាសាលា​នេះ​គឺ​ដើម្បី​ពិភាក្សា​ពី​កង្វល់​ទូទៅ​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩ ក្នុងការ​ប្រៀបធៀប​តួនាទី​ដែល​សភា​សមាជិក AIPA ដើរតួនាទី​ក្នុង​អំឡុង​ពេល​ឆ្លើយតប និង​ការស្តារ​ឡើងវិញ។​

​លោក​ថា​៖ «​សិក្ខាសាលា​នេះ​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុងការ​ការពារ​សុវត្ថិភាព​សាធារណៈ និង​សុខុមាលភាព​ពេល​មាន​អាសន្ន​ផ្នែក​សុខភាព និង​គោលការណ៍​នៃ​ឣភិបាលកិច្ច​ល្អ និង​ប្រសិទ្ធភាព​តាមរយៈ​សកម្មភាព​សភា»។​

​លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងថា ជោគជ័យ​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​កូវីដ ១៩ ពេលនេះ ដោយសារ​មានការ​ដឹកនាំ​ដ៏​រឹងមាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាជន​កម្ពុជា​ក៏ដូច​ការ​ខំ​ប្រឹងប្រែង​ទាំង​ក្នុង និង​ក្រៅ​វិស័យ​សុខាភិបាល និង​ដៃគូ​ផ្សេងទៀត។

​លោកស្រី​ថា​៖«​ក​ម្ព​ជា​ទុកជា​គំរូ​ល្អ​ដែល ៧០% នៃ​ចំនួន​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​នៅ​ខែកញ្ញា​ឆ្នាំ ២០២១ ដែល​បំពេញ​តាម​គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក»៕