
លោក ហ៊ុន សែន បូជាគ្រឿងសក្ការៈនៅចេតិយសពលោក ហ៊ុន ណេង នៅថ្ងៃ ១១ សីហា។ រូបថត ក្រសួងព័ត៌មាន
កំពង់ចាមៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ១១ ខែសីហា បានប្រារព្ធពិធីបុណ្យគម្រប់ខួប ១០០ ថ្ងៃនៃសពលោក ហ៊ុន ណេង ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភាជាបងប្រុសបង្កើតរបស់លោក ដែលបានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងកាលពីខែឧសភាកន្លងទៅ។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានឱ្យដឹងនៅថ្ងៃទី ១១ ខែសីហា ថា លោករួមទាំងសាច់ញាតិនៃសពបានបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម្សៅគ្រឿងឧបភោគបរិភោគ ភេសជ្ជៈគ្រប់សារពើនៅទីសក្ការៈចេតិយតម្កល់សពលោក ហ៊ុន ណេង ដែលមានទីតាំងស្ថិតនៅរមណីយដ្ឋានភ្នំប្រុសក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រភពដដែលបញ្ជាក់ថា៖ «នៅក្នុងពិធីតាមបែបសាសនាក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាភក្តី ហេង គឹមគុណ ធម្មការព្រះបរមរាជវាំងបានធ្វើការបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង ៣ ថែរក្សាក្នុងចក្កវាឡបារមីវត្ថុស័ក្តិសិទ្ធិថែរក្សាការពារម្ចាស់ទឹកម្ចាស់ដីនៃរមណីយដ្ឋានភ្នំប្រុសនៃទឹកដីភូមិ-អណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀមខេត្តកំពង់ចាម ពិសេសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះទៅកាន់លោកខាងមុខគម្រប់ ១០០ ថ្ងៃហើយនោះ»។
ទំព័រហ្វេសប៊ុកដដែលបន្តថា៖ «សូមជួយឃុំគ្រងថែរក្សាការពារ និងការប្រារព្ធពិធីបុណ្យគម្រប់ខួប ១០០ ថ្ងៃរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រព្រឹត្តទៅដោយភាពសុខដុមរមនាត្រជាក់ត្រជុំថ្កើងថ្កានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានយោងយឹតទៅកាន់ឋានបរមសុខ សុគតិភពកុំបីឃ្លៀងឃ្លាតដោយប្រការណាមួយឡើយ»។
ទំព័រហ្វេសប៊ុកដដែលបន្តថា ចេតិយតម្កល់សពលោក ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាប័ទ្មសម័យទំនើបមានទំហំ ១១ ម៉ែត្រ ៤ ជ្រុង និងកម្ពស់ ៣៣ ម៉ែត្របំពាក់ទៅដោយគ្រឿងរចនាប័ទ្មខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមបានទទួលអនិច្ចកម្មនៅម៉ោង ៦ និង ២៥ នាទី ល្ងាចថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៧២ ឆ្នាំ។
សពលោក ហ៊ុន ណេង ត្រូវបានបញ្ចុះនាព្រឹកថ្ងៃទី ៩ ខែឧសភានៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ក្នុងស្រុកកំពង់សៀម ដោយមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ជាតិថ្នាក់ដឹកនាំសមាជិក-សមាជិការដ្ឋសភាព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន និងពលរដ្ឋជាច្រើនរយនាក់។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៧ ឧសភាឆ្នាំ ២០២២ ដែលឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់ផ្តល់គោរមងារដល់សពលោក ហ៊ុន ណេង ជា «សម្តេចឧត្តមទេពញាណ ហ៊ុន ណេង»៕