
កំពង់ធំៈ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១២ ខែសីហានេះ បានប្រកាស យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ធំ ដែលជាខេត្តទី ៥ នៃយុទ្ធនាការនេះ ដើម្បីផ្សព្វផ្សាយអប់រំជាសាធារណៈដល់ពលរដ្ឋឱ្យចូលរួមបញ្ឈប់ការទិញ លក់ និងបរបាញ់សត្វព្រៃ។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យដែលបានធ្វើនៅតាមបណ្តាខេត្តផ្សេងៗអស់រយៈ ៥ ខែមកនេះទទួលបានលទ្ធផលជាវិជ្ជមាន ដោយក្នុងនោះពលរដ្ឋទទួលបានការអប់រំ កាត់បន្ថយការគំរាមកំហែងដោយសារអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងធ្វើឱ្យសត្វព្រៃមានជម្រកប្រកបដោយសុវត្ថិភាព។
លោកបន្តថាគោលបំណងសំខាន់ឱ្យសត្វព្រៃមានសុវត្ថិភាព ដែលតែងតែប្រឈមនៅក្នុងតំបន់ការពារធម្មជាតិ។ លោកថា៖ «គោលបំណងកាត់បន្ថយអន្ទាក់ អន្ទាក់ជាឃាតករសម្លាប់សត្វព្រៃ អន្ទាក់មានតម្លៃថោកទេ ប៉ុន្តែសម្លាប់សត្វកម្រជាច្រើនដូចនេះ ពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាឈប់បរិភោគសត្វព្រៃ ដើម្បីលុបបំបាត់ការដាក់អន្ទាក់»។
ជាមួយគ្នានេះដែរលោកថា ការចូលរួមរបស់សិល្បករ សិល្បការិនី គឺជាផ្នែកមួយដែលសំខាន់ដោយសាតែសិល្បករ សិល្បការិនី មានអ្នកគាំទ្រច្រើន ខណៈលោកអំពាវនាវឱ្យមានការគាំទ្រកាន់តែច្រើនបន្ថែមទៀត។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្កដា មានប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយក្រោមប្រធានបទ “អន្ទាក់សូន្យ” ដែលជាប្រធានបទដ៏រសើប និងជាប្រវត្តិសាស្ត្រ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសសត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
លោកបន្តថាសត្វព្រៃកំពុងរងការគំរាមកំហែង ដោយសារដាក់អន្ទាក់ និងកត្តាខ្វះចំណេះដឹងទោះបី មន្ត្រីឧទ្យានុរក្សខិតខំប្រឹងប្រែងចុះល្បាតទាំងថ្ងៃ យប់ក៏ដោយ ខណៈលោកប្តេជ្ញាទប់ស្កាត់ ការដាក់អន្ទាក់ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកថា៖ «មន្ទីរបរិស្ថានខេត្តកំពង់ធំនៅតែប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ រួមទាំងសត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិទាំង ០៦ កន្លែង ក្នុងកិច្ច សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន អង្គភាព និងអង្គការដៃគូពាក់ព័ន្ធ»។
លោកបន្តថាចំពោះករណីបទល្មើសធនធានធម្មជាតិ គិតទាំងបទល្មើសបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃ ដែលបានបង្ក្រាបនៅក្នុងតំបន់ការពារធម្មជាតិទាំង ០៦ ក្នុងឆ្នាំ ២០២១ មានចំនួនសរុប ១១៤១ ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៧៩ ករណី ជាមួយជនល្មើស ៩០ នាក់។ ដោយឡែក ចំពោះករណីបទល្មើសសត្វព្រៃ មន្ដ្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ រើអន្ទាក់ចេញបានចំនួន ១៨៧០ ដកហូតអាវុធអាវុធកែច្នៃបាន ចំនួន ៦០ រឹបអូស និងលែងសត្វព្រៃ (ត្រកួត ពស់ថ្លាន់ អាញី) ទៅក្នុងធម្មជាតិបានចំនួន ២៥ ក្បាល។
បើគិតពីអត្រានិន្នាការនៃករណីបទល្មើសសត្វព្រៃជាពិសេសការដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងឆ្នាំ ២០២១ មានកើនឡើង ៥៥% ធៀបទៅនឹងឆ្នាំ ២០២០។ ប៉ុន្តែនៅក្នុងឆមាសទី១ ដើមឆ្នាំ ២០២២ ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃបានថយចុះប្រហែលជា ៧៥% បើធៀបទៅនឹងឆ្នាំ ២០២១។
ជាមួយគ្នានេះដែរ តារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា អ្នកនាង មាស សុខ សោភា ដែលចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ បង្ហាញចំណាប់អារម្មណ៍ថា អ្នកនាងពិតជារំភើបដែលក្លាយជាផ្នែកមួយនៃយុទ្ធនាករនេះ។ អ្នកនាងបន្តថា នឹងបង្កើតមាតិកាផ្សេងៗ ទាក់ទងអន្ទាក់សូន្យ និងបំផុសឱ្យហ្វេនៗ ក៏ដូចជាសិល្បៈករនានា ចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីសត្វព្រៃ និងធនធានធម្មជាតិកម្ពុជាមាននិរន្តរភាព៕