
កម្មករអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែតពីចុងឆ្នាំ ២០១៩។ ហេង ជីវ័ន
បន្ទាយមានជ័យៈ រថយន្តដឹកទំនិញតូចធំ រួមទាំងរថយន្តដឹកអ្នកដំណើរ បានបើកបរចេញចូលឆ្លងកាត់ តាមច្រកទ្វារព្រំដែនប៉ោយប៉ែតគគ្រឹកគគ្រេង ខណៈការបើកឱ្យដំណើរការឡើងវិញចំពោះកម្មករអូសរទេះដឹកទំនិញនៅមានការរឹតត្បិតនៅឡើយដោយបើកឱ្យចេញចូលតែរទេះតូចៗប៉ុណ្ណោះ។
បច្ចុប្បន្ន ចាប់ពីច្រកចាំយាមនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង ដល់ច្រកជាំនៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គេមិនប្រទះឃើញមានសកម្មភាពកម្មករអូសរទេះច្រើនដូចកាលពីមុននោះទេ លើកលែងតែនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ១ ប៉ុណ្ណោះ។
នៅវេលាម៉ោងជិត ១២ ថ្ងៃត្រង់កាលពីថ្ងៃទី ៤ សីហា ជាវេលាសម្រាកដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់ បុរសជាកម្មករអូសរទេះវ័យ ៤៥ ឆ្នាំម្នាក់នៅក្រុងប៉ោយប៉ែត គឺលោក វ៉ាន់ វីរៈបានទទួលការហៅទូរស័ព្ទ ពីអតិថិជនម្នាក់ នៅផ្សាររុងក្លឿ ប្រទេសថៃ។ ក្នុងអំឡុងពេលសន្ទនាជាមួយអតិថិជននោះ លោកវីរៈ ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់។ បន្ទាប់មកគាត់ក៏ដាក់ទូរស័ព្ទចុះហើយក៏ប្រញាប់ប្រញាល់ទាញកូនរទេះតូច ១ អូសដើរចូលទៅក្នុងទឹកដីថៃ ដើម្បីទៅជួប និងទទួលដឹកទំនិញរបស់អតិថិជននោះ ពីផ្សាររុងក្លឿអូសចូលមកកម្ពុជា។
មួយសម្ទុះធំក្រោយមក លោក វីរៈ បានអូសរទេះដឹកទំនិញរបស់អតិថិជននោះចូលមកដល់ទឹកដីកម្ពុជាដោយសុវត្ថិភាព ហើយអតិថិជនបានហុចលុយជូនគាត់ ៤០០ បាត ឬស្មើ ៤៥ ០០០ រៀល។ ទំនិញដែលគាត់ដឹកនោះគឺជាសម្លៀកបំពាក់ កាបូបដៃ និងខ្សែក្រវាត់ដែលមានទម្ងន់សរុប ៣០ គីឡូក្រាម។ ឆ្លៀតឱកាសពេលឈប់សម្រាកពីការអូសរទេះដឹកទំនិញ លោក វីរៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការងារជាកម្មករអូសរទេះដឹកទំនិញពីផ្សាររុងក្លឿ ឆ្លងកាត់ព្រំដែនប្រទេសថៃ ចូលមកកម្ពុជា វាមិនងាយស្រួលនោះទេ។ ចំណែកថ្លៃពលកម្មវិញគឺអាស្រ័យលើទំនិញតិចឬច្រើន និងក្ដីអាណិតអាសូរពីអតិថិជនជាម្ចាស់ទំនិញ។
លោកនិយាយថា៖ «មុននេះខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះមានអតិថិជនម្នាក់គាត់ដៃទូលាយ បានឱ្យថ្លៃឈ្នួលពលកម្មដល់ខ្ញុំ ចំនួន ៤០០ បាត ដែលជាធម្មតា ខ្ញុំទារបានត្រឹមតែ ៣៥០ បាតប៉ុណ្ណោះ ក្នុងទំនិញដែលមានទម្ងន់ប៉ុនគ្នានេះ»។
ថ្វីបើយ៉ាងដូច្នេះក្ដី បុរសដែលមានកូន ៤ នាក់នៅក្នុងបន្ទុកបាននិយាយថា ចំនួននេះគឺគាត់អាចចំណេញប្រាក់បានត្រឹមតែ ២៥០ បាតឬស្មើ ២៧ ០០០ រៀលប៉ុណ្ណោះ។
លោកថា៖ «ពេលអូសរទេះចូលទៅក្នុងផ្សារថៃ ១ ជើង គឺយើងត្រូវបង់ ៥០ បាតទៅលើថ្លៃបណ្ណចេញចូលព្រំដែន។ ប៉ុន្តែបើគ្មានទំនិញដឹកត្រឡប់មកវិញទេ គឺយើងមិនចាំបាច់បង់លុយទឹកតែនោះទេ»។
បើតាមលោក វីរៈ ក្នុង ១ ថ្ងៃលោកអាចរកចំណូលបានប្រមាណពី ៣-៤ ម៉ឺនរៀល ពីការងារអូសរទេះដឹកទំនិញពីផ្សារថៃ ចូលមកកម្ពុជា ដោយឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតក្លងឡឹក។ ទោះជាលោកមិនអាចរកប្រាក់ បានច្រើនដូចជាអ្នកមានការងារល្អៗក៏ដោយ ប៉ុន្តែលោកនិងក្រុមគ្រួសាររីករាយចំពោះជីវភាព ដែលលោកកំពុងមាន ដោយមិនចាំបាច់ធ្វើចំណាកស្រុកដោយប្រថុយប្រថាន ចោលប្រពន្ធកូនទៅប្រទេសថៃឡើយ។
ស្រដៀងគ្នានេះ កម្មករអូសរទេះម្នាក់ទៀតគឺអ្នកស្រី មន ចន្ទី អាយុ ៤៣ ឆ្នាំ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារតែគាត់ជាស្រី អតិថិជនភាគច្រើនមិនត្រូវការឱ្យគាត់ដឹកទំនិញរបស់ពួកគេដែលមានទម្ងន់លើសពី ២៥ គីឡូក្រាមនោះទេ ដោយបារម្ភគាត់លើកចុះឡើងមិនរួច រំខានដល់ពួកគេជាពិសេសនៅពេលមកដល់កន្លែងច្រកត្រួតពិនិត្យ របស់ប៉ូលិសអន្តោប្រវេសន៍ថៃដែលច្រកផ្លូវតូចចង្អៀត មិនអាចអូសរទេះបាន។
អ្នកស្រីចន្ទីនិយាយថា៖ «នៅពេលទទួលដឹកទំនិញគេដែលមានទម្ងន់ ៣០ គីឡូម្ដងៗ គឺខ្ញុំតែងតែជួបការលំបាកក្នុងការលើកដាក់ចុះឡើង ពិសេសនៅពេលអូសមកដល់ច្រកតូចចង្អៀត ដែលមិនអាចអូសរទេះបានគឺយើងត្រូវលើកទំនិញចេញពីរទេះមកទូល ហើយលើករទេះយួរ ឬកណ្ដៀត។ ដូច្នេះហើយទើបខ្ញុំទទួលដឹកទំនិញដែលមានទម្ងន់ត្រឹម ២០ គីឡូក្រាមចុះជាមួយថ្លៃឈ្នួលពលកម្ម ពី ២០០ ទៅ ២៥០ បាតក្នុង ១ ជើង»។
អ្នកស្រីអាចរកប្រាក់បានក្នុង ១ ថ្ងៃចន្លោះពី ២៥ ០០០ រៀល ទៅ ៣០ ០០០ រៀល ដោយត្រូវក្រោកតាំងពីម៉ោង ៦ ព្រឹក ហើយត្រឡប់មកផ្ទះវិញនៅចន្លោះម៉ោងជាង ៨ ឬម៉ោង ១០ យប់។ ចំណែកប្ដីអ្នកស្រី ជាកម្មករលីសែងបន្លែ ត្រី សាច់ ឱ្យអាជីវករម្នាក់ ដែលមានស្តង់ស្តុកទំនិញ នៅជាប់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ក្នុង ១ ខែប្ដីរបស់អ្នកស្រីទទួលបានប្រាក់ឈ្នួល ៣៥០ ដុល្លារ។
អ្នកស្រីចន្ទី ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺបាននិយាយថា៖ «ប្រាក់ខែប្ដីខ្ញុំបើកមក គឺខ្ញុំសន្សំទុកខ្លះ និងផ្ញើរទៅឱ្យកូនៗ ៣ នាក់ដែលកំពុងរៀនសូត្រនិងស្នាក់នៅជាមួយឪពុកម្ដាយខ្ញុំ នៅឯខេត្តកំពង់ស្ពឺខ្លះ។ ចំណែកលុយដែលខ្ញុំរកបានប្រចាំថ្ងៃគឺ សម្រាប់ចាយវាយប្រចាំថ្ងៃ និងបង់ថ្លៃឈ្នួលផ្ទះ ព្រមទាំងទឹកភ្លើង»។
អ្នកឃ្លាំមើលពីស្ថានភាពជីវភាពរបស់កម្មករអូសរទេះនៅតាមតំបន់ជាយដែនខ្មែរ-ថៃ លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ថ្លែងថា បច្ចុប្បន្នច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចំនួន ៦ ក្នុងចំណោម ១០ ត្រូវបានបើកដំណើរការឡើងវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបើកកាលពីខែឧសភា។ ច្រកទ្វារអន្តរជាតិ ដែលកំពុងបើកដំណើរការឡើងវិញនោះ រួមមានច្រកប៉ោយប៉ែត ច្រកដូង ច្រកអូរស្មាច់ ច្រកព្រំ ច្រកចាំយាម និងច្រកជាំ។
ប៉ុន្តែមានតែនៅច្រកប៉ោយប៉ែតប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យកម្មករអូសរទេះ និងអ្នករត់រ៉ឺម៉កដឹកបន្លែ ឆ្លងកាត់ច្រកទ្វារព្រំដែនខ្មែរ-ថៃ បានបន្តអាជីពរបស់ខ្លួន ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែមិនទាន់មានលក្ខណៈបើកទូលាយដូចកាលពីពេលមុនផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដនៅឡើយ។
លោកថា៖ «បច្ចុប្បន្ន អ្នកអូសរទេះដឹកទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតក្លងឡឹក គឺមានប្រមាណ ៣០ នាក់ប៉ុណ្ណោះ ហើយពួកគេមិនត្រូវបានសមត្ថកិច្ច អនុញ្ញាតឱ្យប្រើរទេះដឹកទំនិញធំៗដូចកាលពីមុនទេ ដោយថា រទេះដឹកទំនិញធំៗ ភាគច្រើនបង្កភាពកកស្ទះចរាចរណ៍ អត់សណ្ដាប់ធ្នាប់ ក្នុងតំបន់ច្រកទ្វារចេញចូលនៃព្រំដែនអន្តរជាតិ ប៉ុន្តែជំនួសរទេះរុញធំៗ អាជ្ញាធរបើកឱ្យមានរថយន្តដឹកទំនិញតូច-ធំ ចេញចូលដឹកទំនិញដោយសេរី»។
លោកបានបន្តថា អ្នកធ្វើដំណើរទាំងអស់ ជាពិសេសទេសចរបរទេស ដែលឆ្លងកាត់ច្រកអន្តរជាតិនេះ (ចេញពីថៃចូលកម្ពុជា ឬចេញពីកម្ពុជាចូលទៅថៃ) ត្រូវតម្រូវឱ្យបង្ហាញវិញ្ញាបនបត្រវ៉ាក់សាំងកូវីដ ១៩ លិខិតឆ្លងដែន និងទិដ្ឋាការ។
ចំណែកកម្មករ និងអាជីវករ ដែលរស់នៅជាប់ច្រកព្រំដែនអន្តរជាតិនេះ ត្រូវបានអនុញ្ញាតឱ្យចេញចូល ប្រកបរបរអាជីវកម្មដូចធម្មតា ប៉ុន្តែត្រូវបង់ថ្លៃបណ្ណចេញចូលច្រកព្រំដែនចំនួន ៥០ បាត ឬស្មើ ៦ ពាន់រៀល ក្នុង ១ លើកៗ។ «ដើម្បីសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ បច្ចុប្បន្ន អាជ្ញាធរខេត្តនៃប្រទេសទាំង ២ នៅមិនទាន់អនុញ្ញាតឱ្យក្រុមអូសរទេះធំៗដឹកទំនិញចេញចូល ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិនេះដូចពីមុនទេ។ ប៉ុន្តែបានអនុញ្ញាតឱ្យរថយន្តដឹកទំនិញនិងក្រុមអូសរទេះ ដឹកទំនិញតូចៗ (រទេះឆាលី) ចេញចូលដឹកបាន»៕