សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​ ១២​ សីហា​នេះ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ប្រាប់​ភ្ញៀវទេសចរ​ពី​តំបន់​ទេសចរណ៍ ធម្មជាតិ​ដ៏ទាក់ទាញ​ ១​ ទៀត គឺ​ស្ទឹង​ពពក ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយលើ និង​បាន​លើក​ទឹកចិត្ត​ឱ្យ​ភ្ញៀវទេសចរ​ភ្លក់​ម្ហូប​ប្រចាំ​ស្រុក​នៅ​ទីនោះ​។

បើតាម​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​នេះ ក្រៅពី​ប្រាសាទ​បុរាណ​ដ៏​ល្បីល្បាញ ក៏​នៅ​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​កន្លែង​ទៀត ដែល​ស្ថិតនៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ គឺ​ស្ទឹង​ពពក តំបន់​ពើងទប់ព្រះ និង​ពើង​វត្ត​ចាស់​។

ក្រៅពី​ស្ទឹង​ពពក​នេះ​ក្នុង​ស្រុក​ស្វាយ​លើ​ក៏មាន​រមណីយដ្ឋាន​កែច្នៃ​ចំនួន​ ២ ​ដែល​ជាប់​នឹង​ជើងភ្នំ​ផងដែរ ហើយ​ភ្ញៀវទេសចរ​អាច​បោះតង់​នៅ​តំបន់​រមណីយដ្ឋាន​នៅ​ទីនោះ​បាន​ផងដែរ​។

បន្ថែម​លើស​នេះ «​សូមកុំ​ភ្លេច​ភ្លក់​រសជាតិ​ម្ហូប​ប្រចាំ​ស្រុក​ស្វាយលើ​រួមមាន ១.​ ជ្រូក​កណ្ដុរអាំង ទឹកឃ្មុំ ២.​ មាន់​ដុត​ចុងសោម និង ៣. ​បុក​ក្រហម »៕