ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ទីរ​ទេសចរណ៍​នៅ​ថ្ងៃទី​ ១២​ សីហា បាន​បើក​វគ្គ​បណ្តុះ​បណ្តាល ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម​ដឹកជញ្ជូន​ទេសចរ​តាម​រ៉ឺម៉ក​កង់​៣ ដោយមាន បុគ្គលិក​សមាគម​ដឹកជញ្ជូន​ចូលរួម​ប្រមាណ​ ៨០ ​នាក់​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​ព្រះសីហនុ​។

លោក ម៉ាង ស៊ីណេត អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បណ្តុះ​បណ្តាល​ដែល​ធ្វើឡើង​នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ដោយមាន​ការចូលរួម​ពី​ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​បុគ្គលិក​អ្នកបើកបរ​របស់​សមាគម​សេវាកម្ម​ដឹកជញ្ជូន​ទេសចរ រ៉ឺម៉ក​កង់​៣ ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​នឹងធ្វើ​បទបង្ហាញ​នៅក្នុង​ពិធី​បណ្តុះបណ្តាល​នេះ​ដល់​បុគ្គលិក​អ្នកបើកបរ​របស់​សមាគម​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​រ៉ឺម៉ក​កង់​៣ ខេត្ត​ព្រះសីហនុ​អំពី​ស្ថានភាព​ទូទៅ​ខេត្ត​ព្រះសីហនុ សក្តានុពល​ទេសចរណ៍​ខេត្ត ការគ្រប់គ្រង​ស្ថិតិ​ទេសចរ ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ក្នុង​គោលការណ៍​រៀបចំ​ស្ដង់ដា​រ៉ឺម៉ក​កង់​៣​ខេត្ត​ព្រះសីហនុ គឺ​ឱ្យមាន​ស្ដង់ដា​រ៉ឺម៉ក ក្នុង​ការ​ចុះបញ្ជី​មាន​ស្លាក​លេខ និង​មាន​ឈៀក​ត្រឹមត្រូវ ព្រមទាំង​មាន​គុណភាព សោភ័ណភាព អនាម័យ និង​ស្លាក​សញ្ញា​សម្គាល់​សមាគម និង​ (QR Code)​។

លោក​ថ្លែងថា បុគ្គលិក ឬ​អ្នកបើកបរ​ត្រូវមាន​ការបណ្ដុះ​បណ្ដាល បដិសណ្ឋារកិច្ច សេវាកម្ម​ដឹកជញ្ជូន ក្រមសីលធម៌ និង​ច្បាប់​ចរាចរ​។​ល​។ ដោយមាន​ស្ដង់ដា​សម្លៀកបំពាក់ និង​ស្បែកជើង​ត្រឹមត្រូវ​ (​អាវដៃវែង​ ឬ​ខ្លី ពណ៌​ខៀវ​ទឹកប៊ិក រីឯ​ខោ​ពណ៌​ខៀវ​ទឹកប៊ិក​ ឬ​ខ្មៅ អាវកាក់​ពណ៌​ប្រផេះ​ ឬ​ទឹកសមុទ្រ និង​មាន​ប៉ាក់​ឡូហ្គោ​ផងដែរ​។

លោក ម៉ាង ស៊ីណេត តាំង​នាម​ឱ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ក្នុង​កម្មពិធី​នេះ​ថា ដោយ​វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​មាស​បៃតង និង​ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម វិស័យ​អាទិភាព​នានា​ចូលរួម​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច តាមរយៈ​ការបង្កើត​ការងារ ការវិនិយោគ ការកាត់បន្ថយ​ភាពក្រីក្រ ទ្រទ្រង់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ចូលរួម​ការពារ និង​អភិរក្ស សម្បតិ្ត​វប្បធម៌ និង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ​យ៉ាងសំខាន់​។

ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជា​គោលដៅ​សេដ្ឋកិច្ច​គំរូ​ពហុបំណង​ស្របតាម​គោលនយោបាយ​អភិវឌ្ឍ ឧស្សាហកម្ម​ឆ្នាំ​ ២០១០-២០២៥ ។

លោក​បន្តថា នៅក្នុង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​ជាតិ​ផ្អែកលើ​សក្តានុពល​ដ៏​វិសេសវិសាល​នៃ​ធនធាន​សេដ្ឋកិច្ច និង​ធនធាន​ធម្មជាតិ រួមមាន កំពង់ផែ​អន្តរជាតិ ឆ្នេរ និង​កោះ​ដ៏​ស្រស់ស្អាត ឧទ្យាន​ជាតិរាម ទឹកជ្រោះ​ក្បាលឆាយ និង​ធនធាន​នៅ​បាតសមុទ្រ​ជាដើម​ដែល​ផ្តល់​សក្តានុពល​យ៉ាង​ធំធេង​ សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​ទស្សនា និង​សម្រាក​កម្សាន្ត​ឱ្យបាន​ច្រើន​ជា​រៀងរាល់​ឆ្នាំ ខណៈ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ពិភពលោក​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក៏ដូចជា​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា​ទាំងមូល​។

ក្នុងនោះ​ផងដែរ លោក​អភិបាលរង​ខេត្ត​បាន​លើកឡើង​ពី​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ដែល​បាន​គ្រាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទាំង​ផ្នែក​ហិរញ្ញវត្ថុ វិធានការ​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ការសម្រួល​លក្ខខណ្ឌ​នៃ​ការធ្វើ​ដំណើរ​ការបើក​គោលដៅ និង​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ឡើងវិញ​។

បន្ថែម​ពីនេះ រដ្ឋបាលខេត្ត សមត្ថកិច្ច​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ រួមទាំង​វិស័យ​ឯកជន​បាន​ពង្រឹង​ការអភិវឌ្ឍ​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និង​សុវត្ថិភាព ការដឹកជញ្ជូន សណ្តាប់ធ្នាប់ បរិស្ថាន និង​អនាម័យ​សាធារណៈ គុណភាព​នៃ​សម្បទា និង​សេវាកម្ម​តាមរយៈ​យុទ្ធនាការ​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ ការរៀបចំ​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍ និង​កីឡា​ផ្សេងៗ រួមទាំង​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​បាន​កាន់តែ​ទូលំទូលាយ ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ស្អាត មាន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក មាន​ផ្លូវ​ល្បឿន​លឿន និង​ដាក់ឱ្យ​ដំណើរការ​ឆាប់ៗ​នាពេល​ខាងមុខនេះ​។

ក្រៅពីនេះ ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​ក្នុង​ការទទួល​ភ្ញៀវ​ទេសចរ ដែល​បាន​ជំរុញ​ឱ្យ​មាន​កំណើន​ភ្ញៀវទេសចរ​កើនឡើង​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវទេសចរ​ក្នុង​ស្រុក​៕