
រូបភាព ក្រសួងព័ត៌មាន
មណ្ឌលគិរីៈ មន្ទីរវប្បធម៌ខេត្តមណ្ឌលគិរីនៅថ្ងៃទី ១២ ខែសីហា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្រាវជ្រាវប្រវត្តិជនជាតិដើមភាគតិច ឧបករណ៍តន្ត្រី សមុច្ច័យ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវប្រមូលព័ត៌មាននានាអំពីប្រវត្តិជនជាតិដើមភាគតិច និងសិល្បៈប្រពៃណីផ្សេងៗ ដែលប្រឈមនឹងការបាត់បង់។
លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរីបានលើកឡើងថា ក្នុងសិក្ខាសាលានេះ មន្ត្រីជំនាញបានធ្វើការសិក្សាលើឯកសារជាច្រើនអំពីប្រវត្តិប្រពៃណីជនជាតិដើមភាគតិច ក្នុងបំណងអភិរក្ស តម្កល់ចំណេះជំនាញបុរាណ ទុកសម្រាប់សិក្សា ព្រោះប្រពៃណីមួយចំនួន បាននិងកំពុងប្រឈមនូវការបាត់បង់។
លោកបន្ថែមថា សិក្ខាសាលានេះជាធាតុចូលដ៏សំខាន់ ដើម្បីចងក្រងបានឯកសារផ្លូវការ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីបុរាណប្រកបដោយគុណតម្លៃខ្ពស់។ លោកប្រធានមន្ទីរបញ្ជាក់ថា ក្នុងសិក្ខាសាលារយៈពេល ២ ថ្ងៃនេះ មន្ត្រីជំនាញបានពិភាក្សាលើឯកសារមួយចំនួន ដូចជា វិធីសាស្ត្រប្រគំ និងធ្វើឧបករណ៍ភ្លេង គង់រ៉េង គងបួន រឡែត រង្វាត់ វិធីសាស្ត្រផ្សំ ថ្នាំបុរាណរបស់ជនជាតិដើមភាគតិចព្នង វិធីសាស្ត្រតម្បាញ ឧបករណ៍សាស់ និងសុម្ច័យ។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរីបានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈឱ្យបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតនូវចំណេះជំនាញសិល្បៈប្រពៃណីរបស់ជាតិ និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចដែលមាននៅក្នុងខេត្តទាំងអស់ និងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវព័ត៌មានស្តីពីសិល្បៈ វប្បធម៌ ដើម្បីជាមូលដ្ឋានក្នុងការសិក្សា ស្រាវជ្រាវ ហើយត្រូវបោះពុម្ពផ្សព្វផ្សាយនូវឯកសារស្រាវជ្រាវប្រវត្តិជនជាតិដើមភាគតិច ឧបករណ៍តន្ត្រី សមុច្ច័យ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ពាក់ព័ន្ធសិក្ខាសាលាទាំង ២ ថ្ងៃនេះ ដើម្បីទទួលយោបល់កែលម្អ សម្រាប់បោះពុម្ពលើកក្រោយៗទៀត និងត្រូវរៀបចំកម្មវិធីសង្គ្រោះបន្ទាន់នូវមរតកវប្បធម៌អរូបីដែលកំពុងប្រឈម តាមរយៈការផ្ទេរពីមនុស្សចាស់ទៅយុវជនផងដែរ៕