រតនគិរីៈ ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​បាន​បង្កឱ្យ​មាន​ទឹកជំនន់​ជន់​លិច​ស្រុក​ចំនួន​ ២ គឺ​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ​ធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៤៧២ ​គ្រួសារ ស្មើនឹង​មនុស្ស ១ ៧៤៤ ​នាក់​។ ក្នុងនោះ​គ្រួសារ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ២៧៧ ​គ្រួសារ ស្មើនឹង​មនុស្ស ១ ០១៧ ​នាក់​។ យ៉ាងណា​ទឹកជំនន់​នេះ​មិន​បណ្តាល​ឱ្យ​មាន​អ្នករបួស​ និង​ស្លាប់​ទេ​។ នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តរតនគិរី​។

តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​រតនគិរី​នៅ ថ្ងៃទី​ ១២ ខែសីហា បាន​ឱ្យ​ដឹងថា បញ្ហា​ទឹកជំនន់​ជន់​លិច​ចំនួន ២ ​ស្រុក ៥ ​ឃុំ ស្មើនឹង ១៥ ​ភូមិ ធ្វើអោយ​ប៉ះពាល់ ប៉ះពាល់​ផ្ទះសម្បែង​សរុប ចំនួន ៤២៦ ​ខ្នង សាលារៀន ១ ​ខ្នង វត្ត​អារាម ១ ​វត្ត តូប​លក់​ឥវ៉ាន់ ៩​ តូប​។ ក្រុមការងារ​ដោះស្រាយ​គ្រោះ​មហន្តរាយ​បាន​ជម្លៀស សត្វពាហនៈ​បាន ២ ០៦៥ ​ក្បាល​។

ជាមួយ​គ្នា​នោះ​ទឹកជំនន់​ក៏បាន​ប៉ះពាល់​ដំណាំ​កសិកម្ម ១ ៦២៨ ​ហិកតា ក្នុងនោះ​មាន​៖ ស្រូវ​សន្ទូង ស្រូវ​ពង្គ្រោះ​ចំនួន ៧៨៣ ​ហិកតា និង ចម្ការ​ដំណាំ​រួមផ្សំ ចំនួន ៨៤៥ ​ហិកតា​។ ប៉ះពាល់ ផ្លូវលំ ១៨ ០៧០ ​ម៉ែត្រ ផ្លូវ​កៅស៊ូ ១ ២៣០​ ម៉ែត្រ ផ្លូវ​បេតុង ២០០ ​ម៉ែត្រ ស្ពាន ១៣ កន្លែង លូ អនាម័យ ២០ ​បង្គន់​។ និង​ប៉ះពាល់ អណ្ដូង​លូ ១២ ​កន្លែង ស្រះ ១ និង​បង្គន់ ២ ​។

របាយការណ៍​ក៏បាន​លើកឡើង​ផងដែរ​ពី​កិច្ច​អន្តរាគមន៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ស្រុក ឃុំ កម្លាំង​ប្រដាប់​អាវុធ​ស្រុក និង​ប្រជា​ការពារ​ភូមិ សរុប​ចំនួន ១២៥ ​នាក់ បាន​សហការ​គ្នា​ផ្សព្វផ្សាយ​ជូនដំណឹង​ប្រជាពលរដ្ឋ និង​ជួយ​ដឹកជញ្ជូន ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព ដោយ​ប្រើប្រាស់​មធ្យោបាយ ទូក ចំនួន ៥ ​គ្រឿង និង​មធ្យោបាយ​ផ្សេងៗ​ទៀត​៕