
សេចក្តីជូនដំណឹង ស្តីពីការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ។ រដ្ឋបាលខេត្ដក្រចេះ
ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះបានប្រកាសជូនដំណឹងពីការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ កម្មវិធីប្រកួតនោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ នៅដងទន្លេមេគង្គ ទីរួមខេត្តក្រចេះ។
តាមរយៈលិខិតចុះថ្ងៃទី ១២ ខែសីហា រដ្ឋបាលខេត្តក្រចេះបានជម្រាបជូន លោកអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ជ្រាបថា ដើម្បីអបអរសាទរ កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តក្រចេះនឹងរៀបចំពិធីប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ នៅដងទន្លេមេគង្គ ទីរួមខេត្តក្រចេះ។
លិខិតដដែលបន្តថា ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅមហោឡារិក អធិកអធមស្របទៅតាមប្រពៃណីជាតិ និងធានាបានសុវត្ថិភាព រដ្ឋបាលខេត្តក្រចេះ សូមស្នើដល់លោកអភិបាលក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ រៀបចំទូកខ្នាតអន្តរជាតិចូលរួមប្រកួត ដោយធ្វើការកែលម្អជួសជុលទូកឱ្យបានសមរម្យ។ រដ្ឋបាលខេត្តនេះបញ្ជាក់ថា៖ «ទូកនីមួយៗត្រូវតុបតែងលម្អក្បាច់រចនាឱ្យបានប្រណីត តាមរចនាប័ទ្មខ្មែរពិតប្រាកដ។ ចំណុះទូកត្រៀមរៀបចំឱ្យមានសម្លៀកបំពាក់សមរម្យជាឯកសណ្ឋានតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរ»។
រដ្ឋបាលខេត្តក្រចេះបញ្ជាក់ទៀតថាទូកដែលចូលរួមប្រកួតត្រូវធ្វើការហ្វឹកហាត់សាកល្បង និងមានលក្ខណៈសមស្រប ដោយត្រូវជ្រើសរើស អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ។ ទូកដែលអាចចាត់តាំងចូលរួមប្រកួតបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមីតាមរយៈឃុំ សង្កាត់ ក្រុង ស្រុក។
ចំណែកការដាក់ពាក្យចូលរួមប្រកួត គឺចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅ ដោយភ្ជាប់មកជាមួយនូវពាក្យសុំចូលរួមប្រកួតចំនួន ០៣ ច្បាប់ បញ្ជីរាយនាមក្រុមកីឡាករចំនួន ០៣ ច្បាប់ ត្រូវមានប្រវត្តិសង្ខេបទូកនីមួយៗចំនួន ០៣ ច្បាប់។
រដ្ឋបាលខេត្តក្រចេះរំឭកថា៖ «ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ចូលរួមផ្សព្វផ្សាយតាមសេចក្តីជូនដំណឹងនេះឱ្យបានលទ្ធផលល្អប្រសើរ។ ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងមកសាលាខេត្តក្រចេះ តាមរយៈលេខទូរសព្ទ ០៩៧ ៩៩៥ ៣៧ ៤៧ ០១២ ៩២៤ ០០៣ ០៩៧ ៧៩៩ ៩៩៦៧»៕