ភ្នំពេញៈ​ ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី ១២ ខែសីហា​នេះ​បាន​បើក​ដំណើរការ​ខ្សែ​វីដេអូ​ ដែល​ពិពណ៌នា​អំពី​ប្រាសាទ​សំខាន់ៗ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ ដែល​មាន​វប្បធម៌​អរិយធម៌​ស្រដៀង​គ្នា​ជាមួយ​ឥណ្ឌា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៧៥ ​ឆ្នាំ​នៃ​ឯករាជ្យ​របស់​ប្រទេស​ឥណ្ឌា​។

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែងថា ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ធ្វើការ​ជួសជុល និង​អភិរក្ស​ប្រាសាទ​អង្គរវត្ត​ បន្ទាប់ពី​របប​ខ្មែរក្រហម​ពី​ឆ្នាំ ១៩៨៦ - ១៩៩៣ ហើយ​នៅតែ​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអភិរក្ស​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​តាព្រហ្ម​។

លោកស្រី​បន្តថា ខ្សែ​វីដេអូ​ចំនួន ២០ បាន​និយាយ​អំពី​ប្រាសាទ​សំខាន់ៗ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ដូចជា ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ប្រាសាទ​ជីសូរ ប្រាសាទ​តាព្រហ្ម ជាដើម​។ ប្រាសាទ​ទាំងនេះ​មាន​ទំនាក់​ទំនង​ដ៏​រឹងមាំ​របស់​ឥណ្ឌា​ជាមួយ​ព្រះសិវៈ ព្រះវិស្ណុ ព្រះអម្ចាស់ Ganesh ជាដើម ដែល​បង្ហាញ​យ៉ាងច្បាស់​នៅ​ប្រាសាទ​ទាំងនោះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្សែ​វីដេអូ​នេះ​នឹងមាន​នៅលើ You Tube Channel របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ និង​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំងអស់​»​។

លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​បាន​ថ្លែង​អំណរគុណ​ចំពោះ​ស្ថានទូត​ សម្រាប់​គំនិត​ផ្តួចផ្តើម​នេះ ហើយ​លោក​សម្តែង​ក្តីសង្ឃឹម​ថា​វីដេអូ​នេះ​នឹង​ជួយ​ប្រជាជន​ឥណ្ឌា និង​កម្ពុជា​យល់ និង​ស្វែងយល់​ពី​បេតិកភណ្ឌ​វប្បធម៌​រួមគ្នា​។ ​លោក​សង្ឃឹម​ទៀតថា​ប្រជាជន​ឥណ្ឌា​កាន់តែ​ច្រើន​នឹង​មក​ទស្សនា​ប្រាសាទ​ដ៏អស្ចារ្យ​នៃ​ប្រទេស​កម្ពុជា​ បន្ទាប់ពី​ឃើញ​លទ្ធផល​នៃ​ការបង្ហាញ​តាមរយៈ​វីដេអូ​នេះ​៕

ខ្សែ​វីដេអូ​ស្ដីអំពី​ប្រាសាទបុរាណ​ដ៏អស្ចារ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​វប្បធម៌​អរិយធម៌​ស្រដៀង​គ្នា​ជាមួយ​ឥណ្ឌា​ត្រូវបាន​ចងក្រង​ និង​ដាក់​ឲ្យ​ទស្សនា ​នៅ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ស្ដីអំពី​ប្រាសាទបុរាណ​ដ៏អស្ចារ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​វប្បធម៌​អរិយធម៌​ស្រដៀង​គ្នា​ជាមួយ​ឥណ្ឌា ត្រូវបាន​ចងក្រង​ និង​រៀបចំ​ឡើង​ដោយ​ស្ថានទូត​ឥណ្ឌា ក្រោម​ការដឹកនាំ​ពី​លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការអញ្ជើញ​ចូលរួម​ទស្សនា​ដោយ​ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​មន្ត្រី​ជាច្រើនរូប​ទៀត ព្រមទាំង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។

ខ្សែ​វីដេអូ​ចំនួន ២០ ដែល​រៀបរាប់​អំពី​ប្រាសាទ​សំខាន់ៗ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ដូចជា ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ប្រាសាទ​ភ្នំជីសូរ ប្រាសាទ​តាព្រហ្ម ជាដើម ដែល​ប្រាសាទ​ទាំងនេះ​មាន​ទំនាក់​ទំនង​ដ៏រឹងមាំ​ជាមួយ​ព្រះសិវៈ ព្រះវិស្ណុ ព្រះអម្ចាស់ Ganesh ជាដើម ។