
រូបភាព Habitat for Humanity
ភ្នំពេញៈ មជ្ឈមណ្ឌល Terwilliger សម្រាប់ការច្នៃប្រឌិតផ្នែកទីជម្រក (Terwilliger Center for Innovation in Shelter) របស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (Habitat for Humanity) បានប្រកាសកាលពីថ្ងៃទី ១១ ខែសីហានូវការវិនិយោគ ដែលមានទឹកប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុន TapEffect ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលផ្គត់ផ្គង់ប្រព័ន្ធប្រើប្រាស់ទឹកស្អាត និងមានតម្លៃសមរម្យដល់សហគមន៍ជនបទ ដែលមានភាពខ្វះខាត។
ការវិនិយោគនេះក៏ជាការរំឭកខួបលើកទី ៥ នៃមូលនិធិ Shelter Venture Fund របស់អង្គការលំនៅឋានមនុស្សជាតិ ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៧ ដើម្បីពន្លឿនការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហាប្រឈមនៃលំនៅឋាន ដែលមានតម្លៃសមរម្យនៅទូទាំងពិភពលោក។
អង្គការ Habitat for Humanity បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១១ ខែសីហា ថា គេប៉ាន់ប្រមាណថា ប្រជាជនប្រមាណ ១១០ លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្វះទឹកស្អាតប្រើប្រាស់។ នៅប្រទេសកម្ពុជា ១ ភាគ ៣ នៃប្រជាជនពឹងផ្អែកលើទឹកពីប្រភពដែលមិនស្អាត។ ក្រុមហ៊ុន TapEffect ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ បានចាប់ផ្តើមពីបំណងប្រាថ្នានាំយកទឹកប្រកបដោយសុវត្ថិភាពដល់សហគមន៍ជនបទក្នុងប្រទេសកម្ពុជា ខណៈពេលដែលការដោះស្រាយឧបសគ្គជាប្រព័ន្ធ ដែលជារឿយៗប្រឈមមុខដោយអ្នកផ្តល់សេវាក្នុងស្រុក ដូចជាការចំណាយលើការដំឡើង និងការថែទាំបន្ត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្រុមហ៊ុននេះរចនា សាងសង់ និងដំណើរការប្រព័ន្ធទឹកតាមបំពង់ទុយោ ដែលអាចទ្រទ្រង់មនុស្សបានជាង ១ ម៉ឺននាក់នាក់ និងប្រើប្រាស់បច្ចេកវិទ្យាតាមអ៊ីនធឺណិត សម្រាប់ការត្រួតពិនិត្យពីចម្ងាយ និងគ្រប់គ្រងការទូទាត់ ដែលកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការធ្វើប្រតិបត្តិការ»។
TapEffect ផ្តល់នូវដំណោះស្រាយផ្អែកលើទីផ្សារ ដែលគ្រួសារចំណាយមួយចំណែកនៃថ្លៃទឹកធៀបទៅនឹងជម្រើសទឹកដប ឬទឹកដឹកតាមឡាន។ ប្រព័ន្ធបង្ហាញគំនិតផ្តួចផ្តើមដំបូងរបស់ពួកគេបានសាងសង់ក្នុងឆ្នាំ ២០២០ បម្រើប្រជាជនជាង ១៤ ០០០ នាក់នៅក្នុងភូមិចំនួន ១៩ និងភ្ជាប់សាលារៀនចំនួន ១២ និងកន្លែងថែទាំសុខភាពចំនួន ២ ទៅកាន់ទឹកស្អាត និងសុវត្ថិភាព។
លោក ហួត វុទ្ធី អ្នកគ្រប់គ្រងទូទៅនៅ TapEffect ថ្លែងថា៖ «គំរូរបស់ TapEffect រួមបញ្ចូលគ្នានូវបច្ចេកវិទ្យា វិស្វកម្ម និងហិរញ្ញវត្ថុចម្រុះ ដើម្បីបង្កើតវិធីសាស្ត្ររួម ដែលអាចចម្លងបានយ៉ាងងាយស្រួល។ TapEffect ក៏ធ្វើការកសាងសមត្ថភាពសហគមន៍មូលដ្ឋានផងដែរ តាមរយៈអ្នកម៉ៅការក្នុងស្រុក និងក្រុមការងារសាងសង់។
លោកថ្លែងថា៖ «ការវិនិយោគនឹងជួយនាំយកដំណោះស្រាយដល់គ្រួសារជាច្រើនទៀតនៅទូទាំងតំបន់ ដែលនៅតែខ្វះលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ។ ក្រុមហ៊ុន TapEffect ក៏ជាវិនិយោគិននៃក្រុមហ៊ុន World Hope Social Ventures ដែលគាំទ្រដំណោះស្រាយសហគ្រាស ដែលជំរុញដោយសហគមន៍ និងផ្អែកលើទីផ្សារ»។
មូលនិធិ Shelter Venture របស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អាជីវកម្មជាមួយនឹងដំណោះស្រាយដែលអាចធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌលំនៅឋាន សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។
លោក Luis Noda អនុប្រធាននៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្លែងថា សហគ្រាសដែលមានសក្តានុពលខ្ពស់ ជារឿយៗប្រឈមមុខនឹងគម្លាតឆ្ពោះទៅមុខ ក្នុងដំណាក់កាលដំបូងនៃកំណើនរបស់ពួកគេ នៅពេលដែលពួកគេត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ដោយអ្នកវិនិយោគ៕