ព្រះសីហនុៈ ក្រសួង​បរិស្ថាន​ផ្សព្វផ្សាយ​ពី​យេនឌ័រ និង​ការ​ប្រែប្រួល​អាកាសធាតុ ដល់​នាយក​សាលា និង​គ្រូប​ង្រៀន​មក​ពី​អនុវិទ្យាល័យ និងវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ នាថ្ងៃទី១៣ ខែសីហា។

លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថ្លែង​ថា ក្រសួង​បរិស្ថាន បាន​កំណត់​គោលដៅ​ជា​យុទ្ធសាស្រ្ត ដោយ​ឈរ​លើ​សសរស្តម្ភ​ទាំង៤ រួមមាន កិច្ចគាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ការ​រស់នៅ​ប្រកប​ដោយ​ចីរភាព។

លោកស្រី​បន្តថា ក្រសួង​បរិស្ថាន បាន​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្រ្ត​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​បរិស្ថាន​របស់​ខ្លួន​បាន​ចំនួន ៣លើក និង​បានដាក់​បញ្ចូល​គ្រប់​វិស័យ​ជំនាញ រួម​ទាំង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ផែនការ​សកម្មភាព​នេះ​ផងដែរ។

លោកស្រី ព្រំ សុភី ថ្លែងថា រាជរដ្ឋាភិបាល​បាន​បញ្ចូល​មេរៀន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ថ្មី​ដែល​មាន​វិសាលភាព​ទូលំទូលាយ​ជាង​មុន សម្រាប់​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​ផែនដី​ក្នុង​កម្រិត​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ដែល​ចាប់​ផ្តើម​អនុវត្ត​នៅ​ឆ្នាំ ២០២០។ មុខវិជ្ជានេះនឹង​ផ្តល់​នូវ​ចំណេះដឹង​ពី​វិធីសាស្រ្ត និង​បច្ចេកវិទ្យា​សំខាន់ៗ​ ដើម្បី​បន្សាំ​ទៅ​នឹង​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កាត់បន្ថយការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ក្រសួងបរិស្ថាន ក៏​បាន​ដាក់​ចេញ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ឆ្នាំ ២០១៨-២០២៣ ដើម្បី​ប្រែក្លាយ ក្រសួង​បរិស្ថាន និង​មន្ទីរបរិស្ថាន រាជធានី ខេត្ត ទៅ​ជា​រដ្ឋបាល​ទំនើប។

ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ យុវជន និងកីឡា បាន​រួមគ្នា​រៀបចំ និង​បោះផ្សាយ​ឯកសារ​អប់រំ​ស្តីពី «ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់មធ្យមសិក្សា ទុតិយភូមិ» និង​បាន​រួមគ្នា​ដាក់​ឱ្យ​អនុវត្ត​នូវ​ទស្សនាទាន​សាលា​មេត្រីភាព​បរិស្ថាន ដែល​ជា​វិធីមួយ​ដើម្បី​ជំរុញ​ឱ្យយុវជន និង​មន្រ្តីអប់រំ​អាច​ស្វែង​យល់​ពី​បញ្ហា​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​បាន​កាន់តែ​ទូលំទូលាយ៕