
លោក ថោងខុន ក្នុងពេលនាំយកកុំព្យូទ័រ សរុប ៣៤គ្រឿងរបស់សប្បុរសជនប្រគល់ជូនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ព្រមទាំងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សចំនួន ៣វគ្គសរុប ១១៥នាក់ ធ្វើឡើងនាថ្ងៃទី១៣ ខែសីហានេះ។
កំពង់ធំៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំសិស្សានុសិស្សនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឱ្យខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី និងអ្នកបន្តវេនប្រកបដោយថាមពល និងសក្តានុពលទៅអនាគតសម្រាប់ប្រទេសជាតិ។
ការណែនាំរបស់លោក ថោងខុន បែបនេះធ្វើឡើងក្នុងពេលនាំយកកុំព្យូទ័រ សរុប ៣៤គ្រឿងរបស់សប្បុរសជនប្រគល់ជូនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ព្រមទាំងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សចំនួន ៣វគ្គសរុប ១១៥នាក់ ធ្វើឡើងនាថ្ងៃទី១៣ ខែសីហានេះ។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់សិស្សដែលបានបញ្ចប់វគ្គសិក្សា ត្រូវយកចំណេះដឹងដែលបានចេះចាំនេះទៅប្រើប្រាស់ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅក្នុងជីវភាព និងការងារប្រចាំថ្ងៃ ហើយត្រូវខិតខំចាប់យកវគ្គកម្រិតមធ្យម និងកម្រិតខ្ពស់បន្តទៀត។
លោកថ្លែងថា៖ «ការរៀនគឺមិនចេះចប់ឡើយកាលណាយើងរៀនច្រើន ចេះច្រើន និងចង់ដឹងចង់ឮកាន់តែច្រើន។ ដូចសុភាសិតមួយថា គ្មាននរណាម្នាក់ចាស់រៀនមិនកើតទេ និងរៀនច្រើនល្ងង់ច្រើន បានន័យថា យើងរៀនច្រើន គឺមើលឃើញពីពិភពលោកទូលំទូលាយ និងយល់ថា ខ្លួនឯងនៅមិនទាន់ចេះអស់នៅឡើយ»។
ដោយឡែក លោ ថោង ខុន ក៏បានណែនាំដល់លោកគ្រូគ្រប់គ្រងវគ្គ ត្រូវបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកទី២ ជាមគ្គុទ្ទេសក៍សម្រាប់សិស្ស និងត្រូវខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាពខ្លួនឱ្យបានជាប់ជាប្រចាំ ទាំងចំណេះដឹងជំនាញ ទាំងវិធីសាស្រ្តបង្រៀន ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្សឱ្យមានចំណេះដឹងទូលំទូលាយ ស្របតាមការវិវត្តនៃសម័យកាលបច្ចុប្បន្ន និងទៅអនាគត៕