ព្រៃវែងៈ មន្ត្រី​បរិស្ថាន​បញ្ជាក់​ថា ខេត្ត​មួយ​ចំនួន​នៅ​មិនទាន់​រៀបចំ​សំណល់​វេជ្ជសាស្ត្រ ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ និង​បាន​ព្រមាន​ពីគ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស សត្វ និង​រុក្ខជាតិ ប្រសិនបើ​មិន​មាន​ការ​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ។

លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែង​ថា សំណល់​វេជ្ជសាស្រ្ត​ត្រូវ​បាន​បង្កើត​ឡើង​ពី​គ្រប់​គ្រឹះស្ថាន​ថែទាំ​សុខភាព និងមូលដ្ឋាន​ព្យាបាល និង​ថែទាំ​សុខភាព ដែល​បង្ក​ជា​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​លើ​អាយុ​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​តាម​រយៈការ​បង្ក​ការ​ពុល ការចម្លង​រោគ និង​ការ​រាតត្បាត​នៃ​ជំងឺ​ជាដើម ប្រសិនបើ​មិន​មាន​ការ​គ្រប់គ្រង និង​ទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ទេ​នោះ។

លោក​លើកឡើង​ដូច្នេះ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​ដល់​មន្ទីរពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​ព្រៃវែង ដើម្បី​រៀបចំ​ទុក​ដាក់​រាល់​កាកសំណល់​វេជ្ជសាស្រ្ត​ទាំងអស់​ឱ្យ​បាន​ត្រឹមត្រូវ ងាយស្រួល​ដល់​ក្រុម​អ្នក​ប្រមូល​សំរាម និង​ត្រូវ​ដុត​កម្ទេចចោល​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កុំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។

មន្ទីរព័ត៌មាន​ខេត្ត​ព្រៃវែង​បាន​ដកស្រង់​សម្ដី​លោក សាបូ អូហ្សាណូ ថា៖ «សំណល់​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះកំពុង​តែ​មានបញ្ហា​ប្រឈម និង​បង្ក​គ្រោះថ្នាក់ ដោយសារ​តែ​មិន​ទាន់មាន​ការ​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ហើយ និង​នៅតាម​បណ្ដា​ស្រុក គ្លីនិក​ថែទាំ​សុខភាព​ឯកជន ដែល​មិន​បាន​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​សំណល់​វេជ្ជសាស្ត្រ ដោយ​ដាក់​លាយឡំ​ជាមួយ​នឹងសំណល់​ធម្មតា»។

លោកបន្ថែមថា៖ «ទាំងនេះ​ហើយ​គឺ​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ រុក្ខជាតិ​ជាដើម ហើយ​ក៏​មិន​ទាន់​មាន​ឡដុត​កម្ទេច​នូវ​កាកសំណល់​វេជ្ជសាស្ត្រ​នេះ​ផងដែរ»។

លោក សាបូ អូហ្សាណូ បន្តថា ដោយ​ឃើញ​ថា​ បញ្ហា​ទាំងអស់​នេះ​មាន​បញ្ហា​ខ្ពស់ ក្រសួង​បរិស្ថាន​ដែល​មាន​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ និង​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើ​ការ​ប្រមូលសំណល់​វេជ្ជសាស្ត្រ​នេះ​ដើម្បី​ដុត​កម្ទេច​ចោល ចៀសវាង​ការ​បង្ក​នូវ​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ រុក្ខជាតិ។

លោកបន្ថែមថា ក្រោម​ការ​ដឹកនាំ​របស់​លោក សាយ សំអាល់ ក្នុង​រយៈពេល​កន្លង​មក​នេះ ការ​គ្រប់គ្រង​សំរាម និង​កាក​សំណល់រឹង នៅ​តាមទីប្រជុំជន​មាន​ការ​ប្រសើរ​ឡើង៕