ភ្នំពេញៈ កម្ពុជា​បាន​ស្វាគមន៍​ផែនការ​បង្កើត​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​បច្ចេក​វិទ្យា​កម្រិត​ខ្ពស់ ដើម្បី​គាំទ្រ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​នៅ​កម្ពុជា ដែល​ផ្តួចផ្តើម​ដោយ​សាជីវកម្ម SNC Former Public Company Ltd របស់ថៃ ដោយសារ​គម្រោង​នេះ​អាច​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស។ នេះ​បើ​យោងតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក អ៊ូក សោភ័ណ បាន​ស្វាគមន៍​ផែនការ​នេះ ក្នុង​ឱកាស​លោក​ដឹកនាំ​មន្ត្រី​ការ​ទូត​ចុះ​បំពេញទស្សនកិច្ច​សិក្សា​ខ្សែ​ចង្វាក់​ចំនួន ២៣ រោងចក្រ​របស់​ក្រុមហ៊ុន SNC Former Public Company Ltd ដើម្បី​ផ្សព្វផ្សាយ​ការទូត​សេដ្ឋកិច្ច នាថ្ងៃ​ទី១៣ ខែសីហា។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ដកស្រង់​សម្ដី លោក អ៊ូក សោភ័ណ ថា គម្រោង​បង្កើត​វិទ្យាស្ថាន​នេះ ដើរ​តួនាទី​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ពីព្រោះ​វា​មាន​សង្គតិភាព​ជាមួយ​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និង​មាន​សក្តានុពល​ធ្វើ​ឱ្យ​សម្រេច​នូវចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៣០ ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ ២០៥០ ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិតខ្ពស់។

បើ​តាម​ស្ថានទូត​កម្ពុជា លោក Somchai Thaisa-nguanvorakul ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន SNC Former Public Company Ltd ថ្លែងថា ក្រុមហ៊ុន​របស់​លោក​ធ្លាប់​បាន​សិក្សា​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា រាប់តាំង​ពី​ការ​គ្រប់គ្រង​កាកសំណល់​រហូត​ដល់ថាមពល​កកើត​ឡើងវិញ ហើយ​ឥឡូវ​ក៏​មាន​បំណង​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​លក្ខណៈ​ស្តង់ដា​ស្វ័យ​ប្រវត្តិ​ទំនើប​មួយ សម្រាប់​បំពាក់​បំប៉នជំនាញ​ផលិត​ឧបករណ៍ និង​គ្រឿង​អេឡិចត្រូនិក​ដល់​យុវជន​កម្ពុជា ដើម្បី​គាំទ្រ​ការ​វិនិយោគ​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន​នា​ពេលអនាគត។

សាជីវកម្ម SNC Former Public Limited Company Ltd បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩៩៤ ហើយ​បច្ចុប្បន្ន​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​ដោយ​ប្រើប្រាស់​រ៉ូប៉ូត (Robot) ភាគច្រើន ដើម្បី​ផលិត​គ្រឿង​បន្លាស់​ម៉ាស៊ីន​ត្រជាក់​សម្រាប់​គេហដ្ឋាន រថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់​លក់ផ្ទាល់​ជូន​អតិជន​ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​ល្បីៗ​នៅ​ក្នុង​ប្រទេស​ថៃ និង​តំបន់​អាស៊ី៕