កណ្ដាលៈ សំឡេងអ៊ូអរឈូឆរ​លាយ​ឡំ​នឹង​សំឡេង​ចាន​ស្លាប​ព្រា​ប៉ះ​ទង្គិច​គ្នា​ហាក់​ដូចជា​សំឡេង​តន្ត្រី​មួយ​តែ​តាម​ពិត​មិនមែន​ជា​ទីកន្លែង​កម្សាន្ត​អ្វី​ឡើយ។ ប៉ុន្តែ​បើ​គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រភព​នៃ​សំឡេង ឬក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នោះ​​ គឺ​គេ​ប្រាកដ​ជា​មាន​អារម្មណ៍​ក្តុក​ក្តួល​ក្នុង​ចិត្ត​ដោយ​សារ​នោះ​គេឃើញ​មាន​ក្មេង​ប្រុស​ស្រី​តូចធំ​ប្រមាណ​ជាង​ ៨០​ នាក់​ អង្គុយ​តម្រៀប​គ្នា​ដំកង់​ជា​រង្វង់​យ៉ាង​មាន​របៀប​កំពុង​ញ៉ាំ​អាហារ​ក្នុង​សមា​គម​ស្នាម​ញញឹម​ថ្មី​នៃ​ក្តី​សង្ឃឹម​របស់​កុមារ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ក្រសាំង​ ឃុំជើង​កើប ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល។

ក្មេងៗ​ទាំង​នោះ​ជា​ក្មេង​អនា​ថា​ដែល​ត្រូវបាន​ប្រមូល​ពី​តាម​ថ្នល់និ​ង​ជា​ក្មេង​កំព្រា​ឪពុក​ឬ​កំព្រា​ម្តាយ​ និង​ជា​ក្មេង​ក្នុង​គ្រួសារ​ក្រីក្រ​គ្មាន​អ្នក​ទីពឹង​ហើយ​ត្រូវ​បាន​ប្រមូល​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ផ្គត់​ផ្គង់​ឱ្យ​រៀន​សូត្រ​រហូត​ដល់​បាន​រៀន​ចប់​សាកល​វិទ្យា​ល័យ និង​មាន​ការ​ងារ​ធ្វើ​អាច​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​បាន​ទៀត​ផង។

តាម​រយៈ​រូបភាព​ឡាយ​ជា​វីដេ​អូ​ខណៈ​កំពុង​អង្គុយ​ហាន់​បន្លែនិ​ង​មាន​ក្មេង​ប្រុស​ស្រី​អង្គុយ​នៅក្បែរៗ​ខ្លួន​យុវតី ជិន នី អាយុ​ ២១​ ឆ្នាំ​ បាន​និយាយ​ទាំង​រលីង​រលោង​ទឹក​ភ្នែក​ និង​អួល​ដើម​ក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នាង​មាន​ឪពុក​ម្ដាយ​និង​មាន​បង​ប្អូន​ប្រុស​ស្រី​ ៥​ នាក់​ តែ​ជីវភាព​ក្នុង​គ្រួសារ​របស់​នាង​ខ្វះ​ខាត​ខ្លាំង​ណាស់​ដែល​ពេល​ខ្លះ​សូម្បីតែ​អង្ករ​ ១ កំប៉ុង​សឹង​តែរ​កមក​ដាំ​បាយ​មិន​បាន​ផង​។

ដោយ​សារ​តែ​ភាព​ក្រីក្រ​បាន​ធ្វើឱ្យ​នាង​រួម​ទាំង​បង​ប្អូន​នាង​ដើរ​រើស​អេត​ចាយ​ ឬក៏​ដើរ​បេះ​បន្លែ​ផ្លែឈើ​ដើរ​លក់​ ដើម្បី​បាន​លុយ​គ្រាន់​ផ្គត់​ផ្គង់​គ្រួសារ​ ខណៈ​ឪពុកម្តា​យ​របស់​នាង​គ្មាន​លទ្ធភាព​រកលុយ​មក​ចិញ្ចឹម​កូន​បាន​ ព្រោះ​តែ​ពួក​គាត់​មាន​ជំងឺ​ប្រចាំកាយ។ ដោយ​សារ​តែ​ឃើញ​សភាព​បែបនេះ​ក៏មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ ប៉ូ ស្រី​គង់ បាន​សុំ​ឪពុក​ម្តាយ​របស់​នាង​យក​មក​ចិញ្ចឹម​ក្នុង​សមា​គម​ជាមួយ​ប្អូន​ប្រុស​ពៅ​ម្នាក់​ឱ្យ​បាន​ចូល​សាលា​រៀន​សូត្រ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

យុវតី ជិន នី រៀបរាប់​បន្ត​ថា នៅ​ពេល​នោះ​ម្តាយ​និង​ឪពុក​ធម៌​របស់​នាង​មិន​ទាន់​បើក​ជា​សមា​គម​សម្រាប់​យក​ក្មេងៗ​គ្មាន​ទីពឹង​មក​ចិញ្ចឹម​ច្រើន​នៅ​ឡើយ​ទេ ដោយ​មាន​តែ​ប្រមាណ​ជា ១០​ នាក់​ប៉ុណ្ណោះ ​រួមទាំង​កូន​បង្កើត​របស់​ម្តាយ​ធម៌​នាង​ចំនួន ​៤ នាក់​ផង។​ដោយ​សារតែ​ចិញ្ចឹម​កូន​ច្រើន​ម្តាយ​ឪពុក​ធម៌​របស់​នាង​តែងតែ​ធ្វើ​នំ​ដើរ​លក់​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុង​ក្រុង​តាខ្មៅ។​ ចៃដន្យ​ម្តាយ​ធម៌​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្វើឱ្យ​រូបនាង​ត្រូវធ្វើ​នំ​ដើរ​លក់​ជំនួស​ម្តាយ​ធម៌​ដើម្បី​យក​លុយ​មក​ផ្គត់​ផ្គង់​នៅក្នុង​គ្រួសារ​ថ្មី​របស់​នាង​។

ជិន នី ​បាន​ថ្លែង​ថា៖ «ខ្ញុំ​អាណិត​ម្តាយ​ធម៌​ខ្ញុំ​ គឺ​គាត់​ហត់​នឿយ​ណាស់​ក្នុងការ​ចិញ្ចឹម​ខ្ញុំ​រួម​នឹង​ក្មេង​ដទៃ​ទៀត។ នៅពេ​ល​ខ្ញុំ​ឃើញ​គាត់​នឿយ​អស់​កម្លាំង​ខ្ញុំ​សួរថា​ម៉ាក់​កើត​អី​អត់? គាត់​ឆ្លើយ​ថា​អត់​អី​ទេ។ ខ្ញុំ​សរ​សើរ​ទឹកចិត្ត​ប៉ា​ម៉ាក់​ធម៌​របស់ខ្ញុំ​ខ្លាំង​មែន​ទែន​ដែល​ពួក​គាត់​នៅ​តែ​តាម​ថែរក្សា​ខ្ញុំ​ទោះ​ជា​ខ្ញុំ​រៀន​ដល់​សា​កល​វិទ្យា​ល័យ​ហើយ​ក្តី»។

យុវតី ជិន នី បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី២​ សិក្សា​ផ្នែក​ទស្សន​វិជ្ជា​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ស្នាក់​នៅ​រៀន​សូត្រ​ក្នុង​អន្តេវាសិក​ដ្ឋាន​​របស់​និស្សិត​នៅក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​តែម្តង។ ប៉ុន្តែ​យុវតី​រូបនេះ​នៅតែ​ឆ្លៀត​មកជួយ​កិច្ចការ​មួយ​ចំនួន​នៅក្នុង​សមា​គម​ដូចជា​ការងារ​ជួយ​បង្ហាត់​បង្រៀន​ក្មេងៗ ឬក៏​ជួយ​ចម្អិន​អាហារ​ជាដើម​។

ដោយ​ឡែក ​យុវជន​ឈ្មោះ លី លឹម អាយុ​ ២១ ឆ្នាំ​ ជា​កូន​កំព្រា​ឪពុក​ម្ដាយដែ​ល​រស់នៅ​ក្នុង​សមាគម​​បាន​រៀប​រាប់​ថា កាល​ពីមុន​ប្អូន​បាន​រស់នៅ​ជាមួយ​អ៊ំស្រី​របស់​គាត់​ ប៉ុន្តែ​អ៊ំស្រី​មិនសូវ​ជា​ស្រឡាញ់​គាត់​ទេ ហើយ​អំឡុង​ពេល​នោះរូប​គេធ្វើ​ការងារ​សព្វ​សារពើ។ ហេតុ​ដូច្នេះ​ហើយ​ប្អូន​មិនសូវ​បាន​រៀន​សូត្រ​ប៉ុន្មាន​ទេ​សូម្បីតែ​ដេក​ក៏​មិនបាន​ពេញ​ភ្នែក​ផង។ ដោយ​ឃើញ​សភាព​បែប​នេះទើ​ប​អ្នកភូមិ​មាន​ក្តី​អាណិត​​ហើយ​ក៏​បានណែ​នាំ​ប្អូន​ទៅសុំ​រស់នៅ​ក្នុង​សមា​គម​រហូត​ដល់​បច្ចុប្បន្ន​នេះ។

យុវជន ​លី លឹម បាន​ពោល​ថា៖ «ពេល​ខ្ញុំ​មក​រស់នៅ​ជាមួយ​លោក​ទាំង ២​ គាត់​អាណិត​ស្រឡា​ញ់​ខ្ញុំ​ណាស់ គា​ត់​ប្រើពាក្យ​ប្រៀន​ប្រដៅ​ល្អៗណែនាំ​ខ្ញុំ​ឱ្យ​​ធ្វើ​តែ​អំពើ​ល្អខុស​ឆ្ងាយ​ពី​កាល​នៅ​ជាមួយ​អ៊ំស្រី​របស់​ខ្ញុំ។ ខ្ញុំ​មាន​អារម្ម​ណ៍​ថា​ម៉ាក់​ប៉ា​ធម៌​ស្រឡាញ់​ខ្ញុំ​ណាស់ ខ្ញុំ​ពិតជា​ស្រឡាញ់​លោក​ទាំង ​២​ នាក់ ដូច​ម៉ាក់​ប៉ា​បង្កើត​ខ្ញុំ​អ៊ីចឹង​ដែរ។ខ្ញុំរស់នៅ​ជា​មួយ​លោក​ទាំង​២​នាក់​មាន​ភា​ព​កក់​ក្ដៅ​ខ្លាំង​ណាស់ ​»។

ជុំវិញ​បញ្ហា​នេះ​អ្នក​ស្រី ​ប៉ូ ស្រី​គង់ អាយុ​ ៥២ ​ឆ្នាំ ដែល​មាន​ស្វាមី​ឈ្មោះ​ ប៉េ​ន សុផល និង​មាន​កូន​ប្រុស​ស្រី​ចំនួន​ ៤ នាក់​ ដែល​ជា​ប្រធាន​សមា​គម​មួយ​ឈ្មោះ​ថា (សមា​គម​ស្នាម​ញញឹម​ថ្មីនៃ​ក្តីសង្ឃឹម​របស់​កុមារ) បាន​រៀបរាប់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា អ្នកស្រី​មាន​ស្រុក​កំណើត​នៅ​ភូមិ​ ទ​ក្សិណ ​ឃុំក្រាំង​ធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ​ ហើយ​អ្នកស្រី​បាន​មក​ប្រកប​របរ​លក់នំ​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

បើតាម​អ្នក​ស្ត្រី ប៉ូ ស្រី​គង់ សមាគម​ស្នាម​ញញឹម​ថ្មីនៃ​ក្តីសង្ឃឹម​របស់​កុមារ​នេះ​ ត្រូវ​បាន​ទទួលស្គា​ល់​ដោយ​ក្រសួង​មហាផ្ទៃ​ កាល​ពីឆ្នាំ​ ២០១៦ ហើយ​មុន​នឹង​ពង្រីក​ខ្លួន​បាន​ទៅជា​សមាគម​រហូត​មក​ដល់​បច្ចុប្បន្ននេះ​ គឺអ្ន​កស្រីនិ​ងស្វា​មីបាន​ពុះពារ​ការលំ​បាក​គ្រប់​បែបយ៉ាង​។

អ្នកស្រី​បាន​ឱ្យដឹង​ថា ដំបូង​ឡើយ​អ្នកស្រី​ត្រឹមតែ​ជា​អ្នកធ្វើ​នំ​លក់​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​នៅ​ក្រុង​តាខ្មៅ​តែ​ប៉ុណ្ណោះ។ តែ​ដោយ​ឃើញ​ក្មេង​អនា​ថា​នៅ​តាម​ចិញ្ចើម​ថ្នល់​ អ្នក​ស្រី​ក៏មាន​ក្តី​អាណិត​ហើយក៏​គិត​ថា​ក្មេងៗ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​ប្រសិន​បើ​ពួកគេ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​អប់រំ​និង​ទទួល​បាន​ការថែទាំ​ត្រឹម​ត្រូវ​គឺ​ពួកគេ​ប្រាកដ​ជា​ក្លាយ​ទៅជា​មនុស្ស​ល្អ។​ បន្ទាប់​ពី​មាន​គំនិត​ដូចនេះ​អ្នក​ស្រីក៏​បាន​ទៅ​ពិគ្រោះ​យោ​បល់​ជាមួយ​ស្វាមី​ហើយ​ស្វាមី​របស់​អ្នក​ស្រី​ក៏​យល់​ស្រប​តាម។

ស្ត្រី​រូបនេះ​បន្ត​ថា​ ក្មេងៗ​ដែល​អ្នក​ស្រី​ប្រមូល​យក​មក​ចិញ្ចឹម​នេះ​មាន​ច្រើន​សណ្ឋាន​ដែល​ក្មេង​ខ្លះ​មកពី​ប្រភព​មកពី​គ្រួសារ​ទីទ័ល​ក្រ ឬ​កូន​កំព្រា​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ឬ​ឪពុក​ម្តាយ​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​ជាប់​ពន្ធនា​គារ។ រីឯ​កុមារ​ខ្លះ​ទៀត​ត្រូវ​បាន​ឪពុក​ម្តាយ​បោះ​បង់​ចោល​ ឬ​កូន​កំព្រាឬ​កុមារ​ដែល​ឪពុក​ម្តាយ​លែង​លះគ្នា​ដែល​ដំបូង​ឡើយ​ក្នុង​ឆ្នាំ​ ២០០១ ​អ្នកស្រី​ចាប់​ផ្តើម​យក​ក្មេង​មក​ចិញ្ចឹម​ប្រមាណ​ជា ១០ នាក់ ​រួម​ទាំង​កូន​បង្កើត​របស់​អ្នក​ស្រី ៤​នាក់​ផង។

ដោយ​សារ​តែមាន​សមា​ជិក​គ្រួសារ​រហូត​ដល់​ជាង​ ១០​ នាក់​បែបនេះ ​ក៏​ក្លាយ​ជា​បន្ទុក​មួយ​កាន់តែ​ធ្ងន់​ជាង​មុន ​ខណៈ​ដែល​អ្នក​ស្រី​ត្រឹម​តែ​ជា​អ្នក​លក់ម្ជូរ និង​លក់​នំចំណី​បន្តិច​បន្តួច​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​តែប៉ុណ្ណោះ។ សមាជិក​ច្រើន​បែប​នេះ​ធ្វើឱ្យ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​បាន​ធ្លាក់​ដល់​កម្រិត​សូន្យ​ដែល​ពេល​ខ្លះ​អ្នកស្រី​ដើរ​ចាប់​សត្វ​ខ្យាដំរី​ឬ​សត្វ​ផ្សេងៗ​យក​មក​ធ្វើ​ម្ហូប​ក៏មាន​ដែរ។ រីឯកូនៗ​បង្កើត​របស់​អ្នកស្រី​ពេលខ្លះ​ដែល​អ្នក​ស្រី​មិន​ទាន់​ត្រឡប់​មក​ដល់​ផ្ទះ​ គឺ​គេ​បៅដោះ​ឆ្កែ​ក៏មាន​ដែរ។

បើតាម​អ្នក​ស្រី ប៉ូ ស្រី​គង់ ដោយ​សារតែ​អ្នក​ស្ត្រី​ជា​គ្រិស្ត​បរិស័ទ​ក៏បាន​ស្នើ​ទៅ​បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់​ឈ្មោះ​ប៉ា​ស្ទ័រ ដែល​ជា​មេ​មណ្ឌល​របស់​គាត់​ដើម្បី​ឱ្យ​ជួយ​ផ្គត់​ផ្គង់​អាហារ​ដល់​ក្មេង។ក្រោយមក​លោក​ប៉ា​ស្ទ័របាន​សន្យា​ផ្តល់​ជា​អង្ករ​ដល់​អ្នក​ស្រី​ក្នុង ១ ខែ ១​ បាវ​ទម្ងន់​ ៥០​ គីឡូក្រាម​ជា​រៀង​រាល់​ខែ និង​ជួ​យក្មេងៗ​ក្នុង​ម្នាក់​ ២ រយ​រៀល​ សម្រាប់​ថ្លៃ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ទៀត​ផង។

អ្នក​ស្រី​រៀប​រាប់​ទៀត​ថា ក្រោយៗមក​ព័ត៌​មាន​នេះ​បាន​លេច​ឮ​ដល់​សា​ធា​រណជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ទើប​មាន​ការ​ជួយ​ផ្តល់​ជា​គ្រឿង​ឧប​ភោគ​បរិភោគ​ផ្សេង​រហូត​ដំណើរ​ការ​ដល់​បច្ចុប្បន្ន។ ចំពោះ​ក្មេង​ៗដែល​អ្នកស្រី​យកមក​ចិញ្ចឹម​នេះ​ គឺមាន​ការយល់​ព្រម​ពី​ម្តាយ​ឪពុក​ហើយ​សុទ្ធ​តែមាន​អាជ្ញា​ធរ​មូល​ដ្ឋាន​ដឹ​ង ឮ​ទាំង​អស់ហើយ​ខ្លះ​ក៏​ខាង​សមាគម​នារី​ក្នុង​មូល​ដ្ឋាន​ឃើញ​ក្មេង​រស់​នៅក្នុ​ង​គ្រួសារ​ខ្វះខាត​ក៏​ទាក់​ទង​អ្នក​ស្រី​ឱ្យ​ជួយ​យក​ក្មេង​មក​ចិញ្ចឹម​ដែរ​។

អ្នកស្រី​​ថា៖ ​«ខ្ញុំ​មិន​ចង់បាន​លុយ​ពី​សប្បុរស​ជន​ទេ តែ​ខ្ញុំ​ចង់បាន​សម្ភារ​ហូប​ចុក​ច្រើន​ជាង។ ខ្ញុំ​បាន​បង​ស្រី​ជា​អាណិក​ជន​ខ្មែរ​ម្នាក់​រស់នៅ​ប្រទេស​បារាំង ​និង​ខ្មែរ​រស់នៅ​អាមេរិក​ និង​ប្រទេស​អូស្ត្រាលី​ជួយ​ជា​ថវិកា​ធ្វើ​ផ្ទះ​សម្រាប់​ក្មេង។

ក្រុម​ហ៊ុន​ជីប​ម៉ុង​ជួយ​ខ្ញុំ​ ២២ ​៥០០ ដុល្លារ ​រួម​ទាំង​មាន​តារា​ល្បី​របស់​យើង​ជួយ​ផង ​ពិសេស​កាក​បាទ​ក្រហមរ​បស់​សម្តេច​ប៊ុនរ៉ានី​ហ៊ុន​សែន​ផង។ ខ្ញុំ​លក់​ដី ១​ កន្លែង​ទៀត​ យក​មក​ធ្វើ​ផ្ទះ​ល្វែង​ ៣ ជាន់ ​ដែល​មាន​ទំហំ​ ៣០ ​មែត្រ​គុណ​ ៣០ ​ម៉ែត្រ​ខ្ញុំ​គ្មាន​ថវិកា​សម្រាប់​ទិញ​ដី​ដើម្បី​ពង្រីក​ទីតាំង​សមា​គម​ទេ​ តែបើ​មាន​សប្បុ​រស​ជន​ជួយ​គាំទ្រ​ខ្ញុំ​នឹង​ព្យា​យាម​បន្ត​ទៀត»​។

បើ​តាម​អ្នក​ស្រី ប៉ូ ស្រី​គង់ ក្រៅពី​មាន​សប្បុរស​ជន​ក៏មាន​ថ្នាក់​ដឹក​នាំ​ខេត្ត​កណ្តាល​លោក ​គង់ សោ​ភ័​ណ្ឌ ​ជួយ​ជា​ស្បៀង​អាហារ​បន្ត​បន្ទាប់​ដែរ​ហើយ​បច្ចុប្បន្ន​អ្នកស្រី​ចិញ្ចឹម​ក្មេង​ចំនួន ៨៦ ​នាក់ ​ដែល​មាន​អាយុ​ពី ១ ខួប​ដល់​អាយុ​ជាង​ ២០ ឆ្នាំ​តែ​នេះ​ជំនាន់​ក្រោយ​ទេ។​ បច្ចុប្បន្ន​ពួកគេ​កំពុង​រស់​នៅ​រៀន​សូត្រ​ក្នុង​សមា​គម​ដែល​មាន​បង្រៀន​ជា​ភាសា​អង់​គ្លេស​ដែលមាន​គ្រូ​ស្ម័គ្រ​ចិត្ត​ហ្វីលី​ពិន​ម្នាក់​ជួយ​បង្រៀន​ដល់​ពួកគេ​ផង។ ក្នុង ១ ថ្ងៃ​ សមា​គម​របស់​អ្នកស្រី​ត្រូវ​ប្រើ​អង្ករ​អស់​១បា​វ​ទម្ងន់ ៥០​ គីឡូ​ក្រាម ​រួម​នឹង​ចំណាយ​ទៅលើ​ម្ហូបអា​ហារ​ប្រចាំ​ថ្ងៃ​ផង។ សមា​គម​មាន​រថ​យន្ត​ក្រុង​១​គ្រឿង​ចំណុះ​ ២៥ ​កៅអី​ ដើម្បី​ដឹក​ក្មេងៗ​ទៅ​សាលា​រៀន​និង​មាន​ម៉ូតូ​កង់​បី ១ គ្រឿង​ ដែល​ជា​អំណោយ​របស់​កាក​បាទ​ក្រហម​សម្រាប់​ដឹក​បន្លែ​ពី​ផ្សារ​មក​ធ្វើ​ម្ហូប​សម្រាប់​ផ្គត់​ផ្គង់​អា​ហារ​ប្រចាំ​ថ្ងៃ​ដល់​ក្មេង​។

សមាគម​របស់​អ្នកស្រី​ដំណើរ​ការ​បាន​មកដល់​បច្ចុប្បន្ន​នេះ​ក៏​ដោយ​សារ​មាន​ការ​ជួយ​ពី​សប្បុរ​សជន​គ្រប់​ទិស​ទី​ទាំង​សម្ភារ​សិក្សា​ទាំង​ថវិកា​ហើយ​អ្នកស្រី​ក៏​សូម​អរគុណ​ដល់​សប្បុ​រស​ជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​កន្លង​មក​ផង​ដែរ។​

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​មិន​ចង់បាន​អ្វី​ទេ​ហើយ​គោល​បំណង​របស់ខ្ញុំ​គឺ​ចង់​ជួយ​ក្មេងឱ្យ​​រួច​ផុត​ពី​ការ​រំលោភ​បំពាន​ រួច​ផុតពី​គ្រឿង​ញៀន​រួច​ផុតពី​ការរង​ទុក្ខ​លំបាក​របស់​គាត់។ បើ​គាត់​មាន​ចំណេះដឹ​ង​មាន​ការ​ងារ​ធ្វើ​គឺ​ពួក​ខ្ញុំ​ ២​ នាក់​ប្តី​ប្រពន្ធ​សប្បាយ​ចិត្ត​ទៅ​ហើយ»​៕