The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌ ​កំពុង​ពិនិត្យ​តាម​នីតិវិធី​លើ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន ៣ លើជំពូក​ទោស​ប្បញ្ញត្តិ

ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌ ​កំពុង​ពិនិត្យ​តាម​នីតិវិធី​លើ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន ៣ លើជំពូក​ទោស​ប្បញ្ញត្តិ

Content image - Phnom Penh Post
​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​ ហេង ជីវ័ន

ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌ ​កំពុង​ពិនិត្យ​តាម​នីតិវិធី​លើ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន ៣ លើជំពូក​ទោស​ប្បញ្ញត្តិ

ភ្នំពេញៈ ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌​កំពុង​ពិនិត្យ​តាម​នីតិវិធី​លើ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន ៣ គឺ​ច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ ត្រង់​ជំពូក​ទោស​ប្បញ្ញត្តិ ក្រោយពី​អន្តរក្រសួង​បាន​បញ្ជូន​ច្បាប់​ទាំងនេះ​ទៅ​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​។ នេះ​បើតាម​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​

លោក ជិន ម៉ា​លីន ថ្លែង​កាលពី​ថ្ងៃទី​១៤ ខែសីហា​​ថា ជាធម្មតា​ក្រសួងយុត្តិធម៌ មាន​ក្រុមការងារ​ដើម្បី​ធ្វើការ​ងារ​លើ​ការពិនិត្យ​នីតិវិធី​ផ្នែក​ទោស​ប្បញ្ញត្តិ រាល់​សេចក្ដីព្រាងច្បាប់​ដែល​ក្រសួង​ផ្សេង​រៀបចំ​។​

លោក​ថ្លែងថា​៖«​ក្រោយពី​បានទទួលសេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់ស្ដីពី​ព្រៃឈើច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ ក្រុមការងារ​ក្រសួង​នឹងធ្វើ​ការពិនិត្យ និង​ផ្តល់យោបល់​លើ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​ទោស​ប្បញ្ញត្តិ​នេះ​។ ចំពោះ​រយៈពេល​ប៉ុន្មាន​ដែល​ត្រូវ​បញ្ចប់​ហើយ​បញ្ជូនទៅ​គណៈរដ្ឋមន្ដ្រី​ពិនិត្យ​និង​សម្រេច គឺ​យើង​មិនទាន់​អាច​កំណត់​បានទេ​»​។

​លោក ម៉ា​លីន បញ្ជាក់ថា ជាទូទៅ​បើ​កិច្ច​ប្រជុំបាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​មក​ក្រសួងយុត្តិធម៌​​រួចហើយ គឺ​នៅសល់តែ​នីតិវិធី​នៅក្នុង​ការបំពេញ​ការងា​រ​របស់​ក្រុមការងារ​ក្រសួងយុត្តិធម៌​ប៉ុណ្ណោះ​។

លោក ប៉ែន បុ​ណ្ណា​រ៍ មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក ថ្លែងថា ទោះបីជា​មានច្បាប់​ថ្មី ឬក៏​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៣​នេះ​ហើយក៏​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ពី​អតីតកាល មិនត្រូវ​រួចខ្លួន​ពី​ការផ្ដន្ទាទោស​ដែរ​។ លោក ថ្លែង​ដោយ សង្ឃឹមថា​ ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ នឹង​មានចែង​ច្បាស់​អំពី​កាត​ព្វ​កិច្ច​របស់​ប្រជាពលរដ្ឋ​ មន្ដ្រីនគរបាល និង​អ្នករាជការ​សាធារណៈ ចំពោះ​កាតព្វកិច្ច​ក្នុងការ​ចូលរួមការពារ​ថែរក្សា​ធនធានធម្មជាតិ ព្រៃឈើតាមរយៈ​ការដាក់​ជា​កាតព្វកិច្ច គឺ​បណ្ដឹង​បរិហារ​តែម្ដង​។

លោក​ថ្លែងថា​៖«​យើង​តែងតែ​គិតថា ច្បាប់​ទាំង​៣​នេះ បើសិនជា​មានការ​អនុវត្ដ​មាន​ប្រសិទ្ធភាព ត្រូវបាន​មន្ដ្រីនគរបាល​យុត្តិធម៌​គ្រប់​ទីកន្លែង តំណាង​អយ្យការ​អម​សាលាដំបូង​គ្រប់​ខេត្ត អនុវត្តបាន​តាមច្បាប់​ចាស់ គឺអាច​ទប់ស្កាត់បាន​នូវ​បទល្មើស​ព្រៃឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេងទៀត​»​។

លោក​ថ្លែង​ដោយ​សង្កេតឃើញថា កន្លងមកនេះ​មិនមែន​មានតែ​ច្បាប់ ៣ នេះ​ទេ សូម្បីតែ​ប្រមុខ​រាជរដ្ឋាភិបាល គឺ​តែងតែ​ចេញ​បទបញ្ជាព្រមាន និង​ប្ដេ​ច​ជ្ញា​ចិត្ត ដើម្បី​ធ្វើឱ្យ​ការ​អនុវត្ដ​សកម្មភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ធនធានធម្មជាតិ​នេះ​រក្សាបាន​នូវ​និរន្តរភាព​។ ប៉ុន្ដែ​ទោះបីជា​មានការ​ខិតខំ​ប្រឹង​ប្រែង​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​មានច្បាប់​ចាស់​ទាំង ៣ ​រួចហើយ​ក៏ដោយ ប៉ុន្ដែ​អំពើ​អនាធិបតេយ្យ​ចូលទៅ​កាប់​ឈើ​ក្នុង​ព្រៃឈើ​អភិរក្សតំបន់​គម្រប​ព្រៃឈើនៅតាម​តំបន់​ដែនជម្រកសត្វព្រៃ ឧទ្យាន​ជាតិ និង​តំបន់​ឆ្នេរសមុទ្រ​ជាដើម គឺ​នៅតែ​កើតមានឡើង​។

លោក​បញ្ជាក់ថា​៖«​យើង​ឃើញថា និ​ទណ្ឌ​ភាព​គឺ​ធ្ងន់ធ្ងរ​ដោយ​មិនមាន​ការចាត់វិធានកា​រ​ច្បាប់​ភ្លាមៗ ចំពោះ​ជនសង្ស័យ​ឬក៏​ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​»​។

លោក បុ​ណ្ណា​រ៍ ថ្លែងថា ទោះបី​ជាមាន​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ទាំង ៣ នេះ​ក៏ដោយ ក៏ប៉ុន្ដែ​បទល្មើស​ពី​អតីតកាល ត្រូវ​ជាប់​នូវ​អាជ្ញា​យុ​កាល​នៃ​បទល្មើស​នោះ​តាម​ក្រមព្រហ្មទណ្ឌ​ទៅ​ទោស​ដែល​បានកំណត់​ក្នុង​ច្បាប់​ទាំង ៣ នេះ ដែល​ក្នុងនោះ​បទឧក្រិដ្ឋ​មាន​អាជ្ញា​យុ​កាល​រហូតដល់១៥ឆ្នាំ​។​

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ៨ ខែសីហា​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​រៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ព្រៃឈើ​ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង​មួយចំនួនទៀត​។​

លោក ស ខេង ថ្លែងថា​៖«​ការរៀបចំ​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ព្រៃឈើ​ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​នាពេលនេះ គឺជា​ការ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​»​។​

លោក​បាន​បន្តថា ការរៀបចំ​សេចក្ដីព្រាង​ច្បាប់​ទាំង៣នេះ ក៏មាន​គោលដៅ​ធ្វើឱ្យ​ស្របតាម​បន្ទាត់​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ជំរុញ និង​លើកកម្ពស់​ការទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុងការ​ការពារ ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​នៅ​កម្ពុជា​ផងដែរ​។​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​កាលពី​ថ្ងៃទី៨ ខែសីហា​ ផងដែរ​ថា សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​អន្តរក្រសួង​បាន​ពិនិត្យ និង​បញ្ចប់ ក្រោយពី​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​ថ្ងៃទី​៨ ខែសីហា​នេះដែរ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។ លោក​ថ្លែងថា​៖«​បាន​ចប់សព្វគ្រប់​ហើយ​ ហើយ​បានប្រគល់​ជូន​ក្រសួងយុត្តិធម៌​ដើម្បី​ពិនិត្យ​លើ​ជំពូក​ទោស​ប្បញ្ញត្តិ​»៕

អត្ថបទគួរចាប់អារម្មណ៍