​ភ្នំពេញៈ​ មន្ដ្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​ឱ្យសោះចំពោះ​ជំងឺ​កូ​វីដ​ ១៩ ដោយ​ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣​ ការពារ​និង​ ៣​ កុំ ​រួម​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ដូ​ស​ជំរុញពីព្រោះ​កូ​វីដ ​១៩ កំពុងតែ​នៅមាន​ការឆ្លង​នៅក្នុង​ប្រទេស​នៅឡើយ​ទេ​ ជាពិសេស​ពួក​អូ​មី​ក្រុង​ដែលជា​វីរុស​កូ​វីដ ​១៩ បំប្លែង​ថ្មី​។

លោកស្រី​ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក ១៩) ឆ្លើយតប​សំណួរ​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​១៤ ខែសីហា​ ថា សូម​ប្រ​ជា​ពល​រដ្ឋ​កុំ​ធ្វេសប្រហែស​ឱ្យសោះដោយ​ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣​ការពារ និង៣​កុំ រួម​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ដូ​ស​ជំរុញ​ឱ្យបាន​ទាន់ពេលនៅពេល​ដល់​វេន នឹង​ជួយ​លោកអ្នក​ដល់​ការការពារ​ពី​ភាព​ធ្ងន់ធ្ងរ​បង្កឡើង​ដោយ​ជំងឺ​នេះ កាត់បន្ថយ​អត្រា​ចូល​សម្រាក​ពេទ្យ និង​កាត់បន្ថយ​ជា​អតិបរិមា​នូវ​ការស្លាប់​បាត​បង់ជីវិត​។​

​លោកស្រី​ថ្លែងថា​៖«​ក្រសួងសុខាភិបាល​បានចេញ​សេចក្តី​ជូន​ព័​ត៌មាន​ប្រចាំថ្ងៃ ដែល​បង្ហាញថាកូ​វីដ​១៩កំពុងតែ​នៅមាន​ការឆ្លង​នៅក្នុង​ប្រទេស​នៅឡើយ​ទេ ជាពិសេស​ពួក​អូ​មី​ក្រុង​ដែលជា​វីរុស​កូ​វីដ​១៩បំប្លែង​ថ្មី ហើយ​នៅតាម​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​នៅលើ​សកលលោក ក៏​នៅតែមាន​ការឆ្លង​បន្ត និង​មាន​ករណី​ស្លាប់​បន្ថែមទៀត​ផងដែរ​»​។

លោកស្រី​បន្តថា​៖«​អ្វីដែល​យើង​ចង់បាន​នៅពេលនេះ គឺ​ការរស់នៅ​ប្រកបដោយ​អាយុ​វែង និង​ការថែទាំ​យកចិត្តទុកដាក់​ក្រុមគ្រួសារ​ឱ្យមាន​សុខ​សុភមង្គល និង​សុខ​ភាពល្អ​»​។

លោកស្រី ​បញ្ជាក់ថា ដើម្បី​ធ្វើដូច្នេះបាន គឺ​អាស្រ័យទៅលើ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​បុគ្គល និង​គ្រួសារ ដោយ​ត្រូវនាំគ្នា​ទៅ«​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ​ជា​បន្តទៀត​រួម​នឹង​ការអនុវត្ត វិធានការ ៣​ការពារ និង​៣​កុំ​» ព្រមទាំង​កុំ​ភ្លេច​អនុវត្ត​ការបរិភោគ​អាហារ ឆ្អិន​ល្អ​ ហើយ «​កុំឱ្យ​ប្រៃ​ពេក កុំ​ផ្អែម​ពេក កុំ​ខ្លាញ់​ពេក និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​» ផងដែរ​។

លោកស្រី​ថ្លែងថា​៖«​សុខភាព​របស់លោក​អ្នក គឺ​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រប​ស់លោក​អ្នក​ផ្ទាល់ ដើម្បី​ឈានទៅរក​ការរស់នៅ​ប្រកបដោយ​ផាសុកភាព និង​អាយុ​យឺនយូរ​»​។

ការវាយតម្លៃ​របស់ Neikki Asia សម្រាប់ COVID-19 Recovery Index គិត​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​ កម្ពុជា​ឈរ​នៅលើ​ចំណាត់ថ្នាក់​លេខ ២ នៅក្នុង​ចំណោម​ប្រទេស​ប្រមាណ១២១​។ នេះ​បើតាម​លោកស្រី ឱ វណ្ណឌី​ន​។

ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​មេរោគ​កូ​វីដ ១៩ ប្រភេទ​អូ​មី​ក្រុង​ចំនួន ២៩ នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣១ នាក់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អ្នក​ឆ្លង​មេរោគ​កូ​វីដ ១៩ សម្រាប់​ថ្ងៃទី ១៣ ខែសីហា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ ១៩ ក្នុង​សហគមន៍​ចំនួន ២៩ នាក់ ដែល​ក្នុងនោះ ១០ នាក់ ជា​ករណី​ស្នើសុំ​វិញ្ញាបនបត្រ​ចេញទៅ​ក្រៅប្រទេស​។ មាន​អ្នកជា​សះស្បើយ​ចំនួន ៣១ នាក់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​ ហើយ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ កម្ពុជា មាន​អត្រា​ឆ្លង​មេរោគ​កូ​វីដ ១៩ សរុប​ចំនួន ១៣៧ ២៣៦ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៣ ៩២១ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​។​

ដោយឡែក​កាលពី​ថ្ងៃទី​១៤ ខែសីហា​នេះដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) បាន​ជូនដំណឹង​ថា ប្រទេស​ចិន​បាន​រកឃើញ​ផ្ទុះ​ជំងឺ​ឡាន​យ៉ា និង​បាន​ឆ្លងទៅ​អ្នកជំងឺ​ចំនួន ៣៥នាក់ នៅ​ខេត្ត​សាន​តុង និង​ខេត្ត​ហឺ​ណាន​។ ជំងឺ​ឡាន​យ៉ា​នេះ​បង្កឡើង​ដោយ​វីរុស​ឈ្មោះ ហេ​នី​ប៉ា (Henipavirus) ។ គេ​សង្ស័យ​ឆ្លង​មកពី​ប៉ះពាល់​ជាមួយ​សត្វព្រៃ​ជាពិសេស​កណ្តុរ​ព្រៃ និង​ប្រភេទ​សត្វ​កកេរ​។ រោគសញ្ញា​ជំងឺ​នេះ​មានដូចជា គ្រុនក្តៅ ក្អក អស់កម្លាំង មិន​ឃ្លាន​អាហារ ឈឺក្បាល​ឈឺ​សាច់ដុំ ក្អួតចង្អោរ គ្រាប់​ឈាមស និង​ប្លា​កែ​ត​ថយចុះ ។ មិនមាន​ភ័ស្តុតាង​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ​និង​មិនមាន​ឱសថ​ព្យាបាល និង​វ៉ាក់សាំង​ទេ​។ អត្រា​ស្លាប់​បង្កឡើង​ដោយ​ជំងឺ ឡាន​យ៉ា​នេះ ខ្ពស់ជាង​ជំងឺ កូ​វីដ​១៩ ដោយសារ​ធ្វើឱ្យ​ខូច​មុខងារ​ថ្លើម និង​តម្រងនោម​៕