
សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបថត នគរបាល
ភ្នំពេញៈ ប្រជានេសាទ ៤ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តពោធិ៍សាត់ ចាប់ឃាត់ខ្លួនធ្វើការអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យា និងផាកពិន័យ បន្ទាប់ពីពួកគេលួចឆ្មក់ប្រព្រឹត្តបទល្មើសនេសាទដោយប្រើទូកប៉ាឡាស្មាច់ភ្ជាប់ដោយម៉ាស៊ីនកម្លាំង ១៨ សេះ និងកន្ត្រងយន្តអូសលៀសចំនួន ២ ធ្វើការអូសលៀស និងចាប់ត្រីដោយខុសច្បាប់នៅក្នុងរដូវត្រីពងកូន។
លោក ភុំ វិមល ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីនោះបានធ្វើឡើង នៅចំណុចភូមិត្រពាំងរំដេង ឃុំក្បាលត្រាច ស្រុកក្រគរ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ លោកបានបន្តថា នៅពេលចុះបង្ក្រាបនោះ ក្រុមសមត្ថកិច្ចបានចាប់រឹបអូសយកវត្ថុតាង ទូកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីនម៉ាក កម្លាំង១៨សេះ ចំនួន១គ្រឿង កន្ទ្រងអូសលៀសចំនួន ២គ្រឿង, លៀសចំនួន៣០០គីឡូក្រាម ។
លោកបានបញ្ជាក់ថា៖«វត្ថុតាងដែលត្រូវបានដកហូត កម្លាំងសមត្ថកិច្ចយើងបាននាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់ហ្លួង។ ចំណែកជនសង្ស័យ មន្ត្រីជំនាញយើងធ្វើការអប់រំណែនាំ និងផាកពិន័យទៅតាមច្បាប់ស្ដីពីជលផល រួចអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ»។
ចំណែកនៅខេត្តឧត្តរមានជ័យវិញ កម្លាំងចម្រុះ ក៏បានចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់អាងអូរជីកស្ថិតក្នុងភូមិថ្នល់កែង និងភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ផងដែរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
លោក អោម ចន្ទរស្មី ជំនួយការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ស្បៃមុង១៦ផ្ទាំង មានប្រវែងសរុប៣០០មែត្រ និងឧបករណ៍ល្មើសនេសាទជាច្រើនទៀត។ វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅសាលាស្រុកអន្លង់វែង ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
លោកបានបញ្ជាក់ថា៖ «ប្រតិបត្តិការនេះទទួលបានជោគជ័យ អាស្រ័យដោយមានកិច្ចសហការចូលរួម រាយការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ មួយចំនួននៅក្នុងមូលដ្ឋានផងដែរ»។
លោកបានបន្តថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដែលជាម្ចាស់ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ ដើម្បីធ្វើការផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចំណាត់ការបន្តតាមនីតិវិធីច្បាប់។៕