តាកែវៈ ម​ន្ត្រីរដ្ឋ​បាល​ព្រៃ​ឈើបាន​ឱ្យដឹង​ថា ការដាំ​កូន​ឈើឡើង​វិញ​ លើ​ផ្ទៃ​ដីទំ​ហំ ​៥០០ ​ហិកតា​ ដែល​ត្រូវ​បាន​ឈូស​ឆាយ​នៅ​តំបន់​ភ្នំតា​ម៉ៅ​ នឹង​ត្រូវ​ដាំឱ្យ​បាន​រួច​រាល់​ ក្នុង​រយៈ​ពេល ​១ ​ខែ ខណៈ​ចាប់តាំង​ពីថ្ងៃ​ទី ៨ រហូត​មក​ដល់​ថ្ងៃទី ១៣ ខែ​សីហា ក្រុម​ការ​ងារ​រដ្ឋបាល​​​ព្រៃ​ឈើ​បាន​សម្អា​ត​ដីស​ម្រាប់​ដាំកូន​ឈើបា​ន​ទំហំ ២៦៥ ហិក​តា និង​បាន​ដាំកូន​ឈើលើ​ផ្ទៃដី​ចំនួន​ ១១១ ហិកតា​រួច​ហើយ​។

លោក​ សួន សុវណ្ណ អ​នុប្រធាន​រដ្ឋបាល​ព្រៃឈើ​ នៃក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី​ ១៤ ខែសី​ហាថា​ គិត​ត្រឹម​ថ្ងៃ​ទី​ ១៣ ខែ​សីហា ក្រុម​ការងារ​រដ្ឋបាល​ព្រៃ​ឈើ​បាន​សម្អាត​ដីសម្រាប់​ដាំ​កូនឈើ​សរុប​ទំហំ ២៦៥ ហិកតា និង​បាន​ដាំកូន​ឈើចំនួន​លើ​ផ្ទៃដី​ចំនួន ១១១​ ហិកតា។ ​

ការ​ដាំកូន​ឈើឡើ​ង​វិញ​នេះ​មាន​ការ​ចូល​រួម​ពីសំណា​ក់​ប្រជា​ពលរដ្ឋ​ សិស្សា​នុសិស្ស ​វិស័យឯក​ជន និង​ព្រះសង្ឃ​ផង​ដែរ​។ ដើម្បី​ថែ​រក្សា​ការ​ពារ​ទីតាំង​ដាំកូន​ឈើ​នេះ​ឱ្យដុះ​លូត​លាស់​បាន​ល្អ រដ្ឋបាល​ព្រៃឈើ នឹង​ធ្វើរបង​ព័ទ្ធ​ជុំផ្ទៃ​ដីដែល​បាន​ដាំឈើ​រួច ហើយ​ទៅ​ថ្ងៃ​អនាគត ក្រៅពី​ការ​ទស្សនា​សួន​សត្វ​ភ្នំតា​ម៉ៅ អ្នក​ទៅ​លេង​តំបន់​នោះ​ក៏អាច​ទៅ​កម្សាន្ត​ទីតាំង​ដែល​បាន​ដាំកូន​ឈើ​ឡើង​​វិញ​នេះ​ផង​ដែរ​។ ។

លោក​បញ្ជាក់​ថា៖ ​«អ្នក​ចូល​រួម​ដាំកូន​ឈើ​ មាន​រដ្ឋបាល​ព្រៃ​ឈើ អគ្គ​បញ្ជាការ​ដ្ឋាន​កងអង្គ​រក្ស​សម្តេច​តេជោ ហ៊ុន សែន ក្រុម​ហ៊ុន​ ម៉ុង​ ឫទ្ធី រដ្ឋបា​ល​ខេត្ត​តាកែវ សាកល​វិទ្យា​ល័យ​ឥទ្រ្ទវិជ្ជា ប្រជា​ពលរដ្ឋ និង​ព្រះសង្ឃ។ តាម​ការ​គ្រោង​ទុក នឹង​ដាំឱ្យបាន​រួច​រាល់​​លើផ្ទៃ​ដីទំ​ហំ ៥០០​ ហិក​តា ក្នុង​រយៈ​ពេល​ ១ ​ខែ»។​

សាកល​វិទ្យាល័យ​ឥន្ទ្រវិ​ជ្ជា​បាន​ប្រកាស​ផ្តល់​កូន​ឈើប្រណីត​ចំនួន ៤ ៥០០ ដើម​ សម្រាប់​ដាំ​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ​ នៅ​តំបន់ភ្នំ​តាម៉ៅ​។ ​តាម​រយៈ​ការ​អំពាវ​ឱ្យ​ចូល​រួម​ដាំ និង​ផ្តល់​កូន​ឈើពីលោក ដួង​ តារា អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកល​វិទ្យា​ល័យ​ឥន្ទ្រ​វិជ្ជា លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក មាន​អ្នក​ចូល​រួម​ផ្តល់​កូន​ឈើបន្ថែម​រហូត​ដល់​ចំនួន​ ៨ ៥០០​ ដើម​ ត្រូវ​បាន​យក​ទៅ​ដាំកាល​​ពីថ្ងៃ​ទី ១០ ខែ​សីហា ដែល​មាន​អ្នក​ចូល​រួម​ដាំ​ប្រមាណ​ជាង​ ៣០០​នាក់​។

ក្រៅពី​សាកល​វិទ្យា​ល័យ​ឥន្ទ្រ​វិជ្ជា នៅ​មាន​លោក​ ម៉ុង ឫទ្ធី អគ្គនាយ​ក​ក្រុម​ហ៊ុន ម៉ុង ឫទ្ធី​គ្រុប ទៅ​ចូល​រួមដាំ និង​ផ្តល់​ដើម​ឈើ​ចំនួន ៣ ២២០ ដើម សម្រាប់​ដាំឡើ​ងវិញ​ក្នុង​តំបន់​សួន​សត្វ​ភ្នំ​តាម៉ៅផង​ដែរ។ តាម​ហ្វេស​ប៊ុកលោក​ ម៉ុង ឫទ្ធី ដើមឈើ​ទាំង​នោះ​ត្រូវ បាន​យក​ទៅ​ដាំនៅ​ថ្ងៃទី ៨ ខែ​សីហា។ លោក ម៉ុង ឫទ្ធី​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា នឹង​បញ្ជូន​ដើម​ឈើ​ទៅ​បន្ថែម​ទៀត​ រហូត​ដាំដុះ​បាន​ពេញ​ដីដែល​បាន​ឈូស​ឆាយ​នោះ​។

លោក យ៉ង សាំង​កុមារ ប្រធាន​គណៈ​កម្មាធិការ​នាយក​គណ​បក្ស​ប្រជាធិប​តេយ្យមូល​ដ្ឋាន ក៏បាន​បំផុស​ឱ្យមាន​ការ​ចូលរួម​ដាំ​ដើម​ឈើ​នៅ​ឧទ្យាន​ធម្ម​ជាតិនិង​វប្បធម៌​ភ្នំតា​ម៉ៅផង​ដែរ​។ លោក​សរសេរ​លើហ្វេស​ប៊ុកនៅ​ថ្ងៃទី ១១ ខែ​សីហា​ថា នៅភ្នំពេ​ញ​និង​តំបន់​ជុំវិ​ញ​លែង​មាន​ព្រៃដែល​មាន​ទំហំ​រាប់​រយ​ហិកតា​ទៀត​ហើយ គឺនៅ​សល់​តែតំបន់​ភ្នំតាម៉ៅ​មួយ​ទេ។

លោក​បញ្ជាក់​ថា៖ «ការ​ពង្រីក​ទី​ក្រុង​ភ្នំពេ​ញ​​​ដោយ​ផ្សារភ្ជាប់​ជាមួយ​ការ​អភិរក្ស និង​អភិវឌ្ឍ​ព្រៃ​ឈើ​នៅ​​តំបន់ភ្នំ​តាម៉ៅ​ឱ្យក្លាយ​ជា​ឧទ្យាន​បៃតង​ ជា​យុទ្ធសាស្រ្តល្អ​បំផុត​សម្រាប់​សុខុ​មាល​ភាព​ប្រជា​ពលរដ្ឋ សម្រាប់​វិស័យ​ទេស​ចរណ៍ និង​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ។ យើង​រួមគ្នា​គាំទ្រ​ឱ្យ​មាន​ឧទ្យាន​ធម្ម​ជាតិ​និង​វប្បធម៌​ភ្នំតា​ម៉ៅ»។​

លោក​លើកឡើង​ថា នៅតំ​បន់​ជាយ​ក្រុង​នៅប្រទេស​ជាច្រើន​គេចូល​ចិ​ត្តទុ​ក​ព្រៃឬ​រៀប​ចំជា​សួន​សាធារណ:​។ ឧទា​ហរណ៍​នៅផ្នែក​ខាង​លិច​ទីក្រុង​ប៊ែឡាំង​មាន​ឧទ្យាន​មួយ​ឈ្មោះថា​ Grunewald ដែលមា​នទំហំ ៣ ០០០ ហិកតា សម្រាប់​ប្រជាព​លរដ្ឋ​និង​​ទេស​ចរ​ទៅ​លំហែ​កាយ​។ ចំណែក​នៅ​ទីក្រុង​ឡុង​ដ៍មាន​ឧទ្យាន​ធំមួយ​ឈ្មោះ Hyde Park ឯ​នៅបាងកក​​មាន​សួន Lumpini នៅ​ហាណូយ​មាន​សួន​ឡេនី​ន ។ល។

លោកគូស​បញ្ជាក់​ថា តំបន់​ជើង​ភ្នំ​តាម៉ៅ ដែល​ឈូស​ឆាយ​ហើយ គួរ​តែ​អភិវឌ្ឍ​ឱ្យក្លាយ​ជាឧទ្យាន​រុក្ខ​ជាតិ​ធំជាង​គេ (Botanical Garden) សម្រាប់​ផល​ប្រយោជន៍​សាធា​រណ:​ ដូ​ចជា​បរិស្ថា​ន ទេ​សចរ​ណ៍ សុ​ខភាព ​ការសិក្សាស្រា​វ​ជ្រាវ ​និង​​ការអ​ភិរក្ស​​ជីវចម្រុះ​ (រុក្ខជាតិ​និង​សត្វ) រាប់​ពាន់មុខ​៕