កំពង់ធំៈក្រុមអធិការកិច្ច នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​​រកការ​ពិត​ពាក់ព័ន្ធ​ ការស្លាប់​របស់​បុរស​ម្នាក់​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ល្បែង ឡូតូ និង​ល្បែង​ជល់​មាន់​ តាម​អន​ឡាញ​ កាលពី​ថ្ងៃទី​ ៧ សីហា ស្ថិតនៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក បារាយ​ណ៍។

លោកឧ​ត្ត​ម​សេនីយ៍​ អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី ១៤ សីហាថា ចំពោះ​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន ១២ រូប​ ដែលជា​អ្នក​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ល្បែង​ជល់​មាន់​ ល្បែង​ឡូតូ​តាម​អន​ឡាញ​នោះ​ក្រុមការងារ​ចំពោះ​កិច្ច​កំពុងតែ​សាកសួរ និង​ស្តាប់​ចម្លើយ​របស់ពួក​គាត់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ។ ដូច្នេះ​ជា​លទ្ធផល​មិនទាន់​អាច​សន្និដ្ឋានបាន​ថា​យ៉ាងម៉េច​នៅឡើយ​ទេ​ ដោយ​សារ​ការងារ​ស៊ើបអង្កេត​កំពុង​ធ្វើ​នៅឡើយ។

លោក​ថ្លែងថា៖ «​កា​ងារ​ស៊ើបអង្កេត​ជាការ​សម្ងាត់។ ដូច្នេះ​សូម​ខាង​សារព័ត៌មាន​រង់ចាំ​សិន​ ហើយ​សាធារណជន​ទាំងអស់​កុំអាល​ផ្តល់​មតិ​លឿន​ពេក​ សំខាន់​គឺ​រក​ការពិត។ ទី១ បុគ្គល​ដែល​មិនបាន​ចុះ​ស្រាវជ្រាវ​ទេ​ ហើយ​គ្រាន់តែ​ស្តាប់​តែមួយ​ចំហៀង​ ឬ​មើលឃើញ​ដោយ​ភ្នែក​មិនទាន់​ស្តាប់ឮ​ហើយ​អ្នកខ្លះ​គ្រាន់តែ​ស្តាប់ឮ​ និង​សន្និដ្ឋាន​ពីនេះ​ពី​នោះ​ទម្លាក់កំហុស​ទៅ​អ្នកនេះ​ ឬ​អ្នកនោះ​ ជេរ​អ្នកនេះ​អ្នកនោះ​ អាហ្នឹង​ជាការ​មិនល្អ​ទេ»។

លោក​បន្តទៀតថា៖ «ខ្ញុំ​យល់ថា​ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ មាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ ក៏ប៉ុន្តែ​ការបញ្ចេញមតិ​របស់​ពួកគាត់​ខ្លះ​ក៏​វា​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិ​យស​ ប៉ះពាល់​ដល់​អារម្មណ៍​ ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​ខាង​កងកម្លាំង​ដែរ​»។

បើតាម​លោក អេង ហ៊ី ការបង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នេះ ​គឺធ្វើឡើង​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នៃ​ការស្លាប់​បុរស​ម្នាក់ និង​ក្រោយពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ ​សុខា​ បាន​សម្រេច​ឱ្យបង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​បន្ទាន់​មួយ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​ ហើយ​ក្រុមការងារ​នេះ ​បាន​ចុះ​ដល់​ខេត្តកំពង់ធំ និង​បានធ្វើ​ការងារ​​នេះ​ជា​បន្តបន្ទាប់់​រហូតមក។

ក្រុមការងារ​បាន​ចុះទៅ​​ដល់​កន្លែងកើតហេតុ​ ដើម្បី​ពិនិត្យមើល​ទីតាំង​ផ្ទះ​លក់​កាហ្វេ និង​ប្រមូល​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​ដែលមាន​បើក​លេងល្បែង​អន​ឡាញ និង​ស្តាប់​ចម្លើយ​បុគ្គល​ដែល​ពាក់ព័ន្ធ​ក៏ដូចជា​សាក្សី។ បន្ទាប់ពី​នោះមក​ ក្រុមការងារ​ក៏បាន​ទៅ​ជួបនឹង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​ ដើម្បី​ពិភាក្សា​លើ​កិច្ចការងារ​នេះ និង​បន្ទាប់មក​ក្រុមការងារ​បាន​ចុះទៅ​ជួប​លោក​វេជ្ជបណ្ឌិត​សុខ មុន្នី​ឧ​ត្ត​ម​ នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​ដែល​លោក​ជា​អ្នកទទួល​ពិនិត្យ​សាកសព​បុរស​ម្នាក់​នោះ​ដោយផ្ទាល់ និង​ជួប​ជាមួយ​ប្រធាន​មន្ទីរពេទ្យ​ផង។

កញ្ញា ឌិន នារ​តី ជា​កូនបង្កើត​របស់​បុរសដែល​បាន​​ស្លាប់​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ សីហាថា ករណីនេះ​ត្រូវបាន​ក្រុមការងារ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ចុះមក​ស្រាវជ្រាវ និង​សម្ភាសន៍​ម្ចាស់ហាង​កាហ្វេ(ទីតាំង​កើតហេតុ) និង​អ្នក​ដែល​ទៅផ្ទះ​លក់​កាហ្វេ​ជាមួយ​ឪពុក​របស់​នាង​រួចរាល់​អស់ហើយ។ ប៉ុន្តែ​ពេលនោះ​ នាង​មិនបាន​ចូលរួម​ក្នុងការ​ផ្តល់​ព័ត៌មាន​អី​ឡើយ​ព្រោះថា​ មិន​ស្ថិតនៅក្នុង​ហេតុ​ការណ៍។

កញ្ញា​ប្រាប់ថា៖ «នៅផ្ទះ​ខ្ញុំ​ក៏​ខាង​ប៉េ​អ៊ឹម​មក​សួ​រដែ​រថា​ ឪពុក​ខ្ញុំ​ដែលមាន​ជំងឺ​ប្រចាំកាយ​អី​អត់​ ហើយ​ខ្ញុំ​ប្រាប់ថា​ ឪពុក​ខ្ញុំ​គាត់​មិន​ដែលមាន​ជំងឺ​អី​ទេ រហូត​ប៉េ​អ៊ឹម​គាត់​សួរ​អ្នកភូមិ​ទៀតផង​។ គាត់​ (ប៉េអឹម) ប្រាប់​ខ្ញុំ​ថា​​ នៅ​ថ្ងៃ​ចន្ទ (ថ្ងៃទី ១៥ សីហា) គេ​ឱ្យដឹង​លទ្ធផល»៕

វីដេអូ៖