
ជនពិការទទួលដៃ និងជើងសិប្បនិមិ្មតនៅខេត្តព្រះវិហារពីខែមិថុនា។ រូប ក្រសួងព័ត៌មាន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាសម្រេច កែប្រែ និងដំឡើងបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនទៅក្នុង ៤ កម្រិត ហើយក្នុងនោះក៏ឧបត្ថម្ភអ្នកបម្រើរបស់ជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី ១ ផងដែរ។
យោងតាមអនុក្រឹត្យលេខ ១៦២ អនក្រ.បក កាលពីថ្ងៃទី ១១ ខែសីហា ដែលចុះហត្ថលេខា ដោយលោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបញ្ជាក់ថា របបសន្តិសុខសង្គមប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនត្រូវបានកែប្រែ និងដំឡើង មាន ៤ កម្រិតសំខាន់ៗ។ កម្រិត ១ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នទាបជាង ឬ ស្មើ ៦៧ ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៦៩ ម៉ឺនរៀលក្នុង ១ ខែ។ កម្រិត ២ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ក្នុងចន្លោះចាប់ពី ៦៧០ ០០១ រៀល ដល់ត្រឹម ៨០ ម៉ឺនរៀលត្រូវផ្តល់ជូនបន្ថែមចំនួន ២ ម៉ឺនរៀលក្នុង ១ ខែ។
កម្រិត ៣ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១ រៀល ដល់ ៨១ ម៉ឺនរៀល ត្រូវបន្ថែម ២ ម៉ឺនរៀលក្នុង ១ ខែ។ កម្រិត ៤ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ៨១០ ០០១ រៀល ឡើងទៅត្រូវផ្តល់ជូនបន្ថែមចំនួន ១ ម៉ឺនរៀលក្នុង ១ ខែ។ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ។
មាត្រា ២ នៃអនុក្រឹត្យនេះបន្តថា ចំពោះជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី ១ ដែលបានធ្វើសមាហរណកម្មមុនឆ្នាំ ២០១៥ ត្រូវបានបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង ១ នាក់ ២០ ម៉ឺនរៀលក្នុង ១ ខែ។ ដោយឡែក មាត្រា ៣ នៃអនុក្រឹត្យនេះបន្ថែមថា របបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនប្រចាំខែ និងអ្នកបម្រើរបស់ជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី ១ ដែលបានកំណត់ក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវបានអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២២។
ការកែប្រែរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនត្រូវធ្វើឡើងដោយអនុក្រឹត្យ បន្ទាប់ពីការពិគ្រោះយោបល់រវាងក្រសួង-សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែសីហាថា តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ រាជរដ្ឋាភិបាល មិនបោះបង់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលលោកមានគុណបំណាច់ចំពោះជាតិទេ ដោយក្នុងនោះ លោកនាយករដ្ឋមន្ត្រីចង់ឱ្យអ្នកចាស់ និងអ្នកថ្មីមានរបបសោធនមួយស្មើគ្នា។
លោកបន្តថា ជារៀងរាល់ឆ្នាំតែងតែមានការដំឡើងប្រាក់សោធនជូនដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ប៉ុន្តែក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលមិនបានដំឡើងទេ ទើបតែពេលនេះរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យឡើងជូនពួកគាត់។
លោកថ្លែងថា៖ «ការបន្ថែមនេះផ្អែកលើសមធម៌ អ្នកដែលតិច ឡើងច្រើន ហើយអ្នកដែលច្រើនឡើងតិច ដើម្បីធ្វើយ៉ាងណាឱ្យប្រាក់សោធនរបស់គាត់មានរបបមួយប្រហាក់ប្រហែលគ្នា មិនអាចឱ្យមានគម្លាតគ្នាឆ្ងាយពេកដែលនាំឱ្យមិនមានការសប្បាយចិត្តពីអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនរបស់យើង»។
បើតាម លោក ឈួរ សុបញ្ញា ថវិកាទាំងអស់ដែលត្រូវចំណាយ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នៅពេលនេះ ជាថវិការបស់រដ្ឋ មិនមែនជាថវិកាបដិភាគពីសាមីជនទេ។ ក្រៅពីនេះ ពួកគាត់ក៏នៅមានរបបកូន និងប្រពន្ធថែមទៀតផងដែរ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសាទរចំពោះការបន្ថែមប្រាក់សោធនដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ លោកស្រី ចាត់ទុកនេះជាការគិតគូរយ៉ាងត្រឹមត្រូវពីរាជរដ្ឋាភិបាល ព្រោះបើមើលស្ថានភាពជាក់ស្តែង ពួកគាត់មិនទទួលបានការឧបត្ថម្ភច្រើនទេ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមានការសប្បាយចិត្ត និងអបអរសាទរចំពោះបងប្អូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ទោះបីរាជរដ្ឋាភិបាលបានសម្រេចផ្តល់ប៉ុន្មានក៏ដោយ»៕