
ព្រឹត្តិការណ៍ប្រណាំងកង់អាស៊ាន-អឺរ៉ុប នៅហ្សាការតាពីថ្ងៃ ១៣ សីហា។ រូបថត សហការី
ភ្នំពេញៈ អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំអាស៊ាន លោក Igor Driesmans បានប្រកាសបើកព្រឹត្តិការណ៍ប្រណាំងកង់ (Bike45Ride) ជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែសីហា នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី ខណៈអាស៊ាន និងសហភាពអឺរ៉ុបប្រារព្ធខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។
ព្រឹត្តិការណ៍ Bike45Ride គឺជាការប្រកួតជិះកង់ជានិមិត្តរូបដែលរៀបចំឡើងចាប់ពីថ្ងៃទី ១៣ ខែសីហា ដល់ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ សម្រាប់ពលរដ្ឋអាស៊ាន និងសហភាពអឺរ៉ុបទាំងអស់ដែលរស់នៅក្នុងរដ្ឋសមាជិកអាស៊ានទាំង ១០។ អ្នកចូលរួមអាចជាបុគ្គល ឬជាក្រុមដែលមានអ្នកចូលរួមប្រកួតរហូតដល់ ៥ នាក់ ដោយជិះកង់ចម្ងាយ ៤៥ គីឡូម៉ែត្រ។
ក្នុងពេលបើកព្រឹត្តិការណ៍នេះ តំណាងអាស៊ាន គណៈប្រតិភូសហភាពអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុប បានជិះកង់ជានិមិត្តរូបចេញពីលេខាធិការដ្ឋានអាស៊ានឆ្ពោះទៅបរិវេណគណៈប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងហ្សាការតា។
លោក Dato Lim Jock Hoi ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះថា សកម្មភាពប្រណាំងកង់នេះមិនត្រឹមតែដើរតួជាវេទិកាដែលអាចទុកចិត្តបាន ដើម្បីបង្កើតការយល់ដឹងជាសាធារណៈអំពីការងាររបស់អាស៊ាន-សហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទម្រង់នៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ក្នុងការលើកទឹកចិត្តមនុស្សបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរនូវការដឹកជញ្ជូនប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់សហភាពអឺរ៉ុប និងអាស៊ាន ពីថ្ងៃទី ១៣ ខែសីហា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងចំណោមប្រជាជនអាស៊ានជាង ៦៥០ លាននាក់ មានជិត ៣០០ លាននាក់ រស់នៅក្នុងទីក្រុង។ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ តំបន់ទីក្រុងរបស់អាស៊ានត្រូវបានគេរំពឹងថា នឹងអាចមានមនុស្សជាង ១០០ លាននាក់ទៀតមករស់នៅ។
ដោយមានការគាំទ្រថវិកាចំនួន ៥,២ លានដុល្លារអាមេរិកពីសហភាពអឺរ៉ុបសម្រាប់ឆ្នាំ ២០២១-២០២៤ កម្មវិធីទីក្រុងបៃតងឆ្លាតវៃអាស៊ាន (SGAC) នឹងជួយរដ្ឋសមាជិកអាស៊ានក្នុងការស្វែងរកដំណោះស្រាយបៃតង និងឆ្លាតវៃចំពោះអត្រានគរូបនីយកម្មខ្ពស់តាមរយៈឌីជីថលនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យា។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់សម្ដីលោក Igor Driesmans ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះថា កំណើនបៃតង និងបរិស្ថានគឺជាវិស័យយុទ្ធសាស្ត្រសំខាន់សម្រាប់ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអាស៊ាន។ ព្រឹត្តិការណ៍ប្រណាំងកង់នេះមិនត្រឹមតែជាការប្រារព្ធខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងភាគីទាំង ២ ទេ ថែមទាំងជាការប្តេជ្ញាចិត្តរវាងភាគីទាំង ២ ក្នុងការបន្តធ្វើការជាមួយគ្នាឆ្ពោះទៅរកអនាគតកាន់តែមានភាពបៃតង។
លោកបានថ្លែងថា៖ «ក្នុងរយៈពេល ៤៥ ឆ្នាំ នៃភាពជាដៃគូរវាងតំបន់ទាំង ២ របស់យើង យើងបានធ្វើការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់យើង និងដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ពលរដ្ឋអាស៊ាន និងសហភាពអឺរ៉ុប។ ការប្រណាំងកង់នេះមានបំណងលើកទឹកចិត្តពលរដ្ឋអាស៊ាន និងសហភាពអឺរ៉ុបទាំងអស់ក្នុងតំបន់ឱ្យចូលរួមក្នុងការធ្វើឱ្យអនាគតរបស់យើងកាន់តែមានភាពបៃតង»។
លោក Igor Driesmans បានថ្លែងក្នុងសន្និសីទកាសែតពីថ្ងៃទី ១៣ ខែសីហាថា៖ «យើងបានក្លាយជាដៃគូកាន់តែរឹងមាំប្រកបដោយនិរន្តរភាព និងបានរួមគ្នាបង្កើតកម្មវិធីដ៏សំខាន់ ដើម្បីការពារជីវចម្រុះនៅទូទាំងតំបន់ ដើម្បីគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវតំបន់ដីសើម»។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់សម្តីលោក Fakri Karim ប្រធានស្តីទីនៃកម្មវិធីទីក្រុងបៃតងឆ្លាតវៃអាស៊ានថា ទីក្រុង គឺជាប្រភពដ៏សំខាន់នៃឧស្ម័នផ្ទះកញ្ចក់ ហើយការវិភាគអំពីស្ថានភាពបរិយាកាសក្នុងតំបន់អាស៊ានបង្ហាញថា កម្រិតនៃការបំពុលខ្យល់កំពុងកើនឡើង ដែលវិស័យថាមពល និងការដឹកជញ្ជូនទទួលខុសត្រូវចំពោះការបំភាយកាបូនឌីអុកស៊ីតដ៏ធំបំផុត។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាថ្លែងថា វាជាគំនិតផ្តួចផ្តើមដ៏ល្អមួយក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងរបៀបវារៈបៃតង ពីព្រោះពិភពលោកសព្វថ្ងៃនេះកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនរួមមាន ការឡើងកម្ដៅផែនដី ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។
លោកថា៖ «កិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរួមគ្នាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះហើយវាក៏ដល់ពេលផងដែរក្នុងការធ្វើការរួមគ្នាឱ្យបានកាន់តែខ្លាំងឡើងថែមទៀតសម្រាប់មនុស្សជាតិ និងភពផែនដី»៕