
អ្នកដំណើរធ្វើដំណើរកាត់ភ្លៀងនៅបាក់ខែង នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រហូតដល់ចុងសប្ដាហ៍នេះ ក្នុងកម្រិតពីតិចទៅច្រើនដែលអាចនឹងបង្កឱ្យមានជំនន់ទឹកភ្លៀងកើតឡើងសាជាថ្មី នៅតាមបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅទីទំនាបជាប់មាត់ទឹក ជាពិសេសខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
យោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ បានឱ្យដឹងថា ជ្រលងសម្ពាធទាបឥណ្ឌានឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ អាកាសធាតុបែបនេះនឹងធ្វើឱ្យប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ។
ក្រសួងបានគូសបញ្ជាក់ថា «ស្ថិតក្នុងស្ថានភាពបែបនេះអាចធ្វើឱ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមកទទួលបាននូវបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើនរួចមកហើយនោះ អាចនឹងកើតមានជំនន់ទឹកភ្លៀងសាជាថ្មីម្ដងទៀត ជាពិសេសខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ»។
បើតាមក្រសួងធនធានទឹក អាជ្ញាធរពាក់ព័ន្ធ និងសាធារណជននៅក្នុងបណ្ដាខេត្តទាំង ៨ នោះ គប្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ ខណៈកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ បានជន់ឡើងនៅគ្រប់ស្ថានីយជលសាស្ត្រទាំងអស់។ ក្នុងនោះ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ស្ទឹងត្រែង គិតត្រឹមថ្ងៃទី ១៤ ខែសីហា កម្ពស់ទឹកបានហក់ឡើងដល់កម្រិត ៩,៣៩ ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នគឺ ១០,៧០ ម៉ែត្រ រីឯនៅក្រចេះ ទឹកមានកម្ពស់ ១៩,៧៥ ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នគឺ ២២ ម៉ែត្រ ... និងនៅខេត្តកំពង់ចាមទឹកមានកម្ពស់ ១៣,០៤ ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសអាសន្ន គឺ ១៥,២០ ម៉ែត្រ។
ថ្វីបើយ៉ាងដូច្នេះក្ដី ជំនន់ទឹកភ្លៀង និងទឹកទន្លេស្រែពកក្នុងខេត្តរតនគិរីបានស្រកចុះទៅរកស្ថានភាពប្រក្រតីវិញហើយ ចំណែកប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយគ្រោះទឹកជំនន់កាលពីយប់ថ្ងៃទី ១០ និង ព្រឹកថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២២ នោះ បាននាំគ្នាវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញអស់ហើយដែរ។ នេះបើតាមការប្រាប់ឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន។
លោក នូ ថេរ អភិបាលស្រុកលំផាត់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១៤ ខែសីហាថា នៅពេលនេះ កម្ពស់ទឹកទន្លេស្រែពក បានស្រកមកនៅក្នុងកម្រិត ៧ ម៉ែត្រប៉ុណ្ណោះ ហើយទឹកដែលបានជន់លិចផ្លូវ និងដីស្រែ ចម្ការប្រជាពលរដ្ឋក៏បានស្រកចុះទៅវិញអស់ដែរ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ទឹកជំនន់ និងជំនន់ទឹកភ្លៀងក្នុងរយៈពេលចុងក្រោយនេះបានប៉ះពាល់ដល់ខេត្តចំនួន ១៦ នៅទូទាំងប្រទេស និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន ២ ៧០៨ គ្រួសារ និងខូចខាតស្រូវប្រមាណជាង ១ ម៉ឺនហិកតា៕
វីដេអូ៖