
អ្នករាយការណ៍ពិសេស UN លោក Vitit Muntarbhorn។ រូបថត អ្នករាយការណ៍ពិសេស
ភ្នំពេញៈ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) លោក Vitit Muntarbhorn មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ ២៦ ខែសីហា ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
តាមការផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ១៤ ខែសីហា ឱ្យដឹងថា លោក Vitit Muntarbhorn នឹងធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានបរិយាកាសអំណោយផល សម្រាប់ការទទួលបានសិទ្ធិមនុស្ស រួមទាំង សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។
លោក Vitit ថ្លែងថា៖ «ខ្ញុំទន្ទឹងរង់ចាំជួបជាមួយភាគីពាក់ព័ន្ធជាច្រើនរួមទាំងតំណាងរាជរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដោយផ្ទាល់នៅពេលនេះ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាល។ លោកក៏នឹងជួបជាមួយមន្ត្រីរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ។
ជាមួយគ្នានេះ លោក Vitit នឹងបង្ហាញការអង្កេតបឋមរបស់លោកក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៦ ខែសីហា វេលាម៉ោង ១៤:០០ ម៉ោងនៅប្រទេសកម្ពុជា។ លោកក៏នឹងបង្ហាញរបាយការណ៍បន្ទាប់នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងអំឡុងខែតុលា ឆ្នាំ ២០២២។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ សីហាថា សមាគមលោក និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សនឹងជួបជាមួយលោក Vitit Muntarbhorn ដើម្បីរាយការណ៍ពីបញ្ហាស្ថានភាពវិវឌ្ឍន៍ចុងក្រោយនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបរិយាកាសនយោបាយជាដើម។
លោកបន្តថា ការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា គឺការព្រួយបារម្ភមួយយ៉ាងខ្លាំងនៅមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ហើយករណីនេះក៏នឹងត្រូវបង្ហាញជូនលោក Vitit ផងដែរ។
លោកថ្លែងថា៖ «សិទ្ធិដែលជាមូលដ្ឋានគ្រឹះនៃដំណើរការប្រជាធិបតេយ្យ មានដូចជាសិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំរបស់សមាគម គឺជារឿងមួយសំខាន់ដែលយើងត្រូវយកទៅពិភាក្សាគ្នាដែរ និងដើម្បីលើកជាព័ត៌មានជូនអ្នករាយការណ៍ពិសេសដែរ»។
លោក កត្តា អ៊ន សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងនៅថ្ងៃទី ១៤ សីហាថា តាមកាលវិភាគនៅរៀងរាល់ខែកញ្ញា អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ដូច្នេះ នៅមុនខែកញ្ញា អ្នករាយការណ៍ពិសេសរបស់ UN តែងតែធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសដែលខ្លួនទទួលបន្ទុក។ តាមកាលវិភាគគណៈកម្មការសិទ្ធិមនុស្សកម្ពុជានឹងជួបពិភាក្សាជាមួយ លោក Vitit Muntarbhorn នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ ដើម្បីពិភាក្សាគ្នាអំពីវឌ្ឍនភាពពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗ ដែលលោក Vitit ចង់ដឹង។
លោកថ្លែងថា៖ «ជាទូទៅ នៅរៀងរាល់ឆ្នាំ នៅពេលដែលយើងជួប យើងតែងតែលើកពីវឌ្ឍនភាពសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល យន្តការសិទ្ធិមនុស្សនៃការធ្វើរបាយការណ៍តាមសន្ធិសញ្ញាអង្គការសហប្រជាជាតិពាក់ព័ន្ធសិទ្ធិមនុស្សដែលកម្ពុជាជាសមាជិក និងបញ្ហាមួយចំនួនទៀត ដែលលោកចង់បាននៅក្នុងអំឡុងពេលនេះ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ សីហាថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺជាអ្នកជំនាញការឯករាជ្យ ដោយមានការសិក្សា និងស្រាវជ្រាវ ហើយការចេញរបាយការណ៍ គឺជាទស្សនៈផ្ទាល់ខ្លួន មិនតំណាងឱ្យអង្គការសហប្រជាជាតិទេ។ ទោះជាយ៉ាងណា របាយការណ៍ដែលអ្នករាយការណ៍ពិសេសរូបនេះចេញមកយ៉ាងណានោះ គឺកម្ពុជាគ្មានសិទ្ធិបង្ខំទេ។
លោកបានថ្លែងថា៖ «ក្នុងជំនួបនាពេលកន្លងមក ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ គាត់នឹងធ្វើរបាយការណ៍មួយដាក់ជូនទៅអង្គការសហប្រជាជាតិ ហើយរបាយការណ៍នោះ គឺមានការបង្ហាញទស្សនៈយល់ឃើញ ការសង្កេតឃើញ និងការស្រាវជ្រាវរបស់គាត់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយក៏គាត់នឹងផ្តល់អនុសាសន៍មួយចំនួនផងដែរ»។
បើតាម លោក ជិន ម៉ាលីន កម្ពុជា រីករាយនឹងធ្វើការបំភ្លឺរាល់ចម្ងល់ និងបន្ថែមលើបញ្ហាណាមួយ ដែលអ្នករាយការណ៍ពិសេសរូបនេះចង់ដឹងក្នុងការយកទៅផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មាន ឬរបាយការណ៍ដែលទទួលបានពីក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយដែលមាននិន្នាការប្រឆាំង។ ចំពោះអនុសាសន៍ផ្សេងៗរបស់អ្នករាយការណ៍ពិសេសនេះ កម្ពុជានឹងពិចារណាលើចំណុចណា ដែលអាចយកមកអនុវត្ត និងមិនអាចអនុវត្ត បើអនុសាសន៍នោះខុសពីស្ថានភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់របស់កម្ពុជា៕