The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុទ្ធនាការ​អន្ទាក់សូន្យ​ ដើម្បី​ឱ្យ​បញ្ឈប់​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព

យុទ្ធនាការ​អន្ទាក់សូន្យ​ ដើម្បី​ឱ្យ​បញ្ឈប់​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព

Content image - Phnom Penh Post
លោក នេត្រ ភក្ត្រា​, តារាចម្រៀង មាស សុខសោភា និង​មន្ត្រី​ជាច្រើន​រូប​ទៀត​នៅក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​សុក្រ​។ រូប រ៉ាស់ហ៊ីម

យុទ្ធនាការ​អន្ទាក់សូន្យ​ ដើម្បី​ឱ្យ​បញ្ឈប់​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព

កំពង់ធំៈ យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​ធ្វើឡើង​នៅ​ខេត្ត​កំពង់ធំ​ទទួល​បាន​ប្រជាប្រិយភាព ដោយ​មាន​ការចូលរួម​ពី​សំណាក់​សិល្បករ អង្គការ​ដៃគូ និង​ពលរដ្ឋ​យ៉ាងច្រើន​កុះករ​លើសពី​ការ​រំពឹងទុក ខណៈ​ក្រសួង​បរិស្ថាន​នឹងធ្វើ​យុទ្ធនាការ​ស្រដៀង​គ្នា​នេះ​នៅតាម​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំក្រវាញ​បន្តទៀត​។

យុទ្ធនាការ​អន្ទាក់សូន្យ ត្រូវ​​បានប្រកាស​ចាប់ផ្តើម​ដំណើរការ​នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ១២ ខែ​សីហា​ដែលមាន​អ្នក​ចូលរួម​រាប់រយ​នាក់​ក្នុងនោះ​មាន​សិស្សានុសិស្ស សិល្បករ អង្គការ​ដៃគូ អាជ្ញាធរខេត្ត និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​បាន​ដើរ​ក្បួន​នៅ​ជុំវិញ​ផ្សារ​កំពង់ធំ ដោយ​មាន​សរសេរ​ពាក្យ​ស្លោក ចង​បដា​នៅតាម​ដើមឈើ​ស្តីពី​ការបញ្ឈប់​ការដាក់​អន្ទាក់​។ កំពង់ធំ​​ គឺជា​ខេត្ត​ទី​៥ ​ហើយ​ដែល​ត្រូវ​បាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​យុទ្ធនាការ​នេះ​ បន្ទាប់ពី​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ហើយនឹង​បន្តទៅ​ខេត្តរតនគិរី​ក្នុង​ខែកញ្ញា​។ គិត​ត្រឹម​រយៈពេល​ជាង​ ៥ ​ខែ​មកនេះ មាន​ភោជនីយដ្ឋាន​ចំនួន​ ៤៧​ បាន​ប្រកាស​ពហិការ​មិន​លក់​សាច់​សត្វព្រៃ ដោយ​ក្នុង​នោះ​ភោជនីយដ្ឋាន​ខេត្ត​មណ្ឌលគិរី ៣២ ក្រចេះ ៥ ព្រះវិហារ ៥ និង​កំពង់ធំ​ចំនួន​ ៥​។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា គោលបំណង​សំខាន់​នៃ​យុទ្ធនាការ​អន្ទាក់សូន្យ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​សត្វព្រៃ​នៅ​តំបន់​ការពារ​ធម្មជាតិ​មាន​សុវត្ថិភាព​ និង​ចៀស​ផុតពី​បញ្ហា​គំរាមកំហែង​ដោយសារ​អន្ទាក់​។ បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​នេះ ក្រសួង​នឹង​ធ្វើការ​វាយតម្លៃ​អំពី​លទ្ធផល​ដែល​ទទួល​បាន ថា​តើ​យុទ្ធនាការ​រយៈពេល ៦ ​ខែ​នេះ​បាន​ផ្តល់​ផល​អ្វីខ្លះ​។ ជាការ​កត់សម្គាល់​រយៈពេល​ ៥ ​ខែ ដែល​បាន​អនុវត្ត​កន្លង​ទៅ​ទទួលបាន​ចំណុច​វិជ្ជមាន​ជាច្រើន​ដែល​ចេញ​ពី​លទ្ធផល​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ ជាពិសេស គឺ​ការយល់ដឹង​ពី​សាធារណជន​អំពី​ផលប៉ះពាល់​នៃ​អន្ទាក់ ការចូលរួម​ក្នុង​ការកាត់បន្ថយ​ពី​ការហូប​សាច់សត្វ​ព្រៃ ហើយ​ប្រជាពលរដ្ឋ​បានដឹង​ពី​សារៈប្រយោជន៍​នៃ​ជីវចម្រុះ​។

លោក​ថា​៖ «​អ៊ីចឹង​លទ្ធផល​រួម​ដែល​យើង​ធ្វើ​ហើយ យើង​ពិនិត្យ​មើល​ថែមទៀត ការវាយតម្លៃ​បែប​វិជ្ជាសាស្ត្រ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ការរៀបចំ​ផែនការ​បន្ទាប់​»​។ ក្រៅពី​ ៦​ ខេត្ត​នេះ ក្រសួង​បរិស្ថាន​ក៏​នឹង​ចាប់​ដៃគូ​ជាមួយ​អង្គការ​ដៃគូ​ផ្សេងទៀត គឺ​នៅ​ទិស​ភ្នំក្រវាញ នៅក្នុង​ខេត្ត​កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ខេត្ត​មាន​តំបន់​ការពារ​ធម្មជាតិ​ធំ ហើយ​ក៏​ជា​ទីតាំង​ដែលមាន​ការដាក់​អន្ទាក់ ជាពិសេស​ពី​ជួរ​ភ្នំក្រវាញ​ចាប់ពី​ខេត្តកោះកុង​មក​។

លោក​ថា​៖ «​យើង​កំពុង​ធ្វើការ​ងារ​សម្រប​សម្រួល​ជាមួយ​អង្គការ​ដៃគូ យើង​នឹង​ជួប​ជាមួយ​អង្គការ​ដៃគូ​ទាំងនោះ ដើម្បី​រៀបចំ​ទម្រង់​ដូចគ្នា​ទៅនឹង​យុទ្ធនាការ​អន្ទាក់​សូន្យ ហើយ​យុទ្ធនាការ​នេះ​យើង​នឹង​ធ្វើជា​លក្ខណៈ​ភ្លៀងរលឹម ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ផ្ញើ​សារ​ជា​បន្តបន្ទាប់​ជូន​ទៅ​ដល់​សាធារណជន​អំពី​ចំណុច​​នេះ​រហូត​ដល់​យុទ្ធនាការ​បាន​ជោគជ័យ​»​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​លោក តុប កក្កដា មាន​ប្រសាសន៍​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​ក្រោម​ប្រធានបទ “​អន្ទាក់​សូន្យ​” ដែលជា​ប្រធានបទ​ដ៏រសើប និង​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ជាពិសេស​សត្វព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​។

លោក​បន្តថា សត្វព្រៃ​កំពុង​រង​ការគំរាម​កំហែង ដោយសារ​ដាក់​អន្ទាក់ និង​កត្តា​ខ្វះ​ចំណេះដឹង ទោះបី​មន្ត្រី​ឧទ្យានុរក្ស​ខិតខំ​ប្រឹងប្រែង​ចុះ​ល្បាត​ទាំង​ថ្ងៃ យប់​ក៏ដោយ​ ខណៈ​លោក​ប្តេជ្ញា​ទប់ស្កាត់ ការដាក់​អន្ទាក់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​នៅតែ​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព គ្រប់គ្រង ការពារ អភិរក្ស​ធនធាន​ធម្មជាតិ រួមទាំង​សត្វព្រៃ នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ទាំង​ ៦​ កន្លែង ក្នុង​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គភាព និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​»​។

មន្ត្រី​ឧទ្យានុរក្ស​នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ លោក សេង សុគន្ធ ដែល​ចូល​បម្រើ​ការងារ​នេះ​រយៈពេល​ ៤ ​ឆ្នាំ​មកហើយ​បាន​ថ្លែងថា លោក​ពេញចិត្ត​ជាមួយ​ការងារ​នេះ និង​បាន​ចូលរួម​ដើរល្បាត​ទាំងយប់ ទាំង​ថ្ងៃ ក្រោម​មេឃ​ភ្លៀងរលឹម ដើម្បី​ទប់ស្កាត់​ការដាក់​អន្ទាក់​នេះ​។ លោក​ថា​៖ «​ចុះ​ល្បាត​ ១ ​ក្រុមៗ​មាន​គ្នា​ ១០ ​នាក់ ពេលខ្លះ​ឃើញ​ព្រានព្រៃ​យើង​ដេញ ពេលខ្លះ​មិនឃើញ ប៉ុន្តែ​យើង​ឃើញ​អន្ទាក់​ក៏​ដោះចេញ ជនខិលខូច​ពេល​ឃើញ​យើង​មាន​គ្នាច្រើន​ក៏​មិនសូវ​ហ៊ាន​ចូល​ដែរ​»​។

តារាចម្រៀង​ដ៏មាន​ប្រជាប្រិយភាព​អ្នកនាង មាស សុខសោភា បាន​ថ្លែងថា ទាក់ទង​កិច្ចការពារ​ធនធាន​ធម្មជាតិ​នេះ អ្នកនាង​បាន​បង្កើត Meas​ Soksophea Heart Foundation កាលពី​ឆ្នាំ ២០១០ ដើម្បី​ជួយ​លើ​ការអភិរក្ស​។ អ្នកនាង សប្បាយចិត្ត​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ ហើយនឹង​ខិតខំ​បន្តទៀត​ទៅ​តាម​សកម្មភាព​ដូចជា ការផលិត MV និង​បង្កើតជា​មាតិកា​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។ អ្នកនាង​ថា​៖ «​ព្រោះ​វា​ជា​ការស្រឡាញ់​ហើយ​ខ្ញុំ​ចង់ឱ្យ​ហ្វេនៗ បងប្អូន​ខ្មែរ​ដាក់​ចិត្ត​ស្រឡាញ់​ធម្មជាតិ សត្វព្រៃ ប្តូរ​ឥរិយាបថ​មក​ធ្វើ​រឿង​ដែល​ល្អៗ​ជួយ​ដល់​សង្គមជាតិ​»​។

តំណាង​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ FFI លោក ចន្ថា ណាសាក់ ថ្លែងថា FFI ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ និង​គាំទ្រ​នូវ​យុទ្ធនាការ​នេះ​។ លោក​ថា​៖ «​អន្ទាក់​ខុសច្បាប់​គ្រប់​ប្រភេទ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សត្វព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រឈម​ដល់​មនុស្ស​ដែល​ចុះទៅ​ប្រមូល​អនុផល​ព្រៃឈើ និង​បម្រើ​វិស័យ​ទេសចរណ៍​។ អ៊ីចឹង​អន្ទាក់​ពិតជា​បង្កើន​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ ហើយ​តាមរយៈ​យុទ្ធនាការ​នេះ​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនេះ​»​។

លោក ឡូន ឈួង អ្នក​សម្រប​សម្រួល​សហគមន៍​ទេសចរណ៍​ប្រាសាទ​សម្បូរ​ព្រៃគុក​ថ្លែងថា ជា​ការពិត​យុទ្ធនាការ​អន្ទាក់សូន្យ​នេះ​ពិតជា​បានរួម​ចំណែក​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការបរបាញ់​សត្វព្រៃ​ដោយ​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​សហគមន៍​ប្តូរ​មក​ប្រកបរបរ​ត្រឹមត្រូវ​។

លោក​ថា​៖ «​ពីមុន​ពលរដ្ឋ​ដើរចូល​ព្រៃ​បរបាញ់​សត្វ មានដូចជា ជ្រូកព្រៃ ពង្រូល ឈ្លូស ប៉ុន្តែ​តាំងពី​យើង​ចងក្រង​ជា​សហគមន៍​មក​គាត់​មិន​ប្រព្រឹត្ត​សកម្មភាព​នេះ​ទៀត​នោះទេ ណាមួយ​ក្រសួង និង​អង្គការ​បាន​ជួយ​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​ដូចជា ការផ្តល់​ចំណេះដឹង ជំនួយ​បច្ចេកទេស និង​ផ្តល់​ពូជ​សត្វ​ ដើម្បី​ចិញ្ចឹម​»៕

អត្ថបទគួរចាប់អារម្មណ៍