
កញ្ញា ភឿន ពេជ្រចរណៃ ក្នុងពេលកំពុងបរិច្ចាគឈាមក្នុងថ្ងៃខួបកំណើតថ្មីៗនេះ ។ រូបថត សហការី
ភ្នំពេញៈ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ ថ្មីៗកន្លងទៅនេះគឺជាថ្ងៃកំណើតរបស់ កញ្ញា ភឿន ពេជ្រចរណៃ គម្រប់ខួប ៣១ ឆ្នាំ។ ចរណៃ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនទៀត ដែលយកថ្ងៃកំណើតរបស់ខ្លួនទៅចូលរួមបរិចាគឈាមដោយស្ម័គ្រចិត្ត។
«ដោយសារនៅក្នុងថ្ងៃកំណើតខ្ញុំហ្នឹងអ្នកម្តាយខ្ញុំអស់ឈាមច្រើន ហើយមើលទៅលើអ្នកម្តាយខ្លះទៀតគាត់ត្រូវការឈាមបញ្ចូនច្រើនក្នុងថ្ងៃសម្រាលកូន។ អ៊ីចឹងថ្ងៃកំណើតដែលយើងកើតមកលើផែនដីនេះ យើងគួរតែធ្វើការបរិចាគឈាម ដើម្បីជួយសង្គ្រោះអ្នកម្តាយនិងក្មេងៗខ្លះដែលគាត់ត្រូវការឈាម»។ នេះជាការលើកឡើងរបស់ ចរណៃ ។
ការបរិច្ឆាគឈាមជារៀងរាល់ថ្ងៃជួយសង្គ្រោះជីវិតរបស់មនុស្សជាច្រើននៅទូទាំងពិភពលោក ហើយការបរិច្ចាគឈាមជារឿងល្អសម្រាប់សុខភាពរបស់អ្នកបរិច្ចាគ ព្រមទាំងអ្នកដែលត្រូវការឈាម។ ជាការសំខាន់ណាស់ដែលការបរិច្ចាគឈាមត្រូវធ្វើឡើងតែនៅក្នុងមន្ទីរពេទ្យ ឬគ្លីនិកឬធនាគារឈាមនិងមានវត្តមានរបស់អ្នកជំនាញវេជ្ជសាស្ត្រ ខណៈអ្នកបរិច្ចាគឈាមត្រូវធានាថា ពួកគេមានសុខភាពល្អ ដើម្បីចៀសវាងបញ្ហាសុខភាពណាមួយដល់អ្នកដែលត្រូវការឈាម។
ចំពោះការបរិចាគឈាមរបស់ ចរណៃ បានធ្វើឡើងនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ហើយវាមិនមែនជាលើកទី១ នោះទេ ដែល ចរណៃ បានចំណាយពេលធ្វើដំណើរពីលំនៅរបស់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ ចម្ងាយជាង ១០០ គីឡូម៉ែត្រទៅខេត្តសៀមរាប ដើម្បីបរិចាគឈាម។
ចរណៃ និយាយថា៖ «ខ្ញុំនៅបន្ទាយមានជ័យទេ តែពេលខ្ញុំទៅបរិចាគឈាមហ្នឹង ខ្ញុំទៅសៀមរាប បរិចាគនៅមន្ទីរពេទ្យកុមារអង្គរ ដោយសារនៅទីនោះ មានក្មេងដែលត្រូវការឈាមច្រើន ហើយជាកន្លែងដែលមានតម្រូវការឈាមច្រើន។ ការចំណាយទៅបរិចាគឈាមនេះ ខ្ញុំមិនខ្វល់ទេ ព្រោះជាទឹកចិត្តរបស់ខ្ញុំ»។
ជំនួសឱ្យការជួបជុំផឹកស៊ីសប្បាយ ដែលគេតែងធ្វើនៅថ្ងៃខួបកំណើត ចរណៃ ចង់ចំណាយពេលនេះផ្តល់ឈាម ហើយចរណៃមានមហិច្ឆតាចង់ធ្វើមិនត្រឹមតែក្នុងថ្ងៃពិសេសរបស់ខ្លួននោះទេ គឺកញ្ញាចង់ធ្វើការបរិចាគឈាមនេះឱ្យបាន ៣ ដង ក្នុង ១ ឆ្នាំ ប្រសិនបើក្រុមគ្រូពេទ្យអនុញ្ញាត។
ចរណៃ បានថ្លែងថា៖ «អ្នកខ្លះថ្ងៃខួបកំណើតរបស់គាត់អ៊ីចឹង គាត់យកពេលទៅផឹកស៊ី ឬដើរលេង។ ខ្ញុំគិតថា ពេលវេលានេះ គួរតែសាងនូវបុណ្យកុសលមួយក្នុងការជួយសង្គ្រោះមនុស្សឬកុមារណាដែលគាត់ត្រូវការឈាម។ការផ្តល់ឈាមល្អ ព្រោះឈាមយើងផលិតរាល់ថ្ងៃ ដែលវាមិនប៉ះពាល់អ្វីដល់ខុសភាពយើងនោះទេ»។
ខណៈកំពុងអង្គុយនៅកន្លែងធ្វើការ ចរណៃ រៀបរាប់ពីអារម្មណ៍នៅពេលផ្តល់ឈាមជាលើកដំបូងថា៖ «ដំបូងឃើញម្ជុលបូមឈាមហ្នឹងធំជាងម្ជុលចាក់ថ្នាំទូទៅ វាស្រៀវ តែវាមិនឈឺទេ។ ខ្ញុំនៅតែអាចធ្វើទៅបាន។ ពេលបូមឈាម គឺក្រុមគ្រូពេទ្យ មានការលើកទឹកចិត្តច្រើន ហើយការបូមឈាមហ្នឹង គឺចំណាយពេលតែ ៧ ទី ៨ នាទីទេ។ វារួចរាល់ហើយ គ្រូពេទ្យឱ្យយើងសម្រាក ១ សម្ទុះ»។
កញ្ញាបន្តថា៖ «កន្លងមក ខ្ញុំមានអារម្មណ៍មួយខ្លាចម្ជុល តែនៅពេលបរិចាគឈាមលើកទី១ ទៅឃើញថា អត់មានបញ្ហាអ្វីដល់សុខភាពទេ គឺនៅតែអាចជិះម៉ូតូបានដដែល»។
ស្រដៀងគ្នានេះដែរ អ្នកនាង ស៊ីម សុជាតា ដែលតែងតែយកពេលវេលាសំខាន់ៗរបស់ខ្លួន ទៅចូលរួមបរិចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម រាជធានីភ្នំពេញ បាននិយាយដែរថា អ្នកនាងមានអារម្មណ៍ល្អ នៅពេលបានចូលរួមបរិចាគឈាមដោយស្ម័គ្រចិត្ត។
អ្នកនាងបន្តថា៖ «ខ្ញុំចាប់ផ្តើមផ្តល់ឈាមក្នុងថ្ងៃពិសេសតាំងពីឆ្នាំ ២០២០។ តាមពិតខ្ញុំឃើញមិត្តភក្តិ គាត់ផ្តល់ឈាមក្នុងថ្ងៃពិសេសរបស់គាត់។ខ្ញុំក៏ចូលរួមផ្តល់ឈាមដែរ ហើយចាប់តាំងពីហ្នឹងមក ខ្ញុំកំណត់យកថ្ងៃពិសេសរបស់ខ្ញុំ ធ្វើការផ្តល់ឈាមដែរ។ ខ្ញុំផ្តល់ឈាមដោយស្ម័គ្រចិត្តពេលខួបកំណើតខ្ញុំ»។
មិនត្រឹមតែចូលរួមផ្តល់ឈាមក្នុងថ្ងៃពិសេសៗនោះទេ សម្រាប់អ្នកនាង សុជាតា ហាក់ដូចជាញៀននឹងការផ្តល់ឈាមនេះអ៊ីចឹង។ អ្នកនាង និយាយថា ឱ្យតែមានការស្នើណាមួយពីអ្នកត្រូវការឈាម អ្នកនាងមិនរារែក នឹងការផ្តល់ឈាមជូនទៅកាន់អ្នកជំងឺនោះទេ។
អ្នកនាងនិយាយថា ៖«បើដល់រយៈពេលដែលខ្ញុំអាចផ្តល់ជូនបានឱ្យតែមានការស្នើសុំ ខ្ញុំនឹងផ្តល់ជូនភ្លាម ព្រោះ ១ ឆ្នាំ ខ្ញុំអាចផ្តល់ឈាមបាន៣ដង អាស្រ័យលើសុខភាពអំណយផល»។ អ្នកនាងបន្តថា៖ «ពេលយើងទៅបរិចាគឈាម នោះឈាមយើងនឹងយកទៅប្រើប្រាស់ក្នុងតម្រូវការជាក់ស្តែង។ នៅពេលដែលយើងទៅបរិចាគឈាម យើងដឹងថា ឈាមហ្នឹង នឹងត្រូវបានគេយកទៅប្រើដើម្បីជួយសង្គ្រោះអ្នកដែលគេត្រូវការឈាម ដើម្បីបន្តជីវិតរបស់គាត់ ដោយការវះកាត់។
អ៊ីចឹងការធ្វើរបស់យើងនេះ គឺជាការជួយសង្គ្រោះដល់ជីវិតដល់អ្នកដទៃ មិនថាអ្នកដែលយើងជួយនោះជាប្រុសឬស្រី ជាក្មេង ឬចាស់»។
ដោយមានបំណងទៅមជ្ឈមណ្ឌលផ្តល់ឈាមជាថ្មីទៀតនៅចុងខែសីហាក្រោយស្ថានភាពសុខភាពមិនអំណាយផលក្នុងការបរិចាគឈាមកាលពីខែកក្កដា អ្នកនាង សុជាតា បាននិយាយថា អ្នកនាងកំពុងថែរក្សាសុខភាពដើម្បីអាចផ្តល់ឈាមជាថ្មីទៅកាន់កុមារម្នាក់ ដែលកំពុងប្រកាសត្រូវការឈាមជាប្រចាំ។ ក្នុងនាមជាអ្នកធ្លាប់ផ្តល់ឈាមដោយស្ម័គ្រចិត្ត ១ រូប អ្នកនាង សុជាតា រំពឹងថា ពលរដ្ឋគ្រប់រូប អាចនឹងចូលរួមបរិចាគឈាមដោយស្ម័គ្រចិត្តនៅថ្ងៃពិសេសឬនៅថ្ងៃណាមួយ ដែលពួកគេអាចធ្វើទៅបាន។
និយាយពីការផ្តល់ឈាមនេះក្រឡេកមកនិយាយពីលោក កាន់ ណារ៉ុន ដែលជាអាណាព្យាបាលម្នាក់ក្នុងចំណោមអាណាព្យាបាលជាច្រើនដែលមានកូនកើតជំងឺខ្វះឈាមក្រហម ហើយជំងឺនេះ គឺត្រូវការបញ្ចូលឈាមជាទៀងទាត់។ ជាអាណាព្យាបាលដែលខំពុះពារស្វែងរកឈាម ដើម្បីបញ្ចូនកូនប្រុសតាំងពីកូនរបស់លោកមានអាយុ៩ខែរហូតដល់អាយុ ១៣ ឆ្នាំ លោក ណារ៉ុន និយាយថា ការស្វែងរកអ្នកបរិចាគឈាម គឺជារឿងពិបាក។
លោកបន្តថា ការបន្តជីវិតកូនឲ្យបានឃើញពន្លឺព្រះអាទិត្យរហូតមកទល់ពេលនេះ គឺបានគុណបុណ្យអ្នកបរិចាគឈាមដោយស្ម័គ្រចិត្តនេះហើយ។ លោករៀបរាប់ថា៖ «វាពិបាកសម្រាប់ពួកខ្ញុំ ដែលជាអ្នកត្រូវការឈាមញឹក។ វាមានផលពិបាកច្រើនក្នុងការដើររកឈាមបានសម្រាប់យើងធ្វើការដោះដូរជាមួយមន្ទីរពេទ្យដើម្បីឲ្យយើងបានបញ្ចូលឈាមឲ្យកូន»។
លោក ណារ៉ុន បានបន្ថែមទៀតថា៖ «នៅពេលយើងត្រូវការឈាម គ្មានអ្វីក្រៅពីលើកម្រាមដៃ ១០ សុំឈាមនោះទេ។ ទី១ គឺយើងមានតែសុំអ្នកដែលទៅបរិចាគដោយស្ម័គ្រចិត្ត គឺយើងសុំគាត់។ ទី២ នៅពេលមន្ទីរពេទ្យគាត់មានឈាមស្តុក គាត់អធ្យាស្រ័យឲ្យយើងគាត់ជួយដោះដូរជំនួសយើងសិនអ៊ីចឹង។ បន្ទាប់មកបានយើងរកអ្នកផ្តល់ជំនួសធ្វើការដោះដូរវិញ»។
ក្នុងការបញ្ចូលឈាមរបស់កូនប្រុស លោក ណារ៉ុន បាននិយាយថា រៀងរាល់ ២ ខែ ឬឆាប់ជាងនេះ អាស្រ័យទៅលើស្ថានភាពជំងឺ ខណៈកូនប្រុសរបស់លោកត្រូវការឈាម ១ ប្លោករាល់ពេលបញ្ចូលម្តងៗ។ បង្ហាញក្តីបារម្ភ លោក ណារ៉ុន បានបន្តទៀតថា ឆ្លងកាត់រយៈពេលជាង ១០ ឆ្នាំមកនេះ បញ្ហាកង្វះឈាមដែលមានស្រាប់នៅកន្លែងផ្តល់ឈាមគឺជាហានិភ័យ ដែលលោកតែងតែបារម្ភហើយក្តីបារម្ភនេះ វាតែងតែកើតឡើងនៅពេលកូនរបស់លោកត្រូវការឈាមម្តងៗ។
«ខ្ញុំសង្ឃឹមថា បើប្រជាពលរដ្ឋយើង គាត់យល់ដឹងពីការផ្តល់ឈាមបានច្រើន នឹងធ្វើឲ្យអ្នកដែលមានជំងឺ ដូចជាកូនប្រុសខ្ញុំ ដូចជា អ្នកកើតជំងឺមហារីកជាដើមអី ដែលត្រូវការឈាម គឺមានភាពងាយស្រួលនិងមានក្តីសង្ឃឹម»។ នេះជាការលើកឡើងរបស់លោក ណារ៉ុន។
នៅកម្ពុជាដោយសារតែការយល់ដឹងនៅមានកម្រិត ហើយការភ័យខ្លាចរបស់ប្រជាពលរដ្ឋខ្មែរនៅតែមាន បានធ្វើឲ្យការបរិចាគឈាមដោយស្ម័គ្រចិត្ត ហាក់នៅមានចំនួនតិចតួចនៅឡើយ។ នេះគឺជាការលើកឡើងរបស់លោកសុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍។
បើតាមលោក សុខ ប៉ូ ការបរិច្ចាគឈាមវាមានអត្ថប្រយោជន៍ច្រើនមុខ ព្រោះជាវិធីសម្រកទម្ងន់មួយដ៏មានប្រសិទ្ធភាពផងដែរ។ការបរិច្ចាគឈាមជាទៀងទាត់មានការទាក់ទងជាមួយនឹងការថយចុះហានិភ័យនៃការកើតមហារីក រួមមាន មហារីកថ្លើម សួត ពោះវៀនធំ ក្រពះ និងមហារីកបំពង់ក ខណៈឈាមដែលត្រូវបានបរិច្ចាគនឹងត្រូវយកទៅពិនិត្យពីកត្តាសុខភាពមួយចំនួនដើម្បីប្រាកដថាវាអាចប្រើសម្រាប់ការបរិច្ចាគបាន។
លោក សុខ ប៉ូ បានឲ្យដឹងថា៖ «តម្រូវការឈាមក្នុង ១ ថ្ងៃៗ ដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការ គឺចន្លោះ ២៥០ ប្លោក ទៅ ៣០០ ប្លោក។ ការបរិចាគឈាមដោយស្ម័គ្រចិត្តកាលពីមិនទាន់ផ្ទុះជំងឺកូវីដ ១៩ មានក្នុងរង្វង់ ១៧ ភាគរយ ហើយមានការថយចុះមកនៅ៧ភាគរយក្នុងពេលផ្ទុះកូវីដ ១៩។ យ៉ាងណាការបរិចាគឈាមហាក់មានសម្ទុះកើនបន្តិចឡើងវិញ នៅឆ្នាំ ២០២២ ដែលវាអាចនឹងកើនឡើងមកនៅក្នុងរង្វង់ ១៥ ភាគរយវិញ»។
ចំពោះការយកថ្ងៃពិសេសៗ មកចូលរួមបរិចាគឈាម លោក សុខ ប៉ូ មើលឃើញថា នៅមានអត្រាតិចតួចនៅឡើយ ប៉ុន្តែប្រជាពលរដ្ឋដែលប្រកាន់យកថ្ងៃទីវានៃក្តីស្រឡាញ់ ទីវានៃខួបអាពាហ៍ពិពាហ៍ និងខួបកំណើតរបស់ខ្លួន មកមជ្ឈមណ្ឌលផ្តល់ឈាម គឺពួកគាត់ មានការតាំងចិត្តខ្ពស់ និងបានបន្តសកម្មភាពនេះជាប្រចាំ។
មជ្ឈមណ្ឌលជាតិផ្តល់ឈាម គឺមានការទទួលផ្តល់ឈាមដោយស្ម័គ្រនិងការផ្តល់ឈាមជំនួស។ ការផ្តល់ឈាមជំនួស លោក សុខ ប៉ូ មើលឃើញថា មិនចោទជាបញ្ហាសម្រាប់មជ្ឈមណ្ឌលនោះទេ ព្រោះតែអ្នកជំងឺដែលត្រូវការឈាម
១ ប្លោក គឺត្រូវរកអ្នកបរិចាគដោយខ្លួនឯង ១ ប្លោកមកវិញ។
ចំណែកការបរិចាគឈាមដោយស្ម័គ្រចិត្តទើបចោទជាបញ្ហា។ លោក សុខ ប៉ូ លើកឡើងថា ឈាមដែលត្រូវផ្តល់ជូនអ្នកជំងឺដែលមិនអាចស្វែងរកអ្នកមកជំនួសបានគឺយើងត្រូវការឈាមពីអ្នកដែលបរិចាគដោយស្ម័គ្រចិត្តហើយក្នុង ១ ថ្ងៃៗ មានអ្នកបរិចាគឈាមដោយស្ម័គ្រចិត្តចន្លោះពី ៤ ទៅ ៥ នាក់ប៉ុណ្ណោះ។ លោក សុខ ប៉ូ និយាយថា អ្នកដែលចង់ធ្វើការបរិចាគឈាមគឺអាចធ្វើទៅបាននៅគ្រប់មន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស ខណៈមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានទទួលអ្នកផ្តល់ឈាមរៀងរាល់ថ្ងៃធ្វើការ។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមរូបនេះនិយាយថា៖ «យើងនឹងផ្សព្វផ្សាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចខិតខំប្រឹងប្រែងប្រមូលឈាមសម្រាប់ជួយសង្គ្រោះជីវិតបងប្អូនជនរួមជាតិនៅតាមមន្ទីរពេទ្យកុំឱ្យខ្វះខាត។ យើងសូមអំពាវនាវផងដែរ សុំបងប្អូនចូលរួមឲ្យបានកុះករ»៕