សៀមរាបៈ មន្ត្រីអាជ្ញាធរជាតិអប្សរាអះអាងថា មានប្រាសាទបុរាណតូចៗជាច្រើនក្នុងខេត្តសៀមរាប មិនទាន់ត្រូវបានភ្ញៀវទេសចរស្គាល់នៅឡើយទេ ហើយដើម្បីឱ្យភ្ញៀវទេសចរបានស្គាល់កាន់តែទូលំទូលាយអាជ្ញាធរជាតិអប្សរាកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបន្ថែមការផ្សព្វផ្សាយតាមរយៈក្រុមហ៊ុនទេសចរណ៍ជាដៃគូផងដែរ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ សីហាថា មានប្រាសាទតូចៗជាច្រើនទៀតក្នុងខេត្តសៀមរាប គឺភ្ញៀវទេសចរមិនសូវបានស្គាល់អស់នៅឡើយទេ។ ដើម្បីឱ្យភ្ញៀវទេសចរកាន់តែងាយស្រួលក្នុងការចូលទៅទស្សនាតំបន់ប្រាសាទតូចៗនោះ គឺអាជ្ញាធរជាតិអប្សរាបាននិងកំពុងតែកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជារៀបចំឱ្យមានទីកន្លែងចំណតរថយន្ត ការកែលម្អសម្រួលផ្លូវ ទៅកាន់ប្រាសាទតូចៗទាំងនោះ ជាដើម។
ទន្ទឹមនឹងនេះអាជ្ញាធរជាតិអប្សរាបានដាក់នូវគ្រឿងបរិក្ខារទេសចរណ៍មួយចំនួន ដើម្បីទ្រទ្រង់នៅតំបន់ប្រាសាទ ជាពិសេសទីតាំងប្រាសាទនៅពេលដែលមានភ្ញៀវទេសចរចូលទៅទស្សនាច្រើននឹងធ្វើឱ្យមានភាពចង្អៀតណែន។ដូច្នេះហើយត្រូវធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព ទាំងផ្លូវដើរ ទាំងការទស្សនានៅក្នុងប្រាសាទ។
លោកថ្លែងថា៖ «អ៊ីចឹងទេយើងត្រូវតែបំពេញកិច្ចការទាំងអស់នោះឱ្យបានរួចរាល់សិនមុននឹងឱ្យគាត់អញ្ជើញទៅទស្សនាបាន។ យើងខ្លួនឯងសិក្សាអំពីផ្លូវទស្សនាចរណ៍ថា តើនៅក្នុងប្រាសាទនោះគាត់អញ្ជើញទស្សនាពីកន្លែងណា ទៅកន្លែងណា គឺយើងត្រូវគិតអាហ្នឹងមួយជំហានមុន ព្រោះភ្ញៀវទេសចរគាត់ចាំតែទៅទេ»។
បើតាមលោក ឡុង កុសល ពីមុនៗមក ភ្ញៀវទេសចរមិនសូវស្គាល់ប្រាសាទតូចៗប៉ុន្មានទេ។ព្រោះបញ្ហាទី១ គឺបណ្តាលមកពីក្រុមហ៊ុនទេសចរណ៍ដែលគាត់រៀបចំកញ្ចប់ទេសចរតម្រង់ទៅតែគោលដៅទេសចរណ៍ធំៗ។ ដូច្នេះអាជ្ញាធរជាតិអប្សរាត្រូវតែធ្វើការជាមួយខាងក្រុមហ៊ុនទេសចរណ៍ ដែលជាអ្នករៀបចំកញ្ចប់ទស្សនាឱ្យបង្វែរភ្ញៀវទេសចរទៅមើលទីតាំងទេសចរណ៍កន្លែងផ្សេងទៀត ឬក៏អ្នកដើរទេសចរណ៍ឯករាជ្យដែលគាត់ដើរដោយខ្លួនឯងឱ្យគាត់បានដឹងនូវព័ត៌មានហ្នឹងឱ្យបានច្រើន គឺគាត់នឹងទៅទីនោះបានកាន់តែច្រើន។
លោកបន្តទៀតថា ដើម្បីជំរុញឱ្យភ្ញៀវទេសចរបានស្គាល់ បានដឹងពីប្រាសាទតូចៗទាំងនោះកាន់តែច្រើន គឺខាងអាជ្ញាធរជាតិអប្សរាកំពុងបន្តផ្សព្វផ្សាយដោយទំនាក់ទំនងជាមួយក្រុមហ៊ុនដែលគាត់ធ្វើប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈការដឹកនាំភ្ញៀវឬជូនភ្ញៀវជាដើម។ ម្យ៉ាងវិញទៀតអាជ្ញាធរជាតិអប្សរាខ្លួនឯងក៏ត្រូវផ្សព្វផ្សាយទៅតាមលទ្ធភាពដែលមានផងដែរ ក៏ប៉ុន្តែមិនអាចខានបានទេចំពោះស្ថាប័នពាក់ព័ន្ធជាពិសេសវិស័យឯកជនដែលជាអ្នកផ្សព្វផ្សាយទីផ្សារទេសចរណ៍។
ពាក់ព័ន្ធនឹងការជំរុញភ្ញៀវទេសចរឱ្យងាកទៅទស្សនាប្រាសាទតូចៗវិញនោះលោក ឡុង កុសល បានបញ្ជាក់ថា គឺអាជ្ញាធរជាតិអប្សរាមានគោលបំណងសំខាន់មួយចំនួនគឺទី១ ចង់ពន្យារឱ្យមានពេលទស្សនារបស់ភ្ញៀវទេសចរ ព្រោះតំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាបមានច្រើន។ ទី២ អាជ្ញាធរជាតិអប្សរាចង់ឱ្យភ្ញៀវទេសចរបានទៅដល់គ្រប់ទីកន្លែងផ្សេងៗទៀត ដែលមិនសំដៅលើតែតំបន់ទេសចរណ៍ធំៗទេ គឺអាជ្ញាធរជាតិអប្សរាមានបំណងឱ្យភ្ញៀវទេសចរបង្វែរទៅមើលប្រាសាទផ្សេងៗទៀត។
យ៉ាងណាក្ដី លោក កុសល មិនអាចបញ្ជាក់បានទេថា ប្រាសាទតូចៗនៅក្នុងខេត្តសៀមរាបសរុបមានចំនួនប៉ុន្មាននោះទេ ដោយលោកគ្រាន់តែដឹងថា នៅមានច្រើនទៀត៕