
ម្ចាស់រថយន្តចង្កូតស្តាំ មកចុះបញ្ជីរថយន្ត និងបង់ពន្ធ កាលពីខែកក្កដា ២០២២។ រូបថត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមយុទ្ធនាការបង្ក្រាបរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង ដែលគ្មាន ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ បន្ទាប់ពីផុតឱសានវាទអនុគ្រោះ ត្រឹមថ្ងៃទី ៣១ ខែកក្កដា ដែលក្នុងនោះ គិតរយៈពេល ៥ ថ្ងៃ ក្នុងខែសីហា បង្ក្រាបបានរថយន្តជិត ៣០ គ្រឿង។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២ កម្លាំងគយសហការជាមួយកងរាជអាវុធហត្ថ បានឃាត់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ២៧ គ្រឿង ក្នុងនោះរថយន្តចង្កូតឆ្វេង ១១ គ្រឿង និងរថយន្តចង្កូតស្តាំ ១៦ គ្រឿង។
លោក គាម ចាន់កុសល អ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គយបានទុកពេលឱ្យរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងស្រុក មកចុះបញ្ជីត្រឹមថ្ងៃទី ៣១ ខែកក្កដា តែប៉ុណ្ណោះ បន្ទាប់ពីនេះ គឺជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង។
លោកបញ្ជាក់ថា៖ «ពី ១ ថ្ងៃ ទៅ ១ ថ្ងៃ កម្លាំងគយបានចេញប្រតិបត្តិការរឹបអូសរថយន្តគ្មានពន្ធស្រាប់ ក្នុងស្រុកមានការកើនឡើងរហូត ព្រោះយើងទុកពេលឱ្យយូរហើយ ដើម្បីជំរុញឱ្យគាត់មកចុះបញ្ជី និងត្រៀមមកបង់ពន្ធនៅពេលក្រោយ ប៉ុន្តែហួសឱសានវាទ យើងមានតែអនុវត្តច្បាប់បង្ក្រាបតែម្តង»។
នាយកប្រតិបត្តិ នៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា៖«ការបំពេញកាតព្វកិច្ចទៅលើពន្ធគយដែលរដ្ឋាភិបាលកំពុងរឹតបន្តឹងនាពេលនេះ គឺជា វិធានការថ្មី ១ ដ៏ល្អ ដែលរួមចំណែកដល់ចំណូលជាតិ និងជាការចង់បានរបស់ពលរដ្ឋគ្រប់រូប»។
អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ផា អេងវ៉េង ធ្លាប់បានឱ្យដឹងថា តាមរបាយការណ៍ទទួលបានគិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ដែលជាថ្ងៃផុតកំណត់ការចុះបញ្ជីរថយន្ត គឺមានម្ចាស់រថយន្តចង្កូតស្តាំជាង ៩ ៨០០ គ្រឿង ក្នុងនោះម្ចាស់បំពេញកាតព្វកិច្ចពន្ធបានជាង ៣ ពាន់គ្រឿង នៅសល់ ៦ ពាន់គ្រឿងទៀត។ លោកបន្តថា រដ្ឋាភិបាលបានកំណត់ត្រឹមថ្ងៃទី ៣១ កក្កដា ឱ្យម្ចាស់រថយន្តមកចុះបញ្ជីរថយន្តសិន ហើយទុកពេលវេលាបង់ពន្ធរហូតដល់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២។
លោកឱ្យដឹងថា ការអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្តាំមកចុះបញ្ជីនេះ ដើម្បីធ្វើអត្តសញ្ញាណថា ជារថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក ហើយបើសិនជាក្រោយពីថ្ងៃទី ៣១ ខែកក្កដា ទោះបីជាគាត់មកប្រកាស ក៏ត្រូវចាត់ទុកថា ជាការនាំចូលថ្មី និងចាត់ទុក ជារថយន្តខុសច្បាប់។
លោកបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២២ តទៅ គ្រប់អង្គភាពគយ និងរដ្ឋាករ ត្រូវប្រមូលផ្ដុំ និងប្រើប្រាស់កម្លាំងសមស្រប ដើម្បីអនុវត្តយុទ្ធនាការបង្ក្រាបឱ្យបានសកម្ម និងម៉ឹងម៉ាត់លើរថយន្តគ្មានពន្ធគ្រប់ប្រភេទ នៅគ្រប់មុខសញ្ញា ដូចជា ទីសាធារណៈ ការដ្ឋាន និងអាជីវកម្មដ្ឋានជាដើម»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំចូលបំពេញកាតព្វកិច្ចពន្ធអាករ គឺទទួលបាន ៧៦ លានដុល្លារ៕