
រថយន្តគិលានសង្គ្រោះឯកជនចេញដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ។ ហុង មិនា
ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី ១៥ ខែសីហា បានចេញលិខិតព្រមានដល់ម្ចាស់គ្លីនិកឯកជនទាំងអស់ ដែលនៅបន្តប្រើប្រាស់រថយន្តគិលានសង្គ្រោះផ្ទាល់ខ្លួនទៅដឹកអ្នករងរបួសឬសាកសព ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវយកទៅព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន បើទោះបីក្រសួងសុខាភិបាលបានណែនាំ និងហាមប្រាមជាច្រើនលើកច្រើនសារមកហើយក៏ដោយ។
លិខិតដដែលនេះបានឱ្យដឹងថា៖ «ករណីនេះជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្ត គិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើ ចរាចរណ៍នៅតាមដងផ្លូវ»។
ក្នុងលិខិតនោះបានឱ្យដឹងថា រយៈកាលកន្លងមកក្រសួងសុខាភិបាលបានធ្វើសារាចរណែនាំជាច្រើនលើក ច្រើនសារួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឱ្យគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។ បច្ចុប្បន្ននេះ ក្រសួងនៅតែសង្កេតឃើញមានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំឡើយ ដោយនៅតែបន្តធ្វើសកម្មភាពដែលត្រូវបានហាមឃាត់នេះ។
ក្រសួងសុខាភិបាលក៏បានចេញលិខិតដោយឡែក១ទៀត ព្រមានផាកពិន័យ និងណែនាំចំពោះម្ចាស់មន្ទីរពហុព្យាបាលម្លិះដង្កោ មានទីតាំងស្ថិតនៅផ្ទះលេខ១៨៣ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យបញ្ឈប់សកម្មភាព យករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
លិខិតគូសបញ្ជាក់ថា ក្រសួងនឹងមាន វិធានការបិទមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ បើនៅតែមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងលិខិតនេះបានឱ្យដឹងថា៖ «រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានសង្កេតឃើញថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាលម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់»។
បុគ្គលិក មន្ទីរពហុព្យាបាល ម្លិះដង្កោ ដែលបានលើកទូរស័ព្ទ ភ្នំពេញ ប៉ុស្តិ៍ ដោយមិនប្រាប់ឈ្មោះបានអះអាងថា គ្លីនិកបានបង់ប្រាក់ផាកពិន័យរួចរាល់ហើយ និងសម្រេចគោរពតាមការណែនាំរបស់ក្រសួង ដោយមិនបញ្ជូនរថយន្តគិលានសង្គ្រោះទៅដឹកអ្នករបួសតាមផ្លូវទៀតទេ។
បុគ្គលិកនេះថ្លែងថា៖ «ខ្ញុំមានតែធ្វើតាមការណែនាំរបស់ក្រសួង ប៉ុន្តែបើមានគ្លីនិកឯកជនផ្សេងទៀតគេធ្វើសកម្មភាពនោះខ្ញុំនឹងប្តឹងវិញដែរ ព្រោះមិនមែនបិទតែខ្ញុំមួយទេគឺសំដៅលើគ្លីនិកទាំងអស់ ហើយសម្រាប់គ្លីនីកខ្ញុំ ខាងជំនាញបច្ចេកទេសរបស់ក្រសួងសុខាភិបាលមកសួរនាំរួចហើយរកឃើញកំហុសតែ១គត់គឺចេញទៅយកអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ»។
ក្រសួងក៏បានណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួនចេញទៅ ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។
កាលពីឆ្នាំ ២០០៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះរថយន្តគិលានសង្គ្រោះឯកជនដោយលោកបានលើកឡើងថា៖«រថយន្តទាំងនោះមិនបានជួយ ប្រជាជនទេតែធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនទៅវិញ។ ពេលខ្លះរថយន្តគិលានសង្គ្រោះបានដណ្ដើមគ្នាយកអ្នកជំងឺដូចជាដណ្តើមទំនិញហើយដាក់អ្នករងរបួសសង្កត់លើគ្នានិងយកទៅទម្លាក់ចោលនៅតាមគ្លីនិកឯកជន»៕
វីដេអូ៖